កាលពីថ្ងៃទី20 មេសា ទីភ្នាក់ងារព័ត៌មាន South China Morning Post បានរាយការណ៍អំពីសម្ព័ន្ធភាពរវាងប្រទេសចិន និងហ្វ៊ីលីពីន ដែលកំពុងតានតឹងឡើងជាថ្មីម្ដងទៀត ក្រោយពីលោកប្រធានាធិបតី រ៉ូឌ្រីកូ ឌូតឺតេ នៃប្រទេសហ្វ៊ីលីពីន បានថ្លែងថា នឹងបញ្ជូននាវាចម្បាំង ទៅតតាំងនឹងកងនាវាចិនប្រមាណជា 240គ្រឿង ដែលចតត្រាំ មិនព្រមទៅណា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វ៊ីលីពីន ក្នុងដែនទឹកសមុទ្រចិនខាងត្បូង តាំងពីខែមីនាកន្លងទៅ ទោះជាអាជ្ញាធរហ្វ៊ីលីពីនទាមទារឱ្យដកកងនាវាទាំងនោះចេញ ជាច្រើនដងហើយក៏ដោយ តែប្រទេសចិន បែរជាអះអាងថា វាគ្រាន់តែជាកប៉ាលនេសាទ និងមានមូលហេតុចាំបាច់ ត្រូវចតបណ្ដែតខ្លួននៅក្នុងបរិវេណនោះសិន។
“បើយើងទៅទីនោះ ដើម្បីអះអាងពីតំបន់ក្នុងអំណាចតុលាការរបស់យើង វានឹងមានការបង្ហូរឈាមគ្នា… ពេលនេះ ខ្ញុំមិនបានចាប់អារម្មណ៍រឿងការនេសាទប៉ុន្មានទេ ខ្ញុំមិនគិតថា វាមានត្រីច្រើន ដល់ថ្នាក់មកឈ្លោះគ្នានោះទេ” លោកឌូតឺតេ ថ្លែងបានបែបនេះ ក្នុងខណៈធ្វើសេចក្ដីថ្លែងព័ត៌មាន តាមស្ថានីយទូរទស្សន៍ កាលពីព្រលប់ថ្ងៃចន្ទ ទី19មេសា។
ហើយលោកបានបន្តទៀតថា បើសិនជាអនាគត មានជម្លោះវិវាទពាក់ព័ន្ធនឹងធនធានធម្មជាតិខាងសមុទ្រ លោកនឹងបញ្ជូននាវារបស់អង្គភាពសន្តិសុខព្រំដែនសមុទ្រ ចេញទៅ ៥គ្រឿង “ពួកគេអាចដេញតាមប្រមាញ់… ពួកគេនឹងលេងដោយខ្លួនឯង ប៉ុណ្ណឹងក៏បានណាស់ទៅហើយ ហើយចាំមើលមើល៍ថា តើអ្នកណាខ្លាំងជាងអ្នកណា? តែពេលណាដែលយើងចាប់ផ្ដើមការជីកខួង ពេលយើងចាប់ផ្ដើមបាន អ្វីក៏ដោយដែលនៅក្រោមសមុទ្រចិន ដូចជាប្រេងរបស់យើង ដល់ពេលនោះ ខ្ញុំនឹងបញ្ជូននាវាពណ៌ប្រផេះ ទៅទីនោះ ដើម្បីទាមទារសិទ្ធិដែលយើងមាន”
បើពួកគេ ចាប់ផ្ដើមចោះខួងប្រេងនៅទីនោះ ខ្ញុំនឹងសួររដ្ឋបាលចិនថា តើទីនោះ វាជាចំណែកមួយក្នុងកិច្ចព្រមព្រៀងរបស់យើងដែរឬទេ? បើមិនមែនកិច្ចព្រមព្រៀង ខ្ញុំក៏នឹងចោះខួងយកប្រេងនៅទីនោះដែរ បើពួកគេបានប្រេងនោះ ក៏ប្រហែលជាដល់ពេលហើយ ដែលយើងគួរតែចាប់ផ្ដើមដូចគ្នា។ លោកឌូតឺតេ បានបញ្ជាក់បែបនេះ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា