តំណាងរាស្ត្រ និងជាអតីតឧត្ដមសេនីយ៍យោធា TB Hasanuddin សំដែងការព្រួយបារម្ភថា នាវាមុជទឹក KRI Nanggala ដែលបានលិចនោះគឺ អាចបណ្ដាលមកពីការជួសជុលនៅឯប្រទេសកូរ៉េខាងត្បូង អំឡុងឆ្នាំ 2010-2012។
«ការជួសជុលនៅកូរ៉េខាងត្បូង មិនត្រឹមតែផ្លាស់គ្រឿងបន្លាស់នោះទេ តែក៏ប៉ះពាល់ដល់គ្រោងនាវាមុជទឹកនេះផងដែរ ពិសេសគឺប្រព័ន្ធបាញ់មីស៊ីលទឹក» អតីតមន្ត្រីយោធាជាន់ខ្ពស់ Hasanuddin និងជាសមាជិកនៃគណៈកម្មការការពារជាតិ ការបរទេស និងព័ត៌មាន នៃសភាជាន់ទាបឥណ្ឌូនេស៊ី បាននិយាយកាលពីម្សិលមិញ (25 មេសា) អំពីនាវាមុជទឹក KRI Nanggala ដែលបានលិចនៅឯសមុទ្រ Bali។
KRI Nanggala ត្រូវបានជួសជុលនៅកូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ 2010-2012 ដើម្បីផ្លាស់អាគុយ និងគ្រឿងម៉ាស៊ីន ក៏ដូចជាបំពាក់ប្រព័ន្ធកំណត់ទិស sonar និងប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ។
តំណាងរាស្ត្រ Hasanuddin ឱ្យដឹងថា ការជួសជុលនេះ ត្រូវចំណាយប្រាក់អស់ប្រមាណ 75លានដុល្លារអាមេរិក និងបានបន្ថែមថា ការបាញ់សាកល្បងមីស៊ីលទឹក ធ្លាប់បានបរាជ័យ ដោយសារបំពង់បាញ់មីស៊ីល ជួបបញ្ហា បណ្ដាលឱ្យនាវិក 3នាក់ ត្រូវបាត់បង់ជីវិត។ បន្ទាប់មក វាក៏ត្រូវបានជួសជុលឡើងវិញ។
«ខ្ញុំសង្ស័យថា លទ្ធផលនៃការជួសជុល បាននាំឱ្យមានកំហុសឆ្គង បណ្ដាលឱ្យនាវា Nanggala ត្រូវលិច» នេះបើតាមសំដីរបស់ Hasanuddin។ លោកក៏បានស្នើឱ្យផ្អាកដំណើរការនាវាមុជទឹក KRI Cakra ដែលស្ថិតក្នុងប្រភេទជាមួយនឹង KRI Nanggala។
កងកម្លាំងជួយសង្គ្រោះ បានរកឃើញសាកសពនាវាមុជទឹក KRI Nanggala ស្ថិតនៅបាទសមុទ្រ Bali ជម្រៅ 838ម៉ែត្រ ដែលមានចម្ងាយពីកន្លែងមុជលើកចុងក្រោយប្រមាណតែ 1.4គីឡូម៉ែត្រប៉ុណ្ណោះ។
មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី Yudo Margono កាលពីថ្ងៃទីល្ងាចថ្ងៃទី25 មេសា បានឱ្យដឹងថា៖ «នាវាមុជទឹក KRI Nanggala បានបែកបាក់ជាបីចំណែកធំ»។ ចំណែកមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី Hadi Tjahjanto បញ្ជាក់ថា៖ «នាវិកទាំង 53នាក់ដែលនៅក្នុងនាវាមុជទឹកនេះ បានបាត់បង់ជីវិត»៕
ប្រភព៖ AFP, Detik News
ប្រែសម្រួល៖ បុត្រា