បើសិនជាការសិក្សានៅលើឆ្នេរសមុទ្រគឺជាក្ដីស្រមៃ នោះក្ដីស្រមៃនេះបានក្លាយជាការពិតហើយសម្រាប់សិស្សជាច្រើនរូបនៅតំបន់ Murcia នៃប្រទេសអេស្ប៉ាញ។
ក្រោយរយៈពេលមួយឆ្នាំដែលត្រូវរៀនពីចម្ងាយ ដោយសារបំរាមគោចរ និងគម្លាតសង្គមដើម្បីបង្ការCovid-19 សាលា Felix Rodriguez de la Fuente នៅតំបន់ Murcia បានបង្កើតថ្នាក់រៀននៅលើឆ្នេរសមុទ្រដើម្បីប្រើប្រាស់បរិយាកាសប្រកបដោយខ្យល់បរិសុទ្ធដែលត្រូវគេជឿថា កម្រមានហានិភ័យនៃការឆ្លងវីរុសCovid-19។
ប៉ុន្តែ សិស្សដែលមកកាន់ «សាលារៀន» នៅលើឆ្នេរសមុទ្រ Playa de los Nietos នេះ នៅតែត្រូវពាក់ម៉ាស់ និងអង្គុយលើកៅអីដែលត្រូវបានគេរៀបចំទៅតាមការកំណត់ដើម្បីរក្សាគម្លាតសុវត្ថិភាព។ គ្រូបង្រៀនម្នាក់ ឈ្មោះ Juan Francisco Martinez បានឱ្យដឹងថា សិស្សទាំងអស់ សុទ្ធតែមានអារម្មណ៍សប្បាយរីករាយ ហើយនឹងមានអនុស្សាវរីយ៍ពិបាកបំភ្លេចបាន។
សាលារៀននេះគឺជាផ្នែកមួយនៃគម្រោងមួយដែលមានឈ្មោះថា «Fresh Air» (ខ្យល់បរិសុទ្ធ) ក្នុងបំណងនាំមកនូវខ្យល់ល្អបរិសុទ្ធសម្រាប់ក្មេងៗនៅក្នុងសម័យCovid-19។ ក្រុមគ្រូបង្រៀននឹងត្រូវបង្រៀនសិស្សនៅលើឆ្នេរខ្សាច់សមុទ្រ ចាប់ពីម៉ោង8ព្រឹកជារៀងរាល់ថ្ងៃ។
គម្រោងខាងលើនេះ មានថ្នាក់រៀនចំនួន8 ហើយសិស្សមានអាយុចាប់ពី3-12ឆ្នាំ។ ថ្នាក់រៀនទាំងនេះ នៅតែសិក្សាទៅតាមថ្នាក់ដែលពួកគេធ្លាប់បានរៀនកន្លងមក។ មកដល់បច្ចុប្បន្ន ពុំមានករណីឆ្លង Covid-19 ណាមួយដែលត្រូវបានរកឃើញនៅក្នុងថ្នាក់រៀនទាំងនេះទេ។ សិស្សទាំងឡាយ សុទ្ធតែពេញចិត្តនឹងរបៀបសិក្សានេះ ព្រោះពួកគេបាននៅខាងក្រៅ បានជួបមិត្តភ័ក្ដិ មានអារម្មណ៍ស្រស់ស្រាយជាងការរៀនតាមកុំព្យូទ័រនៅឯផ្ទះ។
ដើម្បីរួមចំណែកជួយឱ្យសកម្មភាពសិក្សាកាន់តែរស់រវើក និងកាន់តែអស្ចារ្យ ពលរដ្ឋក្នុងតំបន់ថែមទាំងបានតុបតែងខ្លួនជាទាហាន ឬជាអ្នកនេសាទ ដើម្បីណែនាំប្អូនៗអំពីប្រវត្តិសាស្ត្រ, របរនេសាទ និងមុខរបរចិញ្ចឹមជីវិតផ្សេងទៀតរបស់ប្រជាជនក្នុងតំបន់។ គ្រូបង្រៀនឈ្មោះ Alfonso Vera ឱ្យដឹងថា អ្នកស្រុកក្នុងភូមិបានបង្រៀនក្មេងៗអំពីវិធីស្ទូចត្រី និងចែករំលែកអំពីរបៀបដែលពួកគេស្វែងរកអាហារនៅក្នុងគ្រាលំបាកបំផុត ដូចជាសម័យCovid-19 នេះជាដើម៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា