ក្រសួងថាមពល នៃប្រទេសស៊ីរី បានបង្ហើបឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅពន្លត់ភ្លើងដែលឆេះនាវាដឹកប្រេង ១គ្រឿង នៅក្រៅឈូងសមុទ្ររបស់ប្រទេសមួយនេះ កាលពីថ្ងៃសៅរ៍ (ទី24មេសា) ក្រោមការសង្ស័យថា វាអាចត្រូវវាយប្រហារដោយយន្តហោះដ្រូន ១គ្រឿង ដែលមានទិសដៅហោះមកពីដែនសមុទ្រលេបាណុន។
អត្តសញ្ញាណរបស់នាវាផ្ទុកប្រេង 1គ្រឿងនេះ មិនបានបង្ហាញច្បាស់លាស់ឡើយ ដោយខាងស្ថានីយទូរទស្សន៍ អាល់-អាឡាម របស់ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ថា វាជានាវាមួយ ក្នុងចំណោមនាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់ ដែលកាលពីពេលថ្មីៗនេះ ទើបនឹងចូលចតនៅកំពង់ផែឃ្លាំងប្រេងរបស់ប្រទេសស៊ីរី តែខាងទីភ្នាក់ងារព័ត៌មាន ថាស្នីម ប្រព័ន្ធផ្សព្វផ្សាយពាក់កណ្ដាលរដ្ឋរបស់អ៊ីរ៉ង់ដូចគ្នា បានរាយការណ៍ខុសពីគ្នា ដោយបានប្រាប់ថា វាមិនមែនជានាវាដឹកប្រេងរបស់អ៊ីរ៉ង់ទេ។
អាល់-អាឡាម ប្រព័ន្ធផ្សព្វផ្សាយជាភាសាអារ៉ាប់ របស់ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ថា កប៉ាលផ្ទុកប្រេង 1គ្រឿងនេះ បានរងការខូចខាតមួយផ្នែក និងមិនមានអ្នកស្លាប់ទេ តែខាង ថាស្នីម បានរាយការណ៍ ដោយអាងលើប្រភពព័ត៌មាន ដែលបានប្រាប់ថា “ហេតុការណ៍នេះកើតឡើងទៅលើនាវា 1គ្រឿងផ្សេងទៀត និងមិនមានភាពពាក់ព័ន្ធគ្នា ជាមួយនាវាដែលកំពុងផ្ទុកទំនិញរបស់អ៊ីរ៉ង់នោះទេ”
ចំណែក Tanker Trackers វេបសាយតាមដានការធ្វើដំណើររបស់កប៉ាលដឹកប្រេង បានសរសេរនៅលើប្រព័ន្ធធ្វីតធើរថា កប៉ាលដឹកប្រេង ដែលត្រូវបានប្រទះឃើញភ្លើងឆាបឆេះនៅក្រៅឈូងសមុទ្រទីក្រុង បានីយ៉ាស មិនមែនជាកប៉ាលរបស់ប្រទេសអ៊ីរ៉ង់ទេ តែវាមានលេខបញ្ជីលេបាណុន។
ទោះជាដូច្នេះក្ដី សាណា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋស៊ីរី ដែលអាងលើសេចក្ដីថ្លែងការណ៍របស់ក្រសួងថាមពល បានហៅរឿងនេះថា ជាហេតុការណ៍វាយប្រហារដោយយន្តហោះដ្រូន តែមិនបានផ្ដល់សេចក្ដីលម្អិតបន្ថែមអំពីហេតុការណ៍នេះឡើយ និងទីភ្នាក់ងារព័ត៌មាន អាល់-ម៉ាយ៉ាឌីន ស្ថានីយទូរទស្សន៍គាំទ្រប្រទេសស៊ីរី បានរាយការណ៍ដោយសង្ស័យថា កប៉ាលផ្ទុកប្រេងនេះ ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីស្រាអែល។ តែ ខាងកងទ័ពអ៊ីស្រាអែល បានបដិសេធ ផ្ដល់ការយល់ឃើញណាមួយចំពោះហេតុការណ៍ដែលកើតឡើងនេះ។
គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើង ក្នុងខណៈដែលអ៊ីស្រាអែល កំពុងបង្កើនប្រតិបត្តិការវាយប្រហារគោលដៅផ្សេងៗរបស់អ៊ីរ៉ង់ ក្នុងនោះរួមមានទីតាំងសង្ស័យផលិតអាវុធរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដើម្បីទប់ស្កាត់នូវអ្វីដែលពួកគេមើលឃើញថា ជាការរុករានឈ្លានពានខាងយោធានៅក្នុងប្រទេសស៊ីរី របស់អ៊ីរ៉ង់៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួល តាវ៉ែនតា