បាតុករជនជាតិប៉ាលេស្ទីន យ៉ាងតិចចំនួន 4នាក់ ត្រូវបានទាហានអ៊ីស្រាអែល បាញ់សម្លាប់នាថ្ងៃនេះ ខណៈដែលការប៉ះទង្គិចជាច្រើនផ្សេងទៀត បានបណ្ដាលឱ្យមានអ្នករងរបួសចំនួន 150នាក់។
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឱ្យដឹងថា ខ្លួនបានបាញ់ប្រហារទៅលើ «មេដឹកនាំសំខាន់» នៅក្នុងបាតុកម្មហិង្សាមួយនាថ្ងៃទី14 ខែឧសភា នៅ Yaabad ដែលជាភូមិមួយស្ថិតនៅក្បែរទីក្រុង Jenin ភាគខាងជើងតំបន់ West Bank។
ក្នុងថ្ងៃដដែល IDF ក៏បានប្រកាសថា ខ្លួន «បានរារាំង» ជនម្នាក់ ដែលព្យាយាមចាក់សម្លាប់ទាហានម្នាក់របស់អ៊ីស្រាអែល នៅបន្ទាយមួយក្នុងតំបន់ Ofra ភាគខាងជើងទីក្រុង Ramallah។
ចំណែកក្រសួងសុខាភិបាលប៉ាលេស្ទីនវិញ បានឱ្យដឹងថា បុរសពីរនាក់ ត្រូវបានទាហានអ៊ីស្រាអែល បាញ់សម្លាប់ នៅក្បែរទីក្រុង Jennin ខណៈពីរនាក់ទៀតរងរបួស នៅពេលក្រុមទាហានអ៊ីស្រាអែល ផ្ទុះអាវុធដើម្បីទប់ទល់នឹងបាតុករហិង្សា នៅភាគខាងជើងតំបន់ West Bank ហើយក្រោយមកក៏បានបាត់បង់ជីវិត។
ការប៉ះទង្គិចគ្នាដូចខាងលើ បាន និងកំពុងកើតឡើងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី10 ខែឧសភា ខណៈដែលការវាយប្រហារនៅតំបន់ហ្គាហ្សា កាន់តែធ្ងន់ធ្ងរឡើងៗ ដោយមានការបាញ់រ៉ុក្កែតទៅលើទឹកដីអ៊ីស្រាអែល ពីសំណាក់ក្រុម ហាម៉ាស និងការវាយប្រហារសងសឹកតាមផ្លូវអាកាសពីសំណាក់កងទ័ពអ៊ីស្រាអែល។
ស្ថាប័នសុខាភិបាលនៅតំបន់ហ្គាហ្សា បានប្រកាសថា ជនជាតិប៉ាលេស្ទីន 109នាក់ បានស្លាប់ ក្នុងនោះមានទាំងកុមារចំនួន 28នាក់ និងស្ត្រីចំនួន 15នាក់ ខណៈដែលមនុស្សចំនួន 621នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារតាមអាកាស និងកាំភ្លើងត្បាល់ តម្រង់គោលដៅជាង 600 ក្នុងតំបន់នេះ។ ក្រុមហាម៉ាស និងក្រុមមួយចំនួនដែលស្ថិតក្នុងចលនាអ៊ីស្លាម Jihad បានបញ្ជាក់ថា ទាហានចំនួន 20នាក់របស់ពួកគេបានស្លាប់ ប៉ុន្តែ អ៊ីស្រាអែលថា មានច្រើនជាងនេះ។
IDF បានឱ្យដឹងថា កងជីវពលហាម៉ាស របស់ប្រទេសប៉ាលេស្ទីន បានបាញ់រ៉ុក្កែតជាង 1,800គ្រាប់ ចូលទឹកដីអ៊ីស្រាអែល រាប់ចាប់ពីដើមសប្ដាហ៍នេះ។ ប្រព័ន្ធខែលការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានបាញ់កម្ទេចរ៉ុក្កែតភាគច្រើនរបស់ក្រុមនេះ ប៉ុន្តែ នៅតែមានច្រើនគ្រាប់បានទម្លុះប្រព័ន្ធនេះ បណ្ដាលឱ្យជនជាតិអ៊ីស្រាអែល យ៉ាងតិច 7នាក់បានបាត់បង់ជីវិត។
មូលហេតុនៃការប៉ះទង្គិចនេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយការចូលទៅកាន់តំបន់ទីក្រុងបុរាណ យេរូសាឡឹម ក្នុងរដូវបុណ្យ Ramadan និងគំរាមបណ្ដេញជនជាតិប៉ាលេស្ទីនចំនួន 4គ្រួសារ ដែលកំពុងរស់នៅភាគខាងត្បូងនៃតំបន់ យេរូសាឡឹម ដើម្បីទុកកន្លែងឱ្យជនជាតិជ្វីហ្វ។
បញ្ហាខាងលើ បាននាំឱ្យប្រជាជនប៉ាលេស្ទីន ធ្វើបាតុកម្មប្រឆាំងតវ៉ា ហើយក៏មានការប៉ះទង្គិចជាមួយប៉ូលិសអ៊ីស្រាអែល អស់ជាច្រើនថ្ងៃ នៅខាងក្រៅវិហារ Al-Aqsa នៅតំបន់ យេរូសាឡឹមខាងត្បូង ដែលជាកន្លែងពិសិដ្ឋរបស់សាសនិកអ៊ីស្លាម បណ្ដាលឱ្យមនុស្សរាប់រយនាក់ត្រូវរងរបួស។ តុលាការ អ៊ីស្រាអែល បានផ្អាកការជំនុំជម្រះលើការបណ្ដេញចេញខាងលើ ប៉ុន្តែ នៅតែមិនអាចកាត់បន្ថយភាពតានតឹងបាន៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា