អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng បានប្រកាសថា ប្រទេសនេះមិនអនុញ្ញាតឱ្យតៃវ៉ាន់ឯករាជ្យ ហើយថា បានត្រៀមខ្លួនជាស្រេច ដើម្បីបម្រួបបង្រួម ដោយមិនបោះបង់ជម្រើសណាមួយឡើយ។
«ការបង្រួបបង្រួមប្រទេស រវាងកោះតៃវ៉ាន់ និងចិនដីគោក គឺជាដំណើរការប្រវត្តិសាស្ត្រមួយ ដែលមិនត្រូវបានរារាំងដោយបុគ្គល និងកម្លាំងណាមួយ។ យើងមិនទុកឱ្យតៃវ៉ាន់ឯករាជ្យ» លោក Le Yucheng បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី16មេសា។
នៅពេលត្រូវបានសួរអំពីពេលវេលាជាក់លាក់សម្រាប់ការបង្រួបបង្រួម លោក Le Yucheng បញ្ជាក់ថា «នោះគឺជាដំណើរការនៃប្រវត្តិសាស្ត្រ» ហើយថា ចិនប្ដេជ្ញាជំរុញយុទ្ធនាការបង្រួបបង្រួមប្រទេស។
«យើងបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើគ្រប់យ៉ាងដែលអាចបង្រួបបង្រួម និងសន្តិភាព។ ប្រការនេះមានន័យថា យើងមិនសន្យាថានឹងបោះបង់ជម្រើសផ្សេងៗឡើយ» នេះបើតាមសម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng។
ការលើកឡើងរបស់លោក Le Yucheng ត្រូវបានធ្វើឡើងបន្ទាន់ពីប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ចេញសេចក្ដីប្រកាសរួមស្ដីអំពីបញ្ហាកោះតៃវ៉ាន់។ ចិនយល់ថា នេះគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបញ្ជូនសញ្ញាថា សហរដ្ឋអាមេរិក-ជប៉ុន កំពុងព្យាយាមរារាំងសកម្មភាពរបស់ទីក្រុងប៉េកាំងដែលមានបំណងបង្រួបបង្រួមប្រទេស។
លោក Le Yucheng សង្កត់ធ្ងន់ថា គោលការណ៍ «ចិនតែមួយ» គឺជាបន្ទាត់ក្រហមរបស់ប្រទេសចិន ហើយគ្មាននរណាម្នាក់គួរឆ្លងកាត់វានោះទេ បើទោះជានៅថ្នាក់ទាប ឬថ្នាក់ខ្ពស់។ «បញ្ហាតៃវ៉ាន់ គឺត្រូវយោងទៅលើផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។ ជាសាមញ្ញគឺថា ពុំមានកន្លែងសម្រាប់កិច្ចព្រមព្រៀងណាមួយឡើយ»។
ចិនដីគោក តែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ដោយរង់ចាំតែពេលវេលាបង្រួបបង្រួមប៉ុណ្ណោះ បើទោះជាត្រូវប្រើប្រាស់កម្លាំងបាយ។ ភាពតានតឹងបានកើនឡើងនៅលើតំបន់ប្រទាញប្រទង់នេះ នៅពេលចិនដីគោក បានបង្កើនវត្តមាន និងធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ បង្ខំឱ្យកោះនេះបង្កើនការវិនិយោគទៅលើវិស័យយោធាដើម្បីពង្រឹងកម្លាំងការពារខ្លួន៕
ប្រភព៖ Global Times
ប្រែសម្រួល៖ បុត្រា