ក្រុមជីវពល ហាម៉ាស (Hamas) ដែលជាក្រុមប្រយុទ្ធ និងជាតិនិយម កាន់សាសនាអ៊ីស្លាម និកាយស៊ុននី នៃប្រទេសប៉ាលេស្ទីន បានទទួលស្គាល់ថា មេបញ្ជាការជាន់ខ្ពស់មួយចំនួនរបស់ខ្លួន បានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ក្នុងនោះមានទាំងមេបញ្ជាកងទ័ពប្រចាំទីក្រុងហ្គាហ្សា (Gaza) ផងដែរ។
អង្គភាពសន្តិសុខ Shin Bet របស់អ៊ីស្រាអែល កាលពីម្សិលមិញ (12ឧសភា) បានឱ្យដឹងថា មេបញ្ជាការកងពលតូច ប្រចាំទីក្រុងហ្គាហ្សា Bassem Issa ស្ថិតក្នុងចំណោមសមាជិកជាន់ខ្ពស់ 4រូប របស់កងជីវពលអ៊ីស្លាម ហាម៉ាស ដែលត្រូវបានសម្លាប់។ នាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសថា៖ «នេះគ្រាន់តែជាជំហានដំបូង។ យើងនឹងវាយប្រហារពួកគេរហូតដល់ថ្នាក់ ពួកគេមិនអាចនឹកស្មានដល់»។
ហាម៉ាស បានទទួលស្គាល់អំពីការស្លាប់របស់មេបញ្ជាការកងពលតូចខាងលើ និង «ក្រុមមេទ័ព រួមនឹងទាហានជាច្រើនរូបទៀត»។ «មេបញ្ជាការ និងទាហានរាប់រយនាក់ នឹងបន្តវេនរបស់ពួកគេ» សេចក្ដីប្រកាសរបស់ក្រុម ហាម៉ាស មានឃ្លាសរសេរដូច្នេះ។
យោងតាម Shin Bet ក្រៅពី Issa ពួកគេក៏បានសម្លាប់ Jumaa Tahle ជាអ្នកទទួលខុសត្រូវលើការកែលម្អលើប្រព័ន្ធកំណត់ទិសរបស់មីស៊ីល, Jamal Zibde ប្រធានអង្គភាពស្រាវជ្រាវ និងគ្រាប់រំសេវ រួមនឹង Hazem Hatib ជាប្រធានក្រុមវិស្វករ។
បន្ទាប់ពីការប្រកាសរបស់ Shin Bet ទីក្រុង Ashdod របស់អ៊ីស្រាអែល ត្រូវរងគ្រាប់រ៉ុក្កែត ជាបន្តបន្ទាប់។ សារព័ត៌មានរបស់អ៊ីស្រាអែល បានរាយការណ៍ថា កងទ័ពប្រទេសនេះ កំពុងត្រៀមទប់ទល់នឹងការវាយប្រហារថ្មី នៅទូទាំងទីក្រុង តែល អាវីវ (Tel Aviv)។
អ៊ីស្រាអែល ក៏បានឱ្យដឹងដែរថា ទាហាន 3នាក់របស់ប្រទេសនេះ បានរងគ្រោះដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីក្រុម ហាម៉ាស ក្នុងនោះមានម្នាក់បានបាត់បង់ជីវិត៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា