មនុស្សមួយក្រុមបាននាំគ្នាធ្វើបាតុកម្មមួយដែលត្រូវគេដាក់ឈ្មោះថា «ជីវិតរបស់ជនស្បែកសសំខាន់» នៅតំបន់ Huntington Beach នៃរដ្ឋ California ក៏ប៉ុន្តែ មិនបានយូរប៉ុន្មានក៏ក្លាយជាបាតុកម្មហិង្សា។
បាតុកម្ម «ជីវិតជនស្បែកសសំខាន់» ដើម្បីប្រឆាំងនឹងចលនា «ជីវិតជនស្បែកខ្មៅសំខាន់» ត្រូវបានធ្វើឡើងនៅកំពង់ផែ Huntington Beach ក្នុងរដ្ឋ California រសៀលថ្ងៃទី11មេសា។ ព្រឹត្តិការណ៍នេះបានក្លាយជាបាតុកម្មហិង្សា នៅពេលក្រុមបាតុករ និងក្រុមប្រឆាំងបាតុករបានប្រឈមមុខដាក់គ្នា និងឈានដល់ការវ៉ៃតប់គ្នា។
ប្រមាណជា 90នាទី បន្ទាប់ពីបាតុកម្មត្រូវបានធ្វើឡើង កងកម្លាំងប៉ូលិសបានស្នើឱ្យក្រុមបាតុករ «ប្រឆាំងការរើសអើងលើជនស្បែកស» រំសាយគ្នា និងបានចាត់ទុកថា ជាសកម្មភាពប្រមូលផ្ដុំដោយខុសច្បាប់ និង «មិនសមហេតុផល»។
ក្រុមបាតុករជនជាតិស្បែកសភាគច្រើនហែក្បួនដោយដៃទទេ និងស្រែកជ័យឃោសន៍គាំទ្រសហគមន៍នេះ។ ក្រុមមន្ត្រីឱ្យដឹងថា បានចាប់ខ្លួនបុគ្គលមួយចំនួនដែលយកកាំបិត និងបំពង់បាញ់ឧស្ម័នបង្ហូរទឹកភ្នែកតាមខ្លួន។
ក្រុមប៉ូលិសក៏បានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលប្រឆាំងនឹងបាតុកម្មខាងលើ ក្នុងនោះក៏មានបុរសជនជាតិស្បែកខ្មៅម្នាក់ ដោយចោទថា «រំលោភលើគោលការណ៍ហាមបង្កសំឡេងរំខាននៅទីសាធារណៈ»។ ស្នងការប៉ូលិសក្រុង Hungton Beach លោក Brian Smith ក្រោយមកក៏បានបញ្ជាក់ថា បានចាប់ខ្លួនមនុស្សទីពីរ ដោយសារព្យាបាលរារាំងមិនឱ្យក្រុមប៉ូលិសចាប់ខ្លួនបុរសស្បែកខ្មៅដំបូង។
មុនបាតុកម្មខាងលើកើតឡើង គេឃើញមានក្រុមមួយដែលមានឈ្មោះថា «Loyal White Knights» បានបង្ហោះសារនៅលើ Telegram អំពាវនាវឱ្យធ្វើបាតុកម្មដើម្បី «ស្ដារឡើងវិញនូវស្មារតីជាតិសាសន៍ស្បែកស និងបង្រួបបង្រួមជនជាតិស្បែកស ប្រឆាំងនឹងអំពើរើសអើងសហគមន៍នេះ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមឃ្លាំមើលរាល់សកម្មភាពរបស់ក្រុមបាតុករនានា ដែលអាចប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាថ្មីនៅពេលខាងមុខ៕
ប្រភព៖ News Week, LA Times
ប្រែសម្រួល៖ បុត្រា