ប្រទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី22 មេសា ចេញបញ្ជាឱ្យដកកងទ័ពចេញពីតំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ត្រឡប់ចូលបន្ទាយវិញ បញ្ឈប់ការបន្ថែមកម្លាំងយោធា ដែលធ្វើឱ្យកើតមានក្ដីបារម្ភកង្វល់ចំពោះប្រទេសលោកខាងលិច តែយ៉ាងណាក៏ដោយ ខាងសហរដ្ឋអាមេរិកវិញ បានបញ្ជាក់ថា នឹងតាមសង្កេតមើលស្ថានការណ៍នេះយ៉ាងដិតដល់ជាបន្តទៅទៀត។
ការអះអាង ដកកងទ័ពនេះ អាចនឹងធ្វើឱ្យកើតមានការស្វាគមន៍ពីប្រទេសលោកខាងលិចទាំងឡាយ ដែលកាលពីពេលមុននេះ បានសម្ដែងក្ដីព្រួយបារម្ភ ពាក់ព័ន្ធនឹងនិន្នាការដែលប្រទេសរុស្ស៊ី អាចនឹងជ្រៀតជ្រៀតចូល នៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនខ្លាំងជាងមុន ក្នុងខណៈដែលពួកឧទ្ទាមផ្ដាច់ខ្លួន ដែលរុស្ស៊ីផ្ដល់ការគាំទ្រ បានបើកឆាកប្រយុទ្ធជាមួយទាហានរដ្ឋាភិបាលអ៊ុយក្រែន ក្នុងភូមិភាគនោះ តាំងពីឆ្នាំ2014 មកម្ល៉េះ។
អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់កាលពីដើមខែថា រុស្ស៊ីមានទាហានប្រចាំការ តាមជួរព្រំដែនជាប់គ្នា ភាគខាងកើតរបស់អ៊ុយក្រែន ច្រើនជាង 40,000នាក់ និងជាង 40,000នាក់ទៀតនៅក្នុងគ្រីមៀ ដោយក្នុងនោះប្រមាណជា 50,000នាក់ ជាការដាក់ប្រចាំការថ្មី តែយ៉ាងណាក្ដី ខាងក្រុងម៉ូស្គូ មិនបានផ្ដល់តួលេខណាមួយ ពាក់ព័ន្ធនឹងចំនួនកម្លាំងទាហានរបស់ពួកគេឡើយ។
លោកប្រធានាធិបតី វ្ល៉ូឌីមៀ សេលេនស្គី បានសរសេរនៅក្នុងធ្វីតធើរថា “អ៊ុយក្រែនស្វាគមន៍ចំពោះជំហានណាមួយ ក្នុងការបន្ថយការប្រចាំយោធា និងបន្ថយស្ថានការណ៍ភាពតានតឹងនៅដុងបាស់ (ភាគខាងកើតរបស់អ៊ុយក្រែន)” ព្រមទាំងថ្លែងអំណរគុណកម្លាំងគាំទ្រពីបណ្ដាសម្ព័ន្ធមិត្តអន្តរជាតិទៀតផង។
ដាមីតូ ឃូលេបា រដ្ឋមន្ត្រីការបរទេស បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុងកៀវ មិនដឹងថាក្រុងម៉ូស្គូ មានចេតនាចាប់ផ្ដើមវាយប្រហារ ដែរឬទេ? និងប្រទេសលោកខាងលិច ត្រូវតែបង្ហាញគោលជំរយ៉ាងច្បាស់លាស់ថា ពួកគេនឹងឈរនៅជាមួយអ៊ុយក្រែន បើសិនរុស្ស៊ីចាប់ផ្ដើមវាយប្រហារ។ “ពេលនេះ វាអាចទៅរួច បានទាំង 2ផ្លូវ ហើយនេះគឺហេតុផលដែលថា ហេតុអីបានប្រតិកម្មយ៉ាងមាំមួនរបស់ប្រទេសលោកខាងលិច មានភាពសំខាន់ខ្លាំងបំផុត សម្រាប់ការពារមិនឱ្យពូទីន សម្រេចចិត្តធ្វើដូច្នោះ”
លោក ណិត ផ្រៃស៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រាប់ថា ក្រុងវ៉ាស៊ីនតោន បានដឹងពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់ប្រទេសរុស្ស៊ីហើយ និងកំពុងតាមសង្កេតមើលស្ថានការណ៍តាមបណ្ដោយព្រំដែនយ៉ាងដិតដល់។ “យើងបានឮសេចក្ដីថ្លែងការណ៍នោះហើយ ខ្ញុំគិតថា យើងត្រូវតែសម្លឹងមើលទៅលើទង្វើបន្តទៀត”៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ តាវ៉ែនតា