ប៉ូលិសជប៉ុន កំពុងបើកការស៊ើបអង្កេត ករណីការវាយប្រហារខាង Cyber ទៅលើអង្គភាព និងក្រុមហ៊ុនជិត 200កន្លែងនៅក្នុងប្រទេសជប៉ុន ដោយសង្ស័យថា ជាស្នាដៃរបស់ក្រុម Hacker ដែលពាក់ព័ន្ធនឹងកងទ័ពចិន។
អង្គភាពសំខាន់ៗរបស់រដ្ឋបាលជប៉ុន ដែលត្រូវហ៊ែកឃើរ ដែលគេសង្ស័យថា ជាសមាជិករបស់បក្សកុម្មុយនីស្តចិន ចោះចូលទិន្នន័យនោះ មានដូចជា ស្ថាប័នត្រួតពិនិត្យនៃប្រទេសជប៉ុន, ក្រុមហ៊ុន Mitsubishi Electronic ដែលមានគ្រោងការពាក់ព័ន្ធនឹងកិច្ចការការពារជាតិ, មហាវិទ្យាល័យ ខេអូ រួមទាំងស្ថាប័នស្រាវជ្រាវកម្រិតខ្ពស់ជាច្រើនកន្លែងរបស់ប្រទេសជប៉ុនទៀតផង។
ទីភ្នាក់ងារត្រួតពិនិត្យអវកាសនៃប្រទេសជប៉ុន ទទួលស្គាល់ថា ប្រព័ន្ធកុំព្យូទ័រ ត្រូវបានលបលួចចោះចូលកាលពីឆ្នាំ2016 តែមិនបានបង្ហើបឱ្យដឹងថា តើមានទិន្នន័យបែកធ្លាយចេញ ឬត្រូវបានកែច្នៃប៉ុនណានោះទេ។
ប្រតិបត្តិការវាយប្រហារខាង Cyber នេះ ដំណើរការដោយក្រុម Hacker ដែលប្រើឈ្មោះថា Tick ដែលស្ថិតនៅក្រោមការបង្គាប់បញ្ជាដោយផ្ទាល់របស់កងទ័ពចិន។
ប៉ូលិសជប៉ុន បានកំណត់មុខសញ្ញាវិស្វករកុំព្យូទ័រជនជាតិចិនម្នាក់ ដែលបានប្រើប្រាស់លេខសម្ងាត់ប្រចាំខ្លួនក្លែងក្លាយ ដើម្បីចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ស្ថាប័នជាច្រើននៅក្នុងប្រទេសជប៉ុន។ បុរសចិន វ័យ ៣០ឆ្នាំរូបនេះ ត្រូវបានគេសង្ស័យថា ធ្លាប់លបលួចចូលប្រើ Server ជាច្រើនកន្លែង ដោយប្រើឈ្មោះក្លែងក្លាយផ្សេងៗគ្នា និងបានបញ្ជូនទិន្នន័យពី Server ទាំងនោះទៅកាន់ក្រុមហ៊ែកឃើរ “Tick”។
ក្រៅពីនេះ នៅបានរកឃើញទៀតថា មាននិស្សិតចិនម្នាក់ ដែលបានជួល Server ជាច្រើន Server នៅក្នុងប្រទេសជប៉ុន ដោយប្រើលិខិតឆ្លងដែនក្លែងក្លាយ ដើម្បីបង្ហាញអត្តសញ្ញាណខ្លួន និងតាមរយៈការស៊ើបអង្កេត គេបានរកឃើញថា និស្សិតម្នាក់នេះ មានពាក់ព័ន្ធជាមួយកងទ័ពចិន។
ខណៈនេះ បុរសវិស្វករ និងនិស្សិតចិនរូបនោះ បានធ្វើដំណើរចាកចេញពីប្រទេសជប៉ុនហើយ។
កងទ័ពចិន មានអង្គភាពដែលប្រើលេខសម្ងាត់ថា 61419 មានមូលដ្ឋាននៅទីក្រុងឈិងតៅ មណ្ឌលសានតុង ប្រទេសចិន ត្រូវបានគេសង្ស័យថា ជាអង្គភាពដែលទទួលខុសត្រូវ ផ្នែកវាយប្រហារខាង Cyber របស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
លោក ខាត់ស៊ឺណូប៊ុ ខាតូ អគ្គលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយអំពីរឿងនេះ ដោយមិនបានបញ្ជាក់ថា ជាស្នាដៃរបស់អ្នកណា ថា “ការវាយប្រហារខាង Cyber ចំពោះអង្គភាពរាជការ និងគ្រោងសាងមូលដ្ឋានគ្រឹះផ្សេងៗនេះ មានការរៀបចំស្ថាប័ន និងមានភាពទំនើបទាន់សម័យកាន់តែខ្លាំងឡើង រដ្ឋបាលជប៉ុន នឹងផ្ដល់ភាពសំខាន់លើរឿងនេះ ដើម្បីទប់ទល់នឹងការវាយប្រហារទាំងនោះ”៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា