សារព័ត៌មាននៃប្រទេសអង់គ្លេស បានបើកកកាយអាថ៌កំបាំង ស្ដីពីជីវិតពលករចំណាកស្រុកនៅក្នុងប្រទេសកាតារ៍ ដែលធ្វើការងារ ពាក់ព័ន្ធនឹងភាពត្រៀមរួចជាស្រេច ក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2022 ឬ World Cup 2022 ដែលបានយកជីវិតទៅចោល នៅក្នុងដែនដីមជ្ឈិមបូព៌ា អស់រួចហើយជាង 6,500នាក់ ជាពិសេសពលករដែលទៅពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូង ដោយឯកសារផ្លូវការ បានបញ្ជាក់ថា ភាគច្រើនបណ្ដាលមកពីមូលហេតុខាងធម្មជាតិ។
សារព័ត៌មាន “ដឹ ហ្គាដៀន” ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ ដែលបានរកឃើញថា គិតចាប់តាំងពី ប្រទេសកាតារ៍ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2022 កាលពីឆ្នាំ2011 រហូតមកដល់អំឡុងចុងឆ្នាំ2020 កន្លងមក មានពលករចំណាកស្រុក ដែលធ្វើការពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនេះ មិនថាតែការកសាងកីឡដ្ឋាន, ទីលានបាល់ទាត់ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ បានសម្លាប់ជីវិតមនុស្សរួចហើយ អស់ជាង 6,500នាក់ នេះរាប់ចំពោះតែពលករ ដែលទៅពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូងប៉ុណ្ណោះ ឬគិតជាមធ្យម គឺស្លាប់ក្នុង 1សប្ដាហ៍ដល់ទៅ 12នាក់ឯណោះ។
របាយការណ៍របស់ដឹ ហ្គាដៀន បានយោងតាមតួលេខផ្លូវការរបស់ប្រទេសកាតារ៍ ដែលបានបញ្ជាក់ថា ក្នុងចំនួនពលករមកពីអាស៊ីខាងត្បូងជាង 6,500នាក់ដែលបានស្លាប់ ក្នុងអំឡុងជិត 1ទសវត្សរ៍កន្លងទៅនោះ ចែកចេញជា ពលករទៅពីប្រទេសឥណ្ឌា 2,711នាក់ ពីនេប៉ាល់ 1,461នាក់ ពីបង់ក្លាដែស 1,018នាក់ ពីប៉ាគីស្ថាន 824នាក់ និងទៅពីស្រីលង្កា 557នាក់ ដោយការរកឃើញនេះ នៅមិនទាន់រួមជាមួយពលករ ទៅពីភូមិភាគផ្សេងទៀត ដូចជាពលករទៅពីទ្វីបអាហ្វ្រិក ជាពិសេសប្រទេសឃេនយ៉ា រួមទាំងភូមិភាគផ្សេងៗរបស់ទ្វីបអាស៊ី ដូចជាពលករហ្វ៊ីលីពីន ដែលមានចំនួនដ៏ច្រើនមហាសាលដូចគ្នា។ តែយ៉ាងណាក៏ដោយ រដ្ឋបាលនៃប្រទេសកាតារ៍ បានបញ្ជាក់ថា ចំនួនពលករដែលស្លាប់នេះ ត្រូវបានចាត់ទុកថា ជាចំណែកមួយដែលប្រក្រតី បើប្រៀបធៀបនឹងអំឡុងពេល 1ឆ្នាំៗនៃចំនួនពលករបរទេសដែលចូលមកធ្វើការនៅក្នុងប្រទេសមួយនេះ។
ក្រៅពីនេះ សារព័ត៌មានល្បីរបស់ប្រទេសអង់គ្លេសមួយនេះ ថែមទាំងបានបញ្ជាក់ទៀតផងថា តាមដែលអាចស្រាវជ្រាវរកឃើញនោះ មាន 37នាក់ បានស្លាប់ក្នុងខណៈប្រតិបត្តិការងារ ក្នុងការកសាងទីលានបាល់ទាត់ថ្មីទាំង 7កន្លែង ដែលម្ចាស់ផ្ទះ ត្រៀមទុកសម្រាប់រៀបចំការប្រកួត World Cup 2022 ផ្ទាល់តែម្ដង ខណៈដែលអ្នកស្លាប់ភាគច្រើន គឺជាពលករដែលធ្វើការក្នុងគ្រោងការដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ខណៈដែលមូលហេតុនៃការស្លាប់ទាំងអស់នោះ មានតាំងពី ការត្រូវវត្ថុរឹងបុកប៉ះ ការខ្វះខ្យល់ដកដង្ហើម រហូតដល់ការចងកសម្លាប់ខ្លួន តែមូលហេតុភាគច្រើន ដែលបានបញ្ជាក់នៅក្នុងឯកសារផ្លូវការនោះគឺ ការស្លាប់ដោយសារមូលហេតុធម្មជាតិភាគច្រើន មិនថាតែគាំងបេះដូង ឬមូលហេតុបណ្ដាលមកពី សភាពធាតុអាកាស ដែលក្ដៅខ្លាំងរបស់ប្រទេសកាតារ។
ទាំងអស់នេះ ប្រទេសកាតារ៍ រួមទាំងប្រទេសជាច្រើនទៀតនៅក្នុងភូមិភាគមជ្ឈិមបូព៌ា ត្រូវបានចាត់ទុកថា ជាប្រទេសដែលពឹងពាក់លើពលករបរទេសជាចម្បង ក្នុងចំនួនប្រជាជន 2.6លាននាក់នោះ មានអ្នកដែលមានសញ្ជាតិកាតារ៍ តែប្រមាណជា 313,000នាក់ប៉ុណ្ណោះ ចំណែក 2.3លាននាក់ទៀត ជាពលករចំណាកស្រុកបរទេស ដោយកាលពីពេលមុននេះ ប្រទេសនៅពីដែនដីមជ្ឈិមបូព៌ាមួយនេះ តែងតែត្រូវបានគេសង្ស័យ ពីរឿងការប្រតិបត្តិចំពោះពលករចំណាកស្រុកបរទេស រួមទាំងរឿងសិទ្ធិមនុស្សជាបន្តបន្ទាប់ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា