ជាងថតរូបជនជាតិអាមេរិកាំងម្នាក់ បានបញ្ចេញរូបភាពមួយសន្លឹក ក្នុងចំណោមរូបថតដែលច្បាស់បំផុត ស្ដីពីព្រះអាទិត្យ ដោយភាពច្បាស់របស់វា ឡើងដល់ 230 មេហ្គាភីកសែល។
ដើម្បីបង្កើតបានរូបថតដែលមានភាពច្បាស់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ តារាវិទូ និងជាជាងថតរូបម្នាក់ឈ្មោះ Andrew McCarthy បានប្រើប្រាស់តេឡេស្កុបតារាសាស្ត្រដែលមានប្រវែងប្រសព្វ 4,000មម និងអាចពង្រីកបានធំជាង 10ដង បើធៀបនឹងតេឡេស្កុបតារាសាស្ត្រស្ដង់ដា ដើម្បីផ្ដិតយករូបភាពដាច់ដោយឡែកចំនួនជិត 100,000ទីតាំងផ្សេងគ្នារបស់ព្រះអាទិត្យ ក្នុងល្បឿនប្រហែល 100រូប/វិនាទី ហើយក្រោយមកក៏ផ្គុំរូបថតទាំងនេះទៅជារូបភាពតែមួយសន្លឹកគត់។
«រូបថតទាំងនេះ ត្រូវបានថតនៅវេលាថ្ងៃជិតត្រង់ ពេលព្រះអាទិត្យបានឡើងខ្ពស់ ប៉ុន្តែ បរិយាកាសនៅតែស្ងប់ស្ងាត់» McCarthy បញ្ជាក់។
ក្នុងរូបភាពដែលបានផ្គុំ និងមានភាពច្បាស់ឡើងដល់ 230 មេហ្គាភីកសែល ព្រះទិនករបង្ហាញខ្លួនយ៉ាងក្រហមឆ្អិនឆ្អៅ និងជះពន្លឺភ្លឺសព្វបរិយាកាស។ វាច្បាស់រហូតដល់ថ្នាក់ អាចមើលឃើញទាំងកាំរស្មី plasma នៅជាយព្រះអាទិត្យដែលបានជះចូលទៅកាន់បរិយាកាស ហាក់បីដូចជាអណ្ដាតភ្លើងយ៉ាងស្រស់ស្អាត។
«កាំរស្មី plasma នេះ អណ្ដែតនៅក្នុងបរិយាកាសរបស់ព្រះអាទិត្យ ដោយសារតែឥទ្ធិពលរបស់កម្លាំងទំនាញដ៏មហិមា។ បាតុភូតនេះ កើតឡើងជាញឹកញាប់ និងអូសបន្លាយពេលយូរ» តារាវិទូ McCarthy បរិយាយបន្ថែម។
លោក McCarthy ទើបតែបានចាប់ផ្ដើមថតរូបទាក់ទងនឹងតារាសាស្ត្រកាលពី 3ឆ្នាំមកនេះប៉ុណ្ណោះ។ មុននេះ McCarthy ក៏ធ្លាប់បានថតរូបព្រះចន្ទយ៉ាងច្បាស់ផងដែរ។ រូបភាពដ៏មហាសែនច្បាស់ស្ដីពីព្រះចន្ទរបស់ McCarthy ត្រូវបានផ្គុំពីរូបថតនៃទីតាំងផ្សេងៗគ្នាចំនួន ពី 50,000-150,000កន្លែងនៃចន្ទមណ្ឌល៕
ប្រភព៖ Mail
ប្រែសម្រួល៖ បុត្រា