តាមរយៈការវាយតម្លៃរបស់ស្ថាប័នហ៊ិរ៉ាល់ បានឱ្យដឹងថា ក្រុមប្រដាប់អាវុធ អាល់-ឆាបាប់ មានប្រាក់ចំណូលដែលបានមកពីប្រមូលភាស៊ី ក្នុង 1ខែៗ មិនតិចជាង 15លានដុល្លារអាមេរិកឡើយ។ ជាចំនួនដែលមិនមែនតិចតួចឡើយ សម្រាប់ប្រទេសដែលអង្គការសហប្រជាជាតិ និងធនាគារពិភពលោក ចាត់ទុកថាជា ប្រទេសដែលទ័លក្របំផុតក្នុងពិភពលោកមួយនេះ។
ក្រុមភេរវករប្រដាប់អាវុធ “អាល់-ឆាបាប់” សម្ព័ន្ធមិត្តរបស់ក្រុមអាល់-កៃដា នៅក្នុងប្រទេសសូម៉ាលី បានប្រើអំពើហិង្សា និងការសម្លុតគំរាមកំហែង ទារយក “ភាស៊ីខុសច្បាប់” ទាំងពីប្រជាជន និងមន្ត្រីរបស់រដ្ឋ នៅក្នុងតំបន់ដែលពួកគេគ្រប់គ្រង បង្កើតប្រាក់ចំណូលបានយ៉ាងច្រើន ស្មើៗ ឬអាចច្រើនជាងរដ្ឋាភិបាលដែលអន្តរជាតិទទួលស្គាល់ទៅទៀត។ នេះបើតាមរបាយកាណ៍ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ស្ថាប័នហ៊ិរ៉ាល់ ក្នុងទីក្រុង ម៉ូកាឌិឈូ ប្រទេសសូម៉ាលី។
របាយការណ៍ខាងលើ ទទួលបានពីការសាកសួរប្រជាជនទូទៅ អ្នកធុរកិច្ច មន្ត្រីរបស់រដ្ឋ រួមទាំងអតីតសមាជិករបស់អាល់-ឆាបាប់ និងសមាជិកបច្ចុប្បន្ន ដែលមានតួនាទីដើរប្រមូលភាស៊ីខុសច្បាប់ ប្រកួតជាមួយរដ្ឋាភិបាលរបស់ពួកគេ។
តាមរយៈការវាយតម្លៃរបស់ស្ថាប័នហ៊ិរ៉ាល់ បានឱ្យដឹងទៀតថា ក្រុមអាល់-ឆាបាប់ ឬមានឈ្មោះពេញថាហារ៉ាកាត់ អាល់-ឆាបាប់ អាល់-មូចាហ៊ីឌីន ឬហេចបូលឡា អាល់-ឆាបាប់ ដែលមានន័យថា គណបក្សយុវជន(Party of the Youth) មានចំណូលពីការប្រមូលភាស៊ីខុសច្បាប់ ក្នុង 1ខែៗ មិនតិចជាង 15លានដុល្លារអាមេរិកឡើយ។ ជាចំនួនដែលមិនមែនតិចតួចឡើយ សម្រាប់ប្រទេសដែលអង្គការសហប្រជាជាតិ និងធនាគារពិភពលោក ចាត់ទុកថាជា ប្រទេសដែលទ័លក្របំផុតក្នុងពិភពលោក។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ជាងពាក់កណ្ដាលនៃប្រាក់ចំណូលប្រចាំខែក្នុង 1ខែៗនោះ គឺបានមកពីការជំរិតទារ នៅក្នុងតំបន់ទីក្រុងធំ ម៉ូកាឌិឈូ ទោះជាតំបន់ដែលគ្រប់គ្រងរបស់អាល់-ឆាបាប់ ស្ថិតនៅភាគខាងត្បូង និងភាគកណ្ដាលក្ដី និងជុំវិញទីក្រុងម៉ូកាឌិឈូក្ដី។
តាមរយៈទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសូម៉ាលី បានឱ្យដឹងថា ពេញ 1ឆ្នាំ2019 រដ្ឋាភិបាល មានចំណូលពីការប្រមូលពន្ធភាស៊ី និងផ្សេងៗក្នុងប្រទេស សរុប 230លានដុល្លារអាមេរិក។
ក្រុមអាល់-ឆាបាប់ បង្កើតឡើងនៅឆ្នាំ2006 ដោយមានគោលដៅចម្បង គឺប្រយុទ្ធប្រឆាំងនឹង “សត្រូវរបស់សាសនា” ដែលពួកគេគោរពជឿជាក់ និងផ្ដួលរំលំរដ្ឋាភិបាលសូម៉ាលី ដើម្បីបង្កើតរដ្ឋសាសនាក្នុងឧត្ដមគតិរបស់ពួកគេឡើង និងនៅក្នុងឆ្នាំ2014 មេខ្លោងធំរបស់ក្រុមពួកគេ បានប្រកាសភក្ដីភាពជាមួយក្រុមអាល់-កៃដា។
ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក សហរាជអាណាចក្រ អូស្ត្រាលី កាណាដា សហរដ្ឋអារ៉ាប់ អេមីរេត ឬសូម្បីតែប្រទេសម៉ាឡេស៊ី បានប្រកាសដាក់ក្រុមអាល់-ឆាបាប់ ចូលក្នុងបញ្ជីខ្មៅ ថាជា “អង្គការបង្កភេរវកម្ម” និងកាលពីខែមេសា ឆ្នាំ2015 ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានប្រកាសដាក់រង្វាន់បង្ហាញតម្រុយ ក្នុងការឈានទៅដល់ការចាប់ខ្លួនមេខ្លោងលំដាប់ខ្ពស់ជាច្រើននាក់របស់អាល់-ឆាបាប់ រួមទាំងមេខ្លោងធំបំផុតនាពេលបច្ចុប្បន្ន គឺលោកអាម៉ាត់ អ៊ូម៉ា ក្នុងតម្លៃ 6លានដុល្លារអាមេរិក។
បច្ចុប្បន្ន អាល់-ឆាបាប់ មានអ្នកប្រយុទ្ធនៅក្នុងក្រុមប្រមាណជា 9,500នាក់ និងចំនួននោះកំពុងកើនឡើងជារឿយៗ មានទាំងជនជាតិសូម៉ាលី និងអ្នកស៊ីឈ្នួលប្រយុទ្ធជនជាតិបរទេស ដែលមានឧត្ដមគតិដូចគ្នា ហើយទិន្នន័យដែលទទួលបានពីអង្គភាពស៊ើបការណ៍អន្តរជាតិជាច្រើន បានបញ្ជាក់ថា ក្រុមអាល់-ឆាបាប់ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអាវុធ រួមទាំងអ្នកប្រយុទ្ធជនជាតិបរទេស ពីប្រទេសធំៗ ក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង យ៉ាងតិច 8ប្រទេស។
ការចុះទៅក្នុងតំបន់ ត្រួតពិនិត្យដោយផ្ទាល់ ដើម្បីស្វែងរកទិន្នន័យបែបស៊ីជម្រៅ របស់ក្រុមអ្នកស្រាវជ្រាវរបស់ស្ថាប័នហ៊ិរ៉ាល់ បានរកឃើញថា មានជនរងគ្រោះចំនួនដ៏ច្រើន ត្រូវបង់ថ្លៃភាស៊ីត្រួតគ្នា ទៅឱ្យទាំងរដ្ឋាភិបាល និងក្រុមអាល់-ឆាបាប់។
ក្រុមហ៊ុនធំៗ ទូទាំងប្រទេសសូម៉ាលី ត្រូវបង់ “ប្រចាំខែ” ឱ្យក្រុមអាល់-ឆាបាប់ ច្រើន-តិចទៅតាមការវាយតម្លៃរបស់អង្គភាពប្រមូលភាស៊ីខុសច្បាប់ ដែលអាចស៊ើបដឹងពីទិន្នន័យរបស់ធុរកិច្ច ស្មើៗនឹងមន្ត្រីពន្ធដាររបស់រដ្ឋបាលដែរ ក្រៅពីនោះ ថែមទាំងត្រូវបង់ “ប្រចាំឆ្នាំ” ក្នុងរូបបែបជា “សៈកាត” ឬប្រាក់បរិច្ចាគទានប្រចាំឆ្នាំ តែជាការបរិច្ចាគបែប “បង្ខំឱ្យបង់” ដោយគ្រប់ក្រុមហ៊ុនទាំងអស់ត្រូវបង់ 2.5% នៃចំណូលរបស់ក្រុមហ៊ុនទាំងអស់ក្នុង 1ឆ្នាំ។
ប្រាក់ចំណូលចម្បងៗ 1ផ្នែករបស់អាល់-ឆាបាប់ បានមកពីកំពង់ផែជាច្រើនកន្លែង ដែលស្ថិតនៅតាមបណ្ដោយព្រំដែនខាងសមុទ្រឥណ្ឌា ភាគខាងកើតប្រទេស រួមទាំងកំពុងផែធំក្នុងទីក្រុងម៉ូកាឌិឈូ ដោយប្រមូលភាស៊ី ពីមុខទំនិញ ទាំងនាំចេញ និងនាំចូល។
នាយទាហានលំដាប់ខ្ពស់របស់កងទ័ពសូម៉ាលីម្នាក់ ដែលសុំមិនប្រាប់ពីឋានន្តរស័ក្ដិ ដោយប្រាប់ត្រឹមតែមានតំណែងជាមេបញ្ជាការ បានបង្ហើបប្រាប់ស្ថាប័នហ៊ិរ៉ាល់ថា សូម្បីតែរូបគាត់ខ្លួនឯង ក៏នៅតែត្រូវបង់ប្រាក់ទៅឱ្យក្រុមអាល់-ឆាបាប់ដែរ…ដូចជា នៅពេលដែលលោក សង់ផ្ទះ 1ខ្នងថ្មីទៀត សុខៗស្រាប់តែអ្នកម៉ៅការកសាងដំបូងគេ បានបោះបង់ការងារចោល ហើយរត់បាត់ ដោយសារត្រូវក្រុមអាល់-ឆាបាប់ គំរាម ដោយក្រុមអាល់-ឆាបាប់នោះប្រាប់ថា នាយទាហានម្ចាស់ផ្ទះ មិនព្រមបង់ភាស៊ីឱ្យពួកគេ។ អ្នកម៉ៅការទី2 ក៏បោះបង់ការងារចោល ហើយរត់គេចបាត់ ដោយមូលហេតុដូចគ្នា។ ទីបំផុត នាយទាហានជាន់ខ្ពស់រូបនោះ ត្រូវតែបង់ប្រាក់ចំនួនស្មើនឹង 3,600ដុល្លារ ទើបផ្ទះសាងសង់រួច ដោយអ្នកម៉ៅការទី3៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា