Skip to content

យានអវកាស​ចិន ចុះចត​ដោយ​​ជោគ​ជ័យ​ជា​ប្រវត្តិសាស្ត្រ លើ​ពិភព​ព្រះ​អង្គារ

យាន​ស្រាវជ្រាវ Tianwen-1 របស់​ប្រទេស​ចិន នា​ថ្ងៃទី15 ខែ​ឧសា​នេះ បានទទួល​ជោគជ័យ​ក្នុងការ​ចុះចត​លើដី​ភព​អង្គារ ដែល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ក៏​អស្ចារ្យ​មួយទៀត ក្នុង​បេសកកម្ម​គ្រប់គ្រង​អវកាស​របស់​ប្រទេស​នេះ។

យោងតាម​ទំព័រ RT (រុស្ស៊ី) យាន Tianwen-1 របស់​ទីភ្នាក់ងារ​អវកាស​ជាតិចិន (CNSA) ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ ពី​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Wenchang កាលពី​ថ្ងៃទី23 ខែកក្កដា ឆ្នាំ2020 និង​បាន​គោចរ​ជុំវិញ​ភព​ព្រះ​អង្គារ ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021។ នេះ​គឺជា​បេសកកម្ម​ទី​ពីរ​របស់​ចិន ក្នុងការ​ឡើងទៅ​គោចរ​ជុំវិញ​ភព​អង្គារ បន្ទាប់ពី​បេសកកម្ម​ដំបូង​កាលពី​ឆ្នាំ2021 របស់​យាន​ស្រាវជ្រាវ Yinghuo-1។

របាយការណ៍​ដែល​មិនទាន់​ត្រូវបាន​បញ្ជាក់ និង​ត្រូវបាន​ដកស្រង់​ពី​ប្រភពព័ត៌មាន CNSA នៅលើ​បណ្ដាញ​សង្គម Sina Weibo បានឱ្យដឹងថា នៅ​ថ្ងៃទី15 ខែឧសភា យាន Tianwen បាន​ចុះចត​លើដី​ភព​អង្គារ​ដោយ​ជោគជ័យ។

នៅ​ព្រឹក​ថ្ងៃទី15 ខែឧសភា​នេះ CNSA ឱ្យដឹងថា៖ «យាន​ស្រាវជ្រាវ Tianwen-1 បាន​ដំណើរ​ការធម្មតា ចាប់ពី​ពេល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃទី23 ខែកក្កដា ឆ្នាំ2020»។

CNSA បញ្ជាក់ថា យាន​នេះ បាន​ចុះចត​លើ​តំបន់ Utopia ដែលជា​តំបន់​បាតខ្ទះ ត្រូវបានគេទទួលស្គាល់​ថា មាន​ទំហំ​ធំ​បំផុត​នៅលើ​ភព​អង្គារ ដោយមាន​អង្កត់ផ្ចិត​ប្រមាណ 3,300គីឡូម៉ែត្រ។

យោងតាម​ទំព័រ The Verge បានឱ្យដឹងថា តាម​ផែនការ ចិន​នឹង​បញ្ជូន​យាន​រ៉ូ​បូត​មួយគ្រឿង ឱ្យធ្វើ​ការ​នៅលើ​ដី​ភព​អង្គារ ដែល​នេះ​នឹង​ជួយ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​ពីរ​ដែលមាន​យាន​ចុះចត និង​ដំណើរការ​កិច្ចការ​ស្រាវជ្រាវ​នៅលើ​ភព​នេះ បន្ទាប់ពី​សហរដ្ឋអាមេរិក (បាន​ហោះហើរ ទៅកាន់​ភព​អង្គារ 8លើក​មកហើយ)។

សូម​រំលឹកថា ចិន បាន​បាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក Tianwen-1 ពី​កោះ Hainan ភាគខាងត្បូង​ប្រទេស កាលពី​ខែកក្កដា ឆ្នាំ2020 ដើម្បី​នាំយក​យាន​ស្រាវជ្រាវ​ចុះចត​លើ​ភព​អង្គារ ក្នុង​បំណង​ប្រមូល​ទិន្នន័យ​ស្ដីពី​ប្រភពទឹក​ក្នុង​ដី និង​ស្វែងរក​សញ្ញាណ​ដែល​អាច​បញ្ជាក់​អំពី​ជីវិត កាលពី​អតីតកាល​នៅ​ទីនោះ។

ក្រោយ​ការធ្វើដំណើរ​ជិត 7ខែ យាន Tianwen-1 ក៏បាន​គោចរ​ជុំវិញ​ភព​ក្រហម​នេះ ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ហើយ​ក្រោយមក​ក៏បាន​បញ្ជូន​រូបភាព​យ៉ាងច្បាស់​ជាច្រើន មកកាន់​ផែនដី៕

ប្រភព៖ AFP, RT
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *