អាជ្ញាធររដ្ឋ Nuevo Leon ភាគខាងជើងនៃប្រទេសម៉ិកស៊ិក ថ្មីៗនេះ បានប្រកាសថា មានករណីធ្លាក់យន្តហោះធុនស្រាលមួយគ្រឿង កាលពីព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2021 នៅក្នុងតំបន់របស់ខ្លួន បណ្ដាលឱ្យមនុស្សចំនួន 6នាក់ បាត់បង់ជីវិត។
យន្តហោះស៊េរី Piper PA32 Cherokee មួយគ្រឿងនេះ បានធ្លាក់លើផ្លូវជាតិ Laredo ស្ថិតក្នុងតំបន់ Cienega de Flores ក្បែរព្រលានយន្តហោះអន្តរជាតិ Del Norte និងបុកទៅលើការិយាល័យនៃក្រុមហ៊ុនដឹកជញ្ជូនមួយនៅតំបន់នេះ។
ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ រួមមាន បុរសចំនួន 3នាក់ និងស្ត្រីចំនួន 3នាក់។ ក្រៅពីនេះ ឧបទ្ទវហេតុនេះក៏បានបណ្ដាលឱ្យមនុស្សម្នាក់កំពុងបើកបរយានជំនិះនៅលើផ្លូវជាតិ ត្រូវរងរបួសធ្ងន់ផងដែរ។
ក្រុមមន្ត្រីមានសមត្ថកិច្ច នៃតំបន់ Cienega de Flores បានមកដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ ដ៏គួរឱ្យរន្ធត់នេះ៕
ប្រភព៖ UNI
ប្រែសម្រួល៖ បុត្រា