នាវិកអាមេរិកបានបង្ហោះវីដេអូមួយបង្ហាញអំពីយន្តហោះចម្បាំងកំពុងចុះចតលើនាវាផ្ទុកយន្តហោះចម្បាំង Liaoning របស់ចិន ខណៈដែលរូបភាពពីផ្កាយរណបបង្ហាញថា នាវាចម្បាំងអាមេរិកចំនួនបីគ្រឿង ដេញតាមពីក្រោយនាវាផ្ទុកយន្តហោះចិន។
យោងតាមវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី17មេសា ក្រុមប្រយុទ្ធនាវាចម្បាំងចិន Liaoning ធ្វើដំណើរនៅលើសមុទ្រចិនខាងត្បូង ដែលវីដេអូនេះទំនងជាត្រូវបានថតពីលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក។
នៅក្នុងវីដេអូ គេឃើញមានយន្តហោះចម្បាំង J-15 ចុះចតលើនាវាផ្ទុកយន្តហោះ Liaoning ធ្វើឱ្យក្រុមនាវិកមានការភ្ជាក់ផ្អើល។ នៅជុំវិញនាវាផ្ទុកយន្តហោះចិន គឺជាក្រុមនាវាអមដំណើរដែលមាននាវាចម្បាំងការពារដែនអាកាស Type-052D យ៉ាងតិចមួយគ្រឿង និងនាវាចម្បាំងធុនធ្ងន់ Type-055 មួយគ្រឿង។
រូបភាពដែលត្រូវបានថតដោយផ្កាយរណបកាលពីថ្ងៃទី16មេសា បង្ហាញថា ក្រុមប្រយុទ្ធនាវាចម្បាំង Liaoning របស់ចិន ធ្វើដំណើរនៅលើសមុទ្រចិនខាងត្បូង ចម្ងាយជិត500គីឡូម៉ែត្រទៅទិសអាគ្នេយ៍នៃមូលដ្ឋានទ័ព Yulin Naval នៅលើកោះហៃណាននៃប្រទេសចិន។
ក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះចិន រួមមាន នាវាផ្ទុកយន្តហោះ Liaoning, នាវាចម្បាំង Type-055 មួយគ្រឿង, នាវាចម្បាំងការពារដែនអាកាស Type-052D មួយគ្រឿង, នាវាចម្បាំង Type-054A មួយគ្រឿង និងនាវា Type-901 មួយគ្រឿង។ ក្រុមនាវាចម្បាំងដែលផ្លាស់ទីក្បែរក្រុមប្រយុទ្ធរបស់ចិនទាំងបីទិសគឺក្រុមនាវាចម្បាំង Arleigh Burke របស់សហរដ្ឋអាមេរិក។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក និងចិន មិនទាន់មានការអធិប្បាយអ្វីអំពីព័ត៌មាននេះនៅឡើយ។
ព្រឹត្តិការណ៍ខាងលើនេះ បានកើតឡើងបន្ទាប់ពីក្រុមចម្បាំងនាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt និងក្រុមនាវាវាយឡើងច្រាំង USS Makin Island បានចាកចេញពីសមុទ្រចិនខាងត្បូង។ ក្នុងព្រឹត្តិការណ៍នេះ គេមិនបានដឹងច្បាស់ថា មាននាវាចម្បាំងអាមេរិកតាមពីក្រោយក្រុមនាវាផ្ទុកយន្តហោះចម្បាំងចិនដែរ ឬអត់នោះទេ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ធ្លាប់បានបញ្ជាឱ្យនាវា USS Mustin ដេញតាមពីក្រោយនាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning កាលពីថ្ងៃទី10មេសា នៅពេលវាចូលទៅកាន់សមុទ្រចិនខាងត្បូង។
ភាពតានតឹងខាងលើបានកើតឡើងចាប់តាំងពីថ្ងៃទី7មីនា នៅពេលដែលកប៉ាល់នេសាទចិនរាប់រយគ្រឿងនាំគ្នាចតនៅក្បែរថ្មប៉ប្រះទឹក Whitsun ដែលប្រទេសចិន ហ្វីលីពីន និងវៀតណាម អះអាងថាជារបស់ខ្លួន៕
ប្រភព៖ Express, SCMP
ប្រែសម្រួល៖ បុត្រា