សំឡេងស៊ីរ៉ែន ប្រកាសអាសន្ន បានបន្លឺឡើងនៅទីក្រុង តែល អាវីវ (Tel Aviv) នៅពេលក្រុមហាម៉ាស បាញ់រ៉ុក្កែត 130គ្រាប់ សំដៅទឹកដីអ៊ីស្រាអែល ដើម្បីជាការសងសឹកទៅនឹងករណីអគារកម្ពស់ 13ជាន់របស់ខ្លួននៅ ហ្គាហ្សា (Gaza) ត្រូវបានបាញ់កម្ទេច។
សារព័ត៌មាន Al Jazeera បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បន្តវាយប្រហារតាមផ្លូវអាកាស សំដៅតំបន់ហ្គាហ្សា ក្នុងថ្ងៃទី11 ខែឧសភា។ អគារដែលមានកម្ពស់ 13ជាន់ មួយកន្លែង បានដួលរលំ បន្ទាប់ពីត្រូវគ្រាប់រ៉ុក្កែតពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែល។
ក្រុមមន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សា បានឱ្យដឹងថា យ៉ាងហោចណាស់ មានជនជាតិប៉ាលេស្ទីនចំនួន 32នាក់ ក្នុងនោះមានកុមារចំនួន 10នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ចាប់ពីយប់ថ្ងៃទី10 ខែឧសភា។
ទីបញ្ជាការកងទ័ពហាម៉ាស បានព្រមានអ៊ីស្រាអែល អំពីលទ្ធភាពនៃការពង្រីកការវាយប្រហារសំដៅតំបន់ យេរូសាឡឹមខាងកើត (East Jerusalem) និងស្នើឱ្យអ៊ីស្រាអែល ដកកម្លាំងចេញពីវិហារ Al-Aqsa។ ហាម៉ាស ក៏បានប្រកាសថា បានបាញ់ស្រោចរ៉ុក្កែត 130គ្រាប់ទៅលើទឹកដីអ៊ីស្រាអែលផងដែរ កាលពីយប់ថ្ងៃទី11 ខែឧសភា ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អ៊ីស្រាអែល។
នេះគឺជាលើកដំបូងក្នុងអំឡុង 2ឆ្នាំកន្លង ដែលហាម៉ាស បើកការវាយប្រហារដោយរ៉ុក្កែត សំដៅទីក្រុង តែល អាវីវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់អ៊ីស្រាអែល។ ក្រុមហាម៉ាស ក៏បានឱ្យដឹងថា ខ្លួនបានប្រើប្រាស់រ៉ុក្កែតថ្មីមួយប្រភេទដែលមានឈ្មោះថា Sijeel ដើម្បីឆ្លងកាត់ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។
យោងតាមសារព័ត៌មាន Al Jazeera រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសអាសន្ននៅទីក្រុងឡូដ (Lod) ភាគអាគ្នេយ៍នៃទីក្រុង តែល អាវីវ ក្នុងគ្រាអំពើហិង្សាផ្ទុះឡើង បន្ទាប់ពីជនជាតិប៉ាលេស្ទីនម្នាក់ ត្រូវបានជនជាតិជ្វីហ្វសម្លាប់។
មុននេះ ក្រុមប៉ូលិសអ៊ីស្រាអែល បានបង្ក្រាបការប្រមូលផ្ដុំគ្នានៅវិហារ Al Aqsa ក្នុងក្រុងចាស់ យេរូសាឡឹម ក្នុងថ្ងៃទីបី ដោយការបាញ់គ្រាប់ដែកស្រោបជ័រកៅស៊ូ និងគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក សំដៅអ្នកដែលបានចូលរួមពិធីហែក្បួនប៉ាលេស្ទីន នៅខាងក្នុងវិហារ ក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនៃរដូវបុណ្យ រ៉ាម៉ាដាន (Ramadan)។
ជនជាតិប៉ាលេស្ទីនជាង 700នាក់ បានរងរបួសនៅតំបន់ យេរូសាឡឹម និងតំបន់វែស បែង (West Bank) ក្នុងអំឡុងពេលថ្មីៗនេះ។
នៅចំពោះមុខអំពើហិង្សា ដែលចេះតែកើនឡើង រវាងជនជាតិអ៊ីស្រាអែល និងប៉ាលេស្ទីន ប្រទេសជាច្រើន រួមនឹងអង្គការអន្តរជាតិនានា បានបន្តអំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់ និងចៀសវាងការសម្លាប់គ្នា ខណៈអង្គការសហប្រជាជាតិ កំពុងដោះស្រាយបញ្ហានេះ៕
ប្រភព៖ Reuters, AFP
ប្រែសម្រួល៖ បុត្រា