ក្ដីសង្ឃឹមដែលថានឹងអាចជួយសង្គ្រោះក្រុមនាវិកជាង 50នាក់នៃនាវាមុជទឹករបស់ឥណ្ឌូនេស៊ី ដែលកំពុងបាត់ខ្លួន បានរលាយបាត់បង់អស់រលីង នៅពេលដែលបរិមាណអុកស៊ីសែនរបស់នាវា ត្រូវបានគេគណនាឃើញថា អស់គ្មានសល់ នៅព្រឹកនេះ។
ក្នុងគ្រាដែលទាហានរាប់រយនាក់កំពុងចូលរួមស្វែងរកនាវាមុជទឹក KRI Nanggala 402 ក្រុមមន្ត្រីឥណ្ឌូនេស៊ី បានឱ្យដឹងថា បរិមាណអុកស៊ីសែនដែលមាននៅក្នុងនាវានេះ អាចប្រើបានតែក្នុងរយៈពេល 72ម៉ោងទៀតប៉ុណ្ណោះ បន្ទាប់ពីដាច់ចរន្តអគ្គិសនី។ កាលកំណត់នោះ បានកន្លងផុតទៅនៅវេលាទៀបភ្លឺនៃថ្ងៃទី24 ខែមេសានេះ ប៉ុន្តែ គេនៅមិនទាន់រកឃើញនាវា ក៏ដូចជាក្រុមនាវិកចំនួន 53នាក់នោះដដែល។
នាវាមុជទឹក KRI Nanggala បានទាក់ទងមកកាន់បញ្ជាការដ្ឋានកាលពីវេលាម៉ោង 3ទៀបភ្លឺ នៃថ្ងៃទី21 ខែមេសា ដើម្បីសុំការអនុញ្ញាត មុជទៅក្រោមសមុទ្រ ហើយនាវានេះក៏បានដាច់ទំនាក់ទំនងទាំងស្រុងនៅវេលាម៉ោង 4កន្លះ នៃថ្ងៃដដែល។ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី កាលពីថ្ងៃទី23 ខែមេសា បានរកឃើញសញ្ញានៃវត្ថុមួយដែលមាន «ដែនម៉ាញេទិកខ្ពស់» កំពុងលិចក្រោមទឹក ជម្រៅពី 50-100ម៉ែត្រ នៅភាគខាងជើងសមុទ្រ Bali ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា វាជាអ្វី។
មុននោះ កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានសន្និដ្ឋានថា នាវាមុជទឹកនេះ ទំនងជាបានលិចក្នុងជម្រៅពី 600-700ម៉ែត្រ ជ្រៅជាងឆ្ងាយបើធៀបនឹងជម្រៅអតិបរមាដែលនាវានេះអាចធ្វើសកម្មភាពបាន។ ទឹកសមុទ្រជម្រៅ 700ម៉ែត្រ មានសម្ពាធខ្ពស់ជាង 70ដង បើធៀបនឹងសម្ពាធបរិយាកាសលើផ្ទៃទឹកសមុទ្រ ដូច្នេះ សម្បកនាវាទំហំមួយម៉ែត្រក្រឡានឹងត្រូវរងសម្ពាធជាង 720តោន។ នាវាមុជទឹកធម្មតា នៅពេលស្ថិតក្នុងជម្រៅបែបនេះ អាចនឹងត្រូវបាត់បង់រូបរាងដើម ឬក៏អាចត្រូវសម្ពាធទឹកសមុទ្រច្របាច់ កៀបខ្ទេចខ្ទី បើសិនជាដងខ្លួនរបស់វាមានបញ្ហា។
នាវាមុជទឹក KRI Nanggala ទម្ងន់ 1,395តោន ត្រូវបានផលិតនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ1977 និងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងទឹកឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ1981៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា