នារីវ័យក្មេងម្នាក់ ត្រូវគេច្របាច់ករហូតដល់ស្លាប់ បន្ទាប់ពីនាងប្រតិកម្មតបតនឹងបុរសមួយក្រុមដែលបានចាប់ជំរិត និងបង្ខំឱ្យនាងរៀបការ ដែលទង្វើនេះ ត្រូវបានចាត់ទុកថា ជាទម្លាប់អាក្រក់ដែលបន្សល់ពីមនុស្សសម័យបុរាណនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន។
សកម្មភាពដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នាង Aizada Kanatbekova អាយុ 27ឆ្នាំ ត្រូវបានបុរសមួយក្រុមស្ទាក់ផ្លូវ និងចាប់ខ្លួននៅលើដងផ្លូវក្នុងរដ្ឋធានី Bishkek នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) នៅពេលនាងកំពុងបើកបររថយន្តត្រលប់មកផ្ទះ កាលពីថ្ងៃទី5មីនា។
ដំបូងឡើយ បុរសម្នាក់បានព្យាយាមទាញនាងទៅកាន់រថយន្តពណ៌ក្រហមរបស់ពួកគេ ប៉ុន្តែ ដោយសារនាងមិនព្រម ក៏ស្រាប់តែមានបុរសម្នាក់ទៀតបានចូលមកក្បែរ ជួយលើក និងរុញនាងចូលឡាន។ ក្រុមនេះនៅមានបុរសម្នាក់ទៀត ដែលទំនងជាអ្នកចាំមើលស្ថានភាពជុំវិញ។ ជនម្នាក់នេះក៏បានជួយបើកទ្វាររថយន្តដើម្បីឱ្យជនពីរនាក់ទៀត រុញនារីរងគ្រោះចូលក្នុងឡានពណ៌ក្រហម។
នាង Aizada Kanatbekova ត្រូវបានគេជឿថា ជាជនរងគ្រោះនៃអំពើ «ចាប់ជំរិតបង្ខំឱ្យរៀបការ»។ ពីរថ្ងៃក្រោយមក សាកសពរបស់នាងក៏ត្រូវគេរកឃើញនៅជាយក្រុង Bishkek។ ប៉ូលិសបានឱ្យដឹងថា នាងត្រូវគេសម្លាប់ដោយការច្របាច់ក។
ជនដៃដល់នាំមុខគេក្នុងការចាប់ខ្លួន និងសម្លាប់នាង Kanatbekova នោះគឺជាបុរសវវ័យ 36ឆ្នាំម្នាក់ ដែលត្រូវគេរកឃើញថាបានស្លាប់ផងដែរ។ ចំណែកជនដៃដល់មួយចំនួនទៀត ក៏ត្រូវបានចាប់ខ្លួន និងកំពុងរង់ចាំឡើងតុលាការ។ នេះបើតាមទូរទស្សន៍ជាតិ កៀហ្ស៊ីស៊ីស្ថាន។
ករណីខាងលើនេះ បាននាំឱ្យមានការក្ដៅក្រហាយពីប្រជាជននៅកៀហ្ស៊ីស៊ីស្ថានផងដែរ។ មនុស្សប្រមាណជាង 500នាក់ បាននាំគ្នាចេញធ្វើបាតុកម្មនៅក្នុងរដ្ឋធានី Bishkek កាលពីថ្ងៃទី8មេសា ដោយទាមទាររកយុត្តិធម៌ជូននាង Kanatbekova ព្រមទាំងបានស្នើឱ្យស្នងការប៉ូលិស ចុះចេញពីតំណែងទៀតផង។
ការធ្វើបាតុកម្មទាមទារខាងលើនេះ ក៏ព្រោះតែប៉ូលិសមិនបានជួយនារីរងគ្រោះឱ្យទាន់ពេល បើទោះជាសកម្មភាពចាប់ជំរិតត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់យ៉ាងច្បាស់ក៏ដោយ។
អំពើចាប់កូនក្រមុំគេមករៀបការ ឬភាសាក្នុងស្រុកហៅថា Ala Kachuu គឺជាទម្លាប់មួយដែលមានតាំងពីយូរយារមកហើយនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន ហើយវាបានអូសបន្លាយដល់សព្វថ្ងៃ បើទោះជាស្ថិតក្នុងទ្រង់ទ្រាយតូចក្ដី។ ទម្លាប់នេះ អនុញ្ញាតឱ្យពួកបុរសចាប់នារីណាម្នាក់ដែលខ្លួនពេញចិត្ត យកមកផ្ទះ និងបង្ខំឱ្យនាងយល់ព្រមរៀបការជាលាយលក្ខណ៍អក្សរ៕
ប្រភព៖ Daily Mail
ប្រែសម្រួល៖ បុត្រា