សារព័ត៌មាន CNN (អាមេរិក) ដកស្រង់សម្ដីរបស់ឧត្តមនាវី Yudo Margono អគ្គមេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី បានឱ្យដឹងដោយយោងទៅលើការគណនាដែលរាប់ចាប់ពីដំណាក់កាលនៅមានទំនាក់ទំនងនាថ្ងៃទី21 ខែមេសាថា នាវាមុជទឹកដែលកំពុងបាត់ខ្លួននោះ នៅមានអុកស៊ីសែនដែលអាចឱ្យក្រុមនាវិកដកដង្ហើមបានត្រឹមតែ 72ម៉ោងទៀតប៉ុណ្ណោះ។
នាវាមុជទឹកផលិតនៅប្រទេសអាល្លឺម៉ង់ KRI Nanggala-402 ត្រូវបានអនុញ្ញាតឱ្យមុជចូលក្នុងទឹកលើកចុងក្រោយ នៅវេលាម៉ោង15 នៃថ្ងៃទី21 ខែមេសា ហើយក្រោយមកក៏បានដាច់ទំនាក់ទំនងជាមួយនឹងក្រុមការងារនៅលើគោក។ ឧត្តមនាវី Margono បានបង្ហើបឱ្យដឹងថា ពេលនោះ KRI Nanggala-402 ទើបតែបានបាញ់មីស៊ីលទឹកចំនួនពីរគ្រាប់ នៅក្នុងសមយុទ្ធក្នុងសមុទ្រ Bali ត្រង់ចន្លោះសមុទ្រ Bali និងមហាសមុទ្រឥណ្ឌា។
លោក Margono បន្ថែមថា កងទ័ពជើងទឹកបានឃើញរលកសញ្ញានៃវត្ថុមួយដែលស្ថិតនៅជម្រៅប្រមាណពី 50-100ម៉ែត្រក្រោមទឹកសមុទ្រ និងមានដែនម៉ាញេទិច ដែលនេះទំនងជាបានជះចេញពីនាវាមុជទឹកដែលកំពុងបាត់ខ្លួន។
នាវាមុជទឹក KRI Nanggala-402 ដែលមានទម្ងន់ 1,395តោន ដែលកំពុងជួបគ្រោះថ្នាក់នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងជួរកងទ័ពឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ1981៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា