សហរដ្ឋអាមេរិកបានយល់ព្រមដកក្រុមទាហានដែលនៅសល់ក្នុងប្រទេសអ៊ីរ៉ាក់ ត្រលប់មកស្រុកវិញ នៅក្នុងពេលវេលាជាក់លាក់មួយបន្ទាប់ពីកិច្ចចរចាជាមួយរដ្ឋធានីបាកដាត។
សហរដ្ឋអាមេរិកនឹងរក្សាបុគ្គលិកមួយចំនួនដែលបំពេញភារកិច្ចជាទីប្រឹក្សាប៉ុណ្ណោះ សម្រាប់ជួយដល់ការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម។ នេះគឺជាចំណុចគោលដែលត្រូវបានលើកឡើងនៅក្នុងសេចក្ដីប្រកាសរួមដែលធ្វើឡើងក្រោយកិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken និងសមភាគី Fuad Hussein នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី7មេសា 2021។
ភាគីទាំងពីរបញ្ជាក់យ៉ាងច្បាស់ថា វត្តមាននៃកងទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ាក់ គឺធ្វើឡើងទៅតាមការស្នើរបស់អ៊ីរ៉ាក់ ក្នុងបំណងជួយគាំទ្រកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ (ISF) ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS)។ ភាគីទាំងពីរបញ្ជាក់ថា ភារកិច្ចបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត គឺផ្ដោតទៅលើតែការបណ្ដុះបណ្ដាល និងប្រឹក្សាយោបល់ប៉ុណ្ណោះ។
ប្រការខាងលើនេះនឹងអនុញ្ញាតឱ្យអាមេរិក ដកទាហានដែលនៅសល់ក្នុងប្រទេសអ៊ីរ៉ាក់ ត្រលប់ទៅមាតុភូមិវិញ នៅក្នុងពេលវេលាសមស្របណាមួយ ក្រោយកិច្ចពិភាក្សាលម្អិត រវាងប្រទេសទាំងពីរនាពេលខាងមុខ។
ការសម្រេចខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ ថ្មីៗនេះត្រូវរងការវាយប្រហារជាបន្តបន្ទាប់។ កាលពីថ្ងៃទី4មេសា មូលដ្ឋានទ័ពអាកាស Balad នៅក្បែររដ្ឋធានីបាកដាត បានរងការវាយប្រហារដោយរ៉ុកកែតចំនួនពីរគ្រាប់។ មូលដ្ឋាននេះគឺជាកន្លែងស្នាក់នៅសំខាន់របស់បុគ្គលិកសន្តិសុខ និងអ្នកវិនិយោគអាមេរិក។ ប៉ុន្តែ ករណីវាយប្រហារនេះមិនបានបង្កឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ ដោយសារគ្រាប់រ៉ុកកែតបានហោះខុសគោលដៅ៕
ប្រភព៖ RT
ប្រែសម្រួល៖ បុត្រា