ថ្ងៃទី20 មេសា ទីភ្នាក់ងារព័ត៌មាន Daily mail បានរាយការណ៍ស្ថានការណ៍តានតឹង រវាងរុស្ស៊ីនឹងអ៊ុយក្រែនថា នាវាចម្បាំងរុស្ស៊ីច្រើនជាង 20គ្រឿង បានចូលរួមធ្វើសមយុទ្ធ ជាមួយយន្តហោះប្រដេញរបស់កងទ័ពអាកាសរុស្ស៊ីនៅក្នុងមហាសមុទ្រខ្មៅ។
នាវាចម្បាំងទាំងនោះ ប្រកបដោយ នាវាពិឃាត នាវាចម្បាំងផ្ទុកកាំជ្រួចមីស៊ីល និងនាវាប្រឆាំងនាវាមុជទឹក រួមទាំងហ្វូងយន្តហោះប្រដេញ ដែលហោះបានក្នុងកម្ពស់ទាបបំផុត ក្នុងស្ថានភាពធាតុអាកាសអាក្រក់ខ្លាំង។
ក្រសួងការពារប្រទេសរុស្ស៊ី បានថ្លែងថា យន្តហោះប្រដេញ ច្រើនជាង 50គ្រឿង បានចល័តកម្លាំងចូលទៅក្នុងឈូងសមុទ្រគ្រីមៀ និងបានបង្ហាញភ័ស្តុតាងអះអាង ជារូបភាពផ្កាយរណបរបស់មូលដ្ឋានទ័ពអាកាសឈូងសមុទ្រគ្រីមៀ 2កន្លែង គឺ រ៉ូហ្វស្កូយេ និងសាគី។
ក្រៅពីនេះ កងទ័ពជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ី បានធ្វើសមយុទ្ធប្រឆាំងការបង្កភេរវកម្ម បាញ់កាំជ្រួញមីស៊ីល និងប្រតិបត្តិភារកិច្ចហ្វឹកហាត់ការប្រយុទ្ធក្រោមទឹកទៀតផង។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានយោងតាមក្រសួងការពារប្រទេសរាយការណ៍កាលពីសប្ដាហ៍កន្លងទៅថា ក្រុងម៉ូស្គូ មានចេតនាក្នុងការបិទផ្នែកខ្លះរបស់សមុទ្រខ្មៅ មិនឱ្យកងយោធាបរទេស និងនាវាគ្រប់ប្រភេទឆ្លងកាត់រយៈពេល 6ខែ។
សកម្មភាពទាំងនេះ អាចនឹងបង្កផលប៉ះពាល់ដល់ការចូលទៅដល់កំពង់ផែរបស់ប្រទេសអ៊ុយក្រែន នៅក្នុងសមុទ្រអាសូហ្វ ដែលតភ្ជាប់ទៅនឹងសមុទ្រខ្មៅ តាមរយៈច្រកសមុទ្រឃើចឆ៍ ភាគខាងកើតរបស់គ្រីមៀ។
កាលពីថ្ងៃចន្ទកន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអធិប្បាយពីផែនការទាំងនោះថា ជាការលើកកម្ពស់ ដែលបានពិសោធ ឱ្យឃើញពីការជំរុញជាបន្តបន្ទាប់របស់ក្រុងម៉ូស្គូ ដើម្បីវាយកម្ទេច និងធ្វើឱ្យប្រទេសអ៊ុយក្រែនគ្មានស្ថិរភាព។
សហភាពអឺរ៉ុប បានហៅទាំងអស់នេះថា “ការវិវឌ្ឍ ដែលគួរឱ្យព្រួយបារម្ភបំផុត” ក្នុងខណៈដែលអង្គការសន្ធិសញ្ញាការពារទ្វីបអាត្លង់ទិកខាងជើង ឬ NATO បានសម្ដែងក្ដីកង្វល់ និងអំពាវនាវឱ្យប្រទេសរុស្ស៊ីធានា “ការចូលទៅដល់យ៉ាងសេរី” ទៅកាន់កំពង់ផែរបស់ប្រទេសអ៊ុយក្រែន។
សកម្មភាពខាងកងទ័ពជើងទឹក បានបង្កើនភាពតានតឹងខាងកងទ័ពជើងគោក ដោយសារតែទាហានរុស្ស៊ី 150,000នាក់ បានកសាងមូលដ្ឋានកងទ័ពនៅក្នុងបន្ទាយទាហាន ប្រកៀកជាប់ព្រំដែនប្រទេសអ៊ុយក្រែន និងឈូងសមុទ្រគ្រីមៀ ដែលស្ថិតក្នុងកម្រិតខ្ពស់មួយ ដែលមិនធ្លាប់មានពីមុនមក កាលពីមិនប៉ុន្មានសប្ដាហ៍កន្លងទៅ តាំងពីប្រទេសរុស្ស៊ីឈ្លានពាន ដណ្ដើមយកឈូងសមុទ្រគ្រីមៀ ធ្វើជាផ្នែកមួយរបស់រុស្ស៊ី ក្នុងឆ្នាំ2014 មក។
ខណៈដែលរដ្ឋបាលរុស្ស៊ី បានថ្លែងថា កងទាហានរបស់ខ្លួន ដែលចូលប្រកៀកព្រំដែនអ៊ុយក្រែននេះ គឺជាការធ្វើសមយុទ្ធ ដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់រុករានណាមួយពីអង្គការណាតូ ចំណែកឯការបិទដែនទឹកនៅក្នុងសមុទ្រខ្មៅនោះ គឺជាការប្រតិបត្តិតាមប្រក្រតី រវាងប្រទេសនីមួយ។
ចំណែកលោក ដមីត្រូ ឃូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានជំរុញឱ្យសហភាពអឺរ៉ុប ឬ EU ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីជាថ្មីម្ដងទៀត ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស 27ប្រទេសក្នុង EU រួចមក ប៉ុន្តែលោក យូសេហ្វ បារេលល៍ អគ្គនាយកនយោបាយអន្តរជាតិរបស់ EU បានប្រាប់ថា ពេលនេះ មិនទាន់មានវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ក្នុងការស្នើ ឬពិចារណាណាមួយអំពីរឿងនេះនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា