របបសឹកភូមា បានចេញបញ្ជាឱ្យតាមចាប់ខ្លួន Han Lay ព្រោះតែបានអំពាវនាវឱ្យពិភពលោក ជួយដល់ប្រទេសរបស់នាង នៅក្នុងព្រឹត្តិការណ៍ប្រលងបវរកញ្ញាសន្តិភាពអន្តរជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ។
សារព័ត៌មាន Global New Light ដែលគ្រប់គ្រងដោយកងទ័ពភូមា កាលពីយប់ថ្ងៃទី6មេសា បានចុះផ្សាយបញ្ជីឈ្មោះរបស់ក្រុមមនុស្សដែលកងប្រទេសនេះកំពុងតាមចាប់ខ្លួន ក្នុងនោះក៏មាន Han Lay ដែលជាបវរកញ្ញាសន្តិភាពមីយ៉ានម៉ា2020 ផងដែរ។ រាប់ចាប់ពីថ្ងៃទី4មេសា សារព័ត៌មាននេះ បានចុះផ្សាយព័ត៌មានស្ដីអំពីការតាមចាប់ខ្លួនអ្នកល្បីឈ្មោះចំនួន100នាក់ហើយ ដែលអ្នកទាំងនេះបានគាំទ្រដល់បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ានម៉ា។
ប្រភពព័ត៌មានពីប្រទេសថៃ និងមីយ៉ានម៉ា ឱ្យដឹងថា បទបញ្ជាតាមចាប់ខ្លួននាង Han Lay នេះ ត្រូវបានរបបសឹកមីយ៉ានម៉ា ធ្វើឡើងបន្ទាប់ពីបវរកញ្ញារូបនេះ សំដែងការប្រឆាំងនឹងរដ្ឋប្រហារយោធា នៅក្នុងព្រឹត្តិការណ៍ប្រលងបវរកញ្ញាសន្តិភាពអន្តរជាតិកាលពីសប្ដាហ៍មុន។ កងទ័ពភូមា ក៏កំពុងតាមចាប់ខ្លួនក្រុមមនុស្សដែលបានជួយ Han Lay ចូលទៅកាន់ប្រទេសថៃផងដែរ។
របបសឹកភូមា មិនទាន់បានអធិប្បាយអ្វីអំពីព័ត៌មាននេះនៅឡើយ ប៉ុន្តែ ប្រភពព័ត៌មាននានាបានឱ្យដឹងថា ការអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដល់មីយ៉ានម៉ា របស់ Han Lay គឺជាដើមហេតុនៃការតាមចាប់ខ្លួននេះ។
Han Lay អាយុ22ឆ្នាំ មិនធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ រហូតដល់ពេលដែលកងទ័ពមីយ៉ានម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី1កុម្ភៈ។ បវរកញ្ញាមីយ៉ានម៉ារូបនេះ ក្រោយមកក៏បានឆ្លៀតយកឱកាសក្នុងព្រឹត្តិការណ៍ប្រលងបវរកញ្ញាសន្តិភាពអន្តរជាតិនៅប្រទេសថៃ កាលពីចុងខែមីនា ដើម្បីអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដល់ប្រទេសខ្លួន។
កាលពីចុងខែមីនា ពីកោះ Phuket ប្រទេសថៃ Han Lay ឱ្យដឹងថា នាងនឹងស្នាក់នៅក្នុងប្រទេសថៃជាបណ្ដោះអាសន្ន ដោយសារស្ថានភាពនៅមីយ៉ានម៉ា កំពុងវឹកវរ៕
ប្រភព៖ Philstar
ប្រែសម្រួល៖ បុត្រា