យ៉ោងហោចណាស់ មានមនុស្សចំនួន 15នាក់ បានបាត់បង់ជីវិត នៅក្នុងករណីបាក់ស្ពានអាកាសនៃផ្លូវរថភ្លើងមួយកន្លែងនៅទីក្រុង Mexico City នាថ្ងៃទី5 ខែឧសភានេះ។
អង្គភាពការពារពលរដ្ឋ និងគ្រប់គ្រងហានិភ័យរបស់ប្រទេសម៉ិកស៊ិក បានបញ្ជាក់ថា ក្រៅពីបានសម្លាប់មនុស្សចំនួន 15នាក់ គ្រោះថ្នាក់នេះ ក៏បានបង្ករបួសធ្ងន់ស្រាលដល់អ្នកដំណើរចំនួន 70នាក់ផ្សេងទៀតផងដែរ។ ករណីនេះបានកើតឡើងនៅវេលាថ្ងៃត្រង់ នៃថ្ងៃទី5 ខែឧសភា ឆ្នាំ2021 (ម៉ោងនៅភ្នំពេញ)។
យោងតាមសារព័ត៌មាន Reuters របស់អង់គ្លេស គ្រោះថ្នាក់នេះកើតឡើងនៅពេលកំណត់ផ្លូវដែកមួយនៅលើទីខ្ពស់ នៅភាគខាងត្បូងទីក្រុង បានបាក់ភ្លាមៗ និងធ្លាក់ទៅលើដងផ្លូវខាងក្រោម ដែលមានរថយន្តជាច្រើនកំពុងបរឆ្លងកាត់។
សារព័ត៌មានក្នុងស្រុក បានចេញផ្សាយរូបថតនានា បង្ហាញអំពីទិដ្ឋភាពបុគ្គលិកពន្លត់អគ្គិភ័យ និងក្រុមអ្នកជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស និងកំពុងជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក។
អភិបាលក្រុង Mexico City លោកស្រី Claudia Sheinbaum ក៏បានបង្ហាញខ្លួននៅកន្លែងកើតហេតុ និងកំពុងដឹកនាំការជួយសង្គ្រោះនេះដោយផ្ទាល់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា