កងទ័ពអ៊ីស្រាអែល បានឱ្យដឹងថា កងជីវពលហាម៉ាស (Hamas) នៅតំបន់ហ្គាហ្សា (Gaza) បានបាញ់ផ្លោងរ៉ុក្កែតជាង 1,000គ្រាប់ ចាប់តាំងពីថ្ងៃទី10 ខែឧសភា ឆ្នាំ2021 ក្នុងនោះមាន 850គ្រាប់ បានហោះចូលទឹកដីរបស់អ៊ីស្រាអែល។
វរសេនីយ៍ទោ Jonathan Conricus អ្នកនាំពាក្យនៃកងទ័ពការពារជាតិអ៊ីស្រាអែល (IDF) កាលពីថ្ងៃទី12 ខែឧសភា បាននិយាយថា កងជីវពលហាម៉ាស ចាប់ផ្ដើមបាញ់ផ្លោងរ៉ុក្កែតសំដៅតំបន់យេរូសាឡឹម (Jerusalem) តាំងពីម៉ោង18 នៃថ្ងៃទី10 ខែឧសភា ឆ្នាំ2021 និងបានធ្វើសកម្មភាពវាយប្រហារនេះក្នុងរយៈពេល 2ថ្ងៃជាប់ៗគ្នា។
ក្នុងអំឡុងពេលនោះ គ្រាប់រ៉ុក្កែតសរុប 850គ្រាប់ ដែលបាញ់ចេញពីតំបន់ហ្គាហ្សា បានហោះចូលទឹកដីអ៊ីស្រាអែល និងត្រូវប្រព័ន្ធការពារដែនអាកាស Iron Dome បាញ់កម្ទេច ឬធ្លាក់លើទឹកដីនេះ។ ចំណែករ៉ុក្កែតចំនួន 200គ្រាប់ទៀត ដែលបានធ្លាក់នៅក្នុងតំបន់ហ្គាហ្សា អាចបណ្ដាលមកពីមានបញ្ហា បន្ទាប់ពីបានបាញ់។ IDF បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់ក្រុមហាម៉ាស កាលពីព្រឹកព្រលឹមថ្ងៃទី12 ខែឧសភា។
ប្រទេសអ៊ីស្រាអែល ក្រោយមកក៏បានសងសឹក ដោយយុទ្ធនាការយោធាដែលមានឈ្មោះថា «អ្នកការពារជញ្ជាំង» និងបានវាយប្រហារតាមផ្លូវអាកាសរាប់រយលើក ប្រឆាំងនឹងកងជីវពលហាម៉ាស នៅតំបន់ហ្គាហ្សា។
ការវាយប្រហារដោយរ៉ុក្កែតពីសំណាក់ក្រុម ហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន 5នាក់ ខណៈដែលការវាយប្រហារសងសឹករបស់អ៊ីស្រាអែលវិញ បានសម្លាប់ជនជាតិប៉ាលេស្ទីន ចំនួន35នាក់ រាប់ចាប់ពីថ្ងៃទី10 ខែឧសភា ឆ្នាំ2021។
វរសេនីយ៍ទោ Jonathan Conricus និយាយថា អ៊ីស្រាអែល វាយប្រហារទៅលើតែគោលដៅយោធាប៉ុណ្ណោះ ហើយ IDF «នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល» ប៉ុន្តែ ដោយសារក្រុម ហាម៉ាស បោះទីតាំងនៅក្នុងតំបន់ប្រជាជនរស់នៅ ដូច្នេះ ផលប៉ះពាល់ដោយអចេតនា ត្រូវបានគេចាត់ទុកថា មិនអាចគេចរួច។
កាលពីថ្ងៃទី11 ខែឧសភា IDF បានវាយប្រហារដោយយន្តហោះចម្បាំង លើអគារកម្ពស់ 12ជាន់ ដែលស្ថិតនៅក្បែរសមុទ្រនៅទីក្រុងហ្គាហ្សា។ ហាម៉ាស បានឱ្យដឹងថា នេះគឺជាអគារស្នាក់នៅរបស់ជនស៊ីវិល។ ក៏ប៉ុន្តែ វរសេនីយ៍ទោ Conricus ថ្លែងថា កងជីវពលហាម៉ាស ប្រើប្រាស់អគារនេះ «សម្រាប់កិច្ចការយោធា ដូច្នេះ វាមានលក្ខខណ្ឌគ្រប់គ្រាប់ ដែលត្រូវក្លាយជាគោលដៅ»។
IDF បានប្រើប្រាស់មធ្យោបាយជាច្រើន ក្នុងនោះក៏មានការហៅទូរស័ព្ទ ដើម្បីព្រមានដល់មនុស្សដែលកំពុងស្ថិតនៅក្នុងអគារខាងលើ អំពីការវាយប្រហារដែលខ្លួនជិតនឹងធ្វើឡើង។ ក្រោយការវាយប្រហារ ពុំមានពលរដ្ឋស៊ីវិលណាម្នាក់បានស្លាប់នោះឡើយ។
ការវាយប្រហារសងសឹកគ្នា រវាងអ៊ីស្រាអែល និងកងជីវពលហាម៉ាស របស់ប៉ាលេស្ទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេអះអាងថា មានភាពខ្លាំងក្លាបំផុត រាប់ចាប់ពីសង្គ្រាមកាលពីឆ្នាំ2014 នៅតំបន់ហ្គាហ្សា នាំឱ្យសហគមន៍អន្តរជាតិ មានការបារម្ភ ខ្លាចឈានដល់ការគ្រប់គ្រងលែងបាន។ Tor Wennesland ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសន្តិភាពនៅមជ្ឈិមបូព៌ា បានព្រមានអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមគ្រប់វិស័យរវាងភាគីទាំងពីរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានព្រមានដល់ក្រុមប្រដាប់អាវុធនានារបស់ប៉ាលេស្ទីន ថា នឹងត្រូវ «ទទួលផលអាក្រក់យ៉ាងធ្ងន់ធ្ងរ» ខណៈដែលតំណាងរបស់ក្រុមហាម៉ាស ក៏បាននិយាយស្រដៀងគ្នានេះដែរ ដោយចោទទីក្រុង តែល អាវីវ ថា ជាអ្នកបង្កើតឱ្យមានការប៉ះទង្គិច៕
ប្រភព៖ AFP, Telegraph
ប្រែសម្រួល៖ បុត្រា