Skip to content

George Floyd! តុលាការ​អាមេរិក ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​អតីតមន្ត្រី​ប៉ូលិស ​ទាក់​ទង​នឹង​រឿង​ក្ដី​​នេះ​

កាលពី​ថ្ងៃទី20មេសា (ម៉ោង​នៅ​អាមេរិក) អតីតមន្ត្រី​នគរបាល​ឈ្មោះ Derek Chauvin ជា​អ្នក​ដែល​បានធ្វើ​ឱ្យមាន​ករណី​ស្លាប់​ចំពោះ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd និង​នាំឱ្យ​សហរដ្ឋអាមេរិក ធ្លាក់​ទៅក្នុង​អំពើហិង្សា​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​អស់​ជាច្រើន​ខែ​ក្នុង​ឆ្នាំ2020 ពេលនេះ​ត្រូវបាន​តុលាការ​សម្រេច​ថា មានទោស​ចំនួន​បី គឺ​ទោស​សម្លាប់​មនុស្ស​កម្រិត​ពីរ, ទោស​សម្លាប់​មនុស្ស​កម្រិត​បី និង​ទោស​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា។

បុគ្គល​ដែល​មានទោស​មនុស្សឃាត​កម្រិត​ពីរ ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​យ៉ាង​យូរ 40ឆ្នាំ ចំណែក​ទោស​មនុស្សឃាត​កម្រិត​បី​នឹងត្រូវ​ជាប់ពន្ធនាគា​រយ៉ា​ង​យូរ 25ឆ្នាំ រីឯ​ទោស​មនុស្សឃាត​ដោយ​អ​ចេតនា នឹងត្រូវ​ជាប់ពន្ធនាគា​រ​យ៉ាង​យូរ​​ត្រឹម​10​ឆ្នាំ។ ចៅក្រម Peter Cahill បានឱ្យដឹងថា សាលក្រម​នេះ​នឹង​ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ ក្រោយ​រយៈពេល 8សប្ដាហ៍​ទៀត។

អ្នក​ទោស​ Derek Chauvin ត្រូវ​បាន​ដាក់​ខ្នោះ​ និង​នាំ​ខ្លួន​ចេញពី​តុលាការ​

នៅក្នុង​សេចក្ដីប្រកាស​មួយ មេធាវី Ben Crump តំណាងឱ្យ​គ្រួសារ​ជនរងគ្រោះ Floyd បានឱ្យដឹងថា ករណីនេះ​គឺជា​របត់​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក។

សវនាការ​កាត់ទោស​ម​ន្ត្រី​ប៉ូលិស​ឈ្មោះ Chauvin បានចាប់ផ្ដើម​តាំងតែ​ពី​ចុងខែ​មីនា ហើយ​បានបញ្ចប់​នៅ​ថ្ងៃទី19មេសា។ នេះ​គឺជា​ករណី​ដែល​បាន​នាំឱ្យមាន​ចលនា​បាតុកម្ម​ទូទាំងប្រទេស ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​នៅ​សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ2020 បន្ទាប់ពី​មហា​រោគរាតត្បាត Covid-19  បានបង្ហាញ​ខ្លួន​នៅទីនេះ។

ក្រោយពី​តុលាការ​ប្រកាស​សាលក្រម​បញ្ជាក់ថា ជនសង្ស័យ Chauvin មានទោស មនុស្ស​រាប់ពាន់នាក់ ពិសេស​នៅក្នុង​តំបន់ Minneapolis ជា​កន្លែងកើតហេតុ បាន​ប្រមូល​ផ្ដុំគ្នា​នៅលើ​ដងផ្លូវ​ដើម្បី​សំដែង​ការ​សាទរ។ នៅ​ចំពោះ​ក្រុម​អ្នកយកព័ត៌មាន មិត្តស្រី​របស់​ជនរងគ្រោះ Floyd នាង Courteney Batya Ross បាន​ថ្លែងថា នាង​ជឿថា Floyd មាន​មូលហេតុ​ដើម្បី​រស់។

ពលរដ្ឋ​រាប់​ពាន់​នាក់ សាទរ​ចំពោះ​ការ​ផ្ដន្ទា​ទោស​នេះ​

ចំណែក​ប្រធានាធិបតី Joe Biden វិញ ក៏បាន​សម្រេច​ពន្យារពេល​ការធ្វើ​សេចក្ដីថ្លែងការណ៍​អំពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​លោក​កំពុង​មានបំណង​បញ្ចុះបញ្ចូល​សភា​ឱ្យធ្វើ​ការអនុម័ត​យល់ព្រម ដើម្បី​បាន​ថ្លែងការណ៍​នៅ​ចំពោះ​សាធារណជន​អំពី​ករណី​ផ្ដន្ទាទោស​លើ​អ្នកទោស Derek Chauvin។

សវនាការ​កាត់ទោស​អតីតមន្ត្រី​ប៉ូលិស​ចំនួន 3នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ Georg Floyd គឺ​ឈ្មោះ Thomas Lane, J. Alexander Kueng និង Tou Thao នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ខែសីហា​ខាងមុខ។

បងប្រុសរបស់ George Floyd ជូតទឹកភ្នែក បន្ទាប់ពីសាលក្រមតុលាការត្រូវបានប្រកាស

សូម​រំលឹកថា ជនរងគ្រោះ​ឈ្មោះ George Floyd បាន​ស្លាប់​ដោយសារ “បេះដូង និង​សួត​លែង​ដំណើរការ ព្រោះតែ​ត្រូវ​ប៉ូលីស​ចាប់​ផ្ដួល និង​សង្កត់​កដោយ​ជង្គង់” កាលពី​ថ្ងៃទី25ឧសភា ឆ្នាំ2020 នៅពេល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចាយលុយ​ក្លែងក្លាយ។ ហេតុការណ៍​នេះ​បាន​នាំឱ្យមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅក្នុង​ទីក្រុង​យ៉ាងតិច​ចំនួន​140 នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​យុត្តិធម៌​ជូន Floyd។ បាតុកម្ម​ទាំងនោះ បាន​នាំឱ្យមាន​អំពើហិង្សា ការ​ឆក់​ប្លន់ និង​ការបំផ្លិចបំផ្លាញ​ទ្រព្យ​ជាច្រើន​កើតឡើង ហើយ​មនុស្ស​ប្រមាណ​ជាជាង 4,400នាក់​ត្រូវបាន​ចាប់ខ្លួន៕

ប្រភព៖ CNN
ប្រែសម្រួល​៖ បុត្រា​

Leave a Reply

Your email address will not be published. Required fields are marked *