Skip to content

ហា​ម៉ាស បាញ់​រ៉ុក្កែត 1,500គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល! គ្រាប់​ខ្លះ​បាន​ធ្លាក់​ក្បែរ​រោងចក្រ​នុយ​ក្លេ​អែរ

កងជីវពល​អ៊ីស្លាម ហា​ម៉ាស (Hamas) បាន​ផ្លោង​រ៉ុក្កែត រាប់ពាន់​គ្រាប់ ទៅលើ​ទីក្រុង និង​ទីរួមស្រុក​ជាច្រើន​របស់​ប្រទេស​អ៊ីស្រាអែល ក្នុងនោះ មាន​គ្រាប់​រ៉ុក្កែត​ខ្លះ បាន​ធ្លាក់​ក្បែរ​តំបន់​រោងចក្រ​នុយ​ក្លេ​អែរ Dimona ផងដែរ។

កងពលតូច Al-Qassam របស់ ហា​ម៉ាស នៅ​ប៉ា​លេ​ស្ទី​ន កាលពី​ថ្ងៃទី12 ឧសភា បានប្រកាសថា ពួកគេ​បាន​បាញ់​រ៉ុក្កែត 15គ្រាប់ ពី​តំបន់ ហ្គា​ហ្សា តម្រង់​ទៅកាន់​ទីរួមស្រុក Dimona ភាគ​ខាងលិច​ប្រទេស​អ៊ីស្រាអែល ក្បែរ​រោងចក្រ​នុយ​ក្លេ​អែរ Shimon Peres Negev របស់​ប្រទេស​នេះ។ រ៉ុក្កែត 50គ្រាប់​ផ្សេងទៀត ក៏ត្រូវ​បាន​បាញ់​សំដៅ​ទីក្រុង Ashdod របស់​អ៊ីស្រាអែល​ផងដែរ។

សាក្សី​មួយចំនួន​បាន​និយាយថា ពួកគេ​បានឮ​សំឡេង​ផ្ទុះ​ជាច្រើនលើក នៅលើ​អាកាស នៅពេល​គ្រាប់​រ៉ុក្កែត​មួយចំនួន ត្រូវបាន​ប្រព័ន្ធ​ខែល​ដែក Iron Dome របស់​អ៊ីស្រាអែល បាញ់​ស្កាត់។ ពុំទាន់​មាន​របាយការណ៍​អំពី​ការ​ខូច​ខាត​នៅក្នុង​ការវាយប្រហារ​រ​បស់​ក្រុម​ហា​ម៉ាស​នេះ​នៅឡើយ។

កងកម្លាំង​ការពារជាតិ​របស់​អ៊ីស្រាអែល (IDF) បញ្ជាក់ថា «រ៉ុក្កែត ជាច្រើន​គ្រាប់ ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា» បាន​ហោះចូល​ក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​នេះ កាលពី​ថ្ងៃទី12 ខែឧសភា ក្នុងនោះ​មាន 1,050គ្រាប់ បាន​ហោះចូល​ទឹកដី​អ៊ីស្រាអែល និង​ប្រហែល 350គ្រាប់​ជួប​បញ្ហា​បច្ចេកទេស បន្ទាប់ពី​ត្រូវបាន​បាញ់។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ គ្រាប់​រ៉ុក្កែត របស់​ក្រុម ហា​ម៉ាស បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ចំនួន 7នាក់ ក្នុងនោះ​មាន​កុមារ​អាយុ 6ឆ្នាំ​ម្នាក់ និង​ទាហាន​ម្នាក់​ផងដែរ។

ជាការ​សងសឹក IDF ក៏បាន​បើក​ការ​វាយ​ការ​ប្រហារ​ជាច្រើនលើក តម្រង់​គោលដៅ ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ីស្រាអែល Benny Gantz ប្រកាសថា IDF នឹង​បន្ត​វាយប្រហារ​តាមផ្លូវ​អាកាស ទៅលើ​គោលដៅ​របស់ ហា​ម៉ាស នៅ ហ្គា​ហ្សា រហូតដល់ «ស្ថានការណ៍​ស្ងប់ស្ងាត់​ទាំងស្រុង»។

https://www.youtube.com/watch?v=I599cDoIjmY

 

ក្រសួងសុខាភិបាល​ប៉ា​លេ​ស្ទី​ន ឱ្យដឹងថា ពលរដ្ឋ​ប្រទេស​នេះ​ចំនួន 53នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ​ចំនួន 14នាក់​ផងដែរ ខណៈដែល 320នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុង​ការវាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា នា​សប្ដាហ៍​នេះ។

មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

ប្រភព៖ RT, Times of Israel
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *