ព្រះរាជវាំង Buckingham បានប្រកាសឱ្យដឹងថា ព្រះអង្គម្ចាស់ Philip ដែលជាព្រះស្វាមីរបស់ព្រះមហាក្សត្រី Elizabeth ទីពីរ នៃចក្រភពអង់គ្លេស បានសោយទិវង្គតកាលពីថ្ងៃទី9មេសា ក្នុងព្រះជន្មាយុ 99វង្សា ដោយរោគាពាធ។
សេចក្ដីប្រកាសព័ត៌មានរបស់រាជវាំង Buckingham បានបញ្ជាក់ថា៖ «ព្រះអង្គម្ចាស់បានសោយទិវង្គតនៅវេលាព្រឹកនេះ នាវិមាន Windsor» និងបានឱ្យដឹងថា នឹងប្រកាសព័ត៌មានបន្ទាប់នៅពេលវេលាសមស្រប។
យោងតាមរាជវាំង Buckingham ក្សត្រា Philip និងមហាក្សត្រី Elizabeth ទីពីរ បានរៀបអភិសេកជាមួយគ្នាកាលពីឆ្នាំ1947 និងជាគូក្សត្រា-ក្សត្រីដែលបានដឹកនាំរាជវង្សបានយូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសអង់គ្លេស។ ព្រះអង្គម្ចាស់ Philip បានឈប់បំពេញរាជកិច្ចតាំងពីឆ្នាំ2017។
ក្នុងមួយរយៈពេលចុងក្រោយនេះ សុខភាពរបស់ក្សត្រា Philip បានចុះទ្រុឌទ្រោមជាងមុន ក្នុងនោះ កាលពីឆ្នាំ2019 ទ្រង់ធ្លាប់ត្រូវយាងចូលមន្ទីរពេទ្យរយៈពេល4យប់ទៀតផង ដើម្បីតាមដាន និងព្យាបាលព្រះរោគ។ ថ្មីៗនេះ ព្រះអង្គក៏ធ្លាប់ទទួលការវះកាត់ព្យាបាលបេះដូងដោយជោគជ័យផងដែរ៕
ប្រភព៖ BBC
ប្រែសម្រួល៖ បុត្រា