Skip to content

សហភាព​អឺរ៉ុប បន្ថែម​រយៈពេល​ទណ្ឌកម្ម​សេដ្ឋកិច្ច “មីន អង់​ឡាយ” បន្តទៀត​យ៉ាងតិច 1ឆ្នាំ

សហភាព​អឺរ៉ុប បាន​បន្ថែម​រយៈពេល​ទ​ណ្ឌ​កម្ម​សេដ្ឋកិច្ច លើ​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​រួមទាំង​លោក​ឧត្ដមសេនីយឯក មីន អង់​ឡាយ មេដឹកនាំ​រដ្ឋប្រហារ និង​អ្នក​ដទៃទៀត ដែលមាន​ចំណែក​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​រដ្ឋប្រហារ កាលពី​ខែកុម្ភៈ យ៉ាងតិចណាស់ 1ឆ្នាំ​ទៅមុខទៀត។

ទីស្នាក់ការ​ធំ​សហភាព​អឺរ៉ុប បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ ថ្ងៃទី29 មេសា​ថា វិធានការ​ទណ្ឌកម្មសេដ្ឋកិច្ច ដែល​រួមទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ ការធ្វើដំណើរ ការហាម​លក់​អាវុធ និង​ខ​កំណត់​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ឧបករណ៍ ដែល​អាច​នាំយក​ទៅប្រើ​ក្នុងការ​បង្ក្រាប​របស់​ក​ង​យោធា និង​ប៉ូលិស នឹង​នៅតែមាន​សុពលភាព យ៉ាងតិច​បំផុត រហូត​ទៅដល់​ថ្ងៃទី30 មេសា ឆ្នាំ2022។

“វិធានការ​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ មាន​គោលដៅ​ទៅលើ​មន្ត្រី​លំដាប់​ខ្ពស់​របស់​កងទ័ព​មី​យ៉ាន់​ម៉ា និង​ប៉ូលិស​ការពារ​ព្រំដែន រួមទាំង​សមាជិក​ក្រុម​ស៊ីវិល របស់​សភា​គ្រប់គ្រង​នៃ​រដ្ឋ (SAC) និង​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ដោយ​សហភាព​អឺរ៉ុប នឹង​នៅតែ​ឈរ​ខាង​ប្រជាជន​មី​យ៉ាន់​ម៉ា និង​នៅតែ​ផ្ដល់​ការជួយ​សង្គ្រោះ ផ្នែក​មនុស្សធម៌ តទៅទៀត” សេចក្ដីថ្លែងការណ៍​បានបញ្ជាក់​បែបនេះ និង​បាន​បន្ថែមថា ក្នុងឆ្នាំនេះ សហភាព​អឺរ៉ុប បានផ្ដល់​ការជួយ​សង្គ្រោះ​ទៅដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​រួចហើយ សរុប​ទាំងអស់ 20.5លាន​អឺរ៉ូ។

ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​មក មាន​ប្រជាជន​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​អស់​ច្រើនជាង 700នាក់​ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​សមាគម​ជួយសង្គ្រោះ​អ្នកទោសនយោបាយ តែ​រដ្ឋបាល​យោធា បានផ្ដល់​តួលេខ​ចំនួន​អ្នកស្លាប់ ទាប​ជាង​នេះ​ច្រើន  ហើយ​ក្រៅពីនេះ ពួកគេ​ថែមទាំង​បាន​បដិសេធ​ការប្រើ​កម្លាំង​យ៉ាង​មិន​សមរម្យ ក្នុងការ​បង្ក្រាប​អ្វីដែល​ពួកគេ​ហៅថា ជាការ​បង្កចលាចល​នោះ​ទៀតផង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AP
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Leave a Reply

Your email address will not be published. Required fields are marked *