Skip to content

(វីដេអូ)-បុរសម្នាក់បានស្លាប់​ដោយ​សារ​ការ​ដាក់ពិន័យពីសមត្ថ​កិច្ច ​ព្រោះ​តែ​ល្មើសនឹង​បំរាម​​គោចរ​ប្រឆាំង​Covid​-​19​ ​នៅ​ហ្វីលីពីន

ដោយសារតែ​ចេញទៅ​ក្រៅ​ផ្ទះ​បន្ទាប់ពី​មាន​បំរាម​គោចរ កំលោះ​វ័យ28ឆ្នាំ​ម្នា​ក់នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​កងសន្តិសុខ​ក្នុង​តំបន់​ចាប់ខ្លួន និង​ដាក់ពិន័យ​ឱ្យ​អង្គុយ​ចុះ-ក្រោកឈរ ចំនួន 300ដង។

សារព័ត៌មាន Rappler បាន​រាយការណ៍​ថា កំលោះ Darren Manaog Peñaredondo បាន​ចេញពីផ្ទះ​ទៅ​ទិញ​ទឹក​ផឹក​នៅវេលា​ក្រោយ​ម៉ោង18យប់ ដូច្នេះ​ក៏បាន​រំលោភ​លើ​បំរាម​គោចរ​របស់​ទីក្រុង General Trias នៃ​ខេត្ត Cavite ដែល​បំរាម​នេះ​ត្រូវអនុវត្ត​ចាប់ពី​ម៉ោង 18យប់ ដល់​ម៉ោង 5ព្រឹក​នៃ​ថ្ងៃ​បន្ទាប់ ដើម្បី​ទប់ស្កាត់​វីរុស​Covid-19។

មិត្ត​ម្នាក់​របស់ Peñaredondo ឈ្មោះ Reichelyn Balce បាន​និយាយ​កាលពី​ថ្ងៃទី1មេសា​ថា គាត់​រួម​នឹង​បុរស​ម្នាក់​ផ្សេងទៀត​បាន​ល្មើ​សនឹង​បំរាម​គោចរ ទើបត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Malabon ដែល​ស្ថិតនៅ​ទល់មុខ​សាលាក្រុង។ ក្រោយមក ពួកគេ​ក៏ត្រូវ​បាន​បង្គាប់​ឱ្យធ្វើ​កាយវិការ​អង្គុយ​ចុះ-ក្រោកឈរ​ចំនួន 100ដង។

យោងតាម​ការ​ឱ្យដឹងពី​សាច់ញាតិ​របស់​កំលោះ​ខាងលើ សមត្ថកិច្ច​បាន​និយាយថា អ្នក​ទាំងពីរ​ត្រូវតែ​ធ្វើ​កាយវិការ​នេះ​សាជាថ្មី បើសិន​ពួកគេ​ធ្វើ​មិនបាន​ស្របគ្នា ឬ​ឈប់​កណ្ដាល​ទី។ ជា​លទ្ធផល អ្នក​ទាំងពីរ​ត្រូវធ្វើ​កាយវិការ​នេះ​រហូតដល់​ប្រហែល 300ដង។

Peñaredondo ត្រលប់មក​ផ្ទះ​នៅវេលា​ម៉ោង 8ព្រឹក ថ្ងៃទី4 ខែមេសា ហើយ​គាត់​ស្ទើរតែ​កម្រើក​ដៃជើង​លែងរួច ព្រោះតែ​បាក់កម្លាំង​ជ្រុល។ Peñaredondo បាន​ប្រាប់ Balce ថា ខ្លួន​បាន​ដួល​ជាច្រើនលើក​នៅក្នុងពេល​ទ​ទួល​ពិន័យ។ «ពេញ​មួយ​ថ្ងៃនោះ គាត់​ពិបាក​ដើរ​ខ្លាំងណាស់ ដោយ​គ្រាន់តែ​អាច​វារ​នៅលើ​ដី​ប៉ុណ្ណោះ» Balce បាន​បង្ហោះ​នៅលើ Facebook ដូច្នេះ។

ចូលដល់​ថ្ងៃទី 3មេសា Peñaredondo ចាប់ផ្ដើម​ប្រកាច់ និង​គាំងបេះដូង។ កំលោះ​វ័យ 28ឆ្នាំ​រូបនេះ​បានដឹងខ្លួន​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី ហើយក៏​បាន​បាត់បង់​ជីវិត​នៅវេលា​ម៉ោង10ព្រឹក ក្នុង​ថ្ងៃ​ដដែល។

ក៏ប៉ុន្តែ ស្នងការ​ប៉ូលិស​ក្រុង General Trias លោក Marlo Nillo Solero បានឱ្យដឹងថា ពួកគេ​មិន​ដាក់ពិន័យ​បែបនេះ​ចំពោះ​ជន​ដែល​ល្មើ​សនឹង​បំរាម​គោចរ​ទាក់ទង​នឹង Covid-19 នោះទេ។ ផ្ទុយទៅវិញ អ្នក​ល្មើស​គ្រាន់តែ​ត្រូវ​ស្ដាប់​ការអប់រំ​ពី​សមត្ថកិច្ច។ ចំណែក​អភិបាលក្រុង គឺ​លោក Antonio Ferrer បាន​បញ្ជាក់ថា សមត្ថកិច្ច​បានចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​លើ​បញ្ហា​ខាងលើ​នេះហើយ។

រដ្ឋាភិបាល​ហ្វីលីពីន បាន​ពន្យារ​សុពលភាព​នៃ​បំរាម​គោចរ​ទូទាំងប្រទេស​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​បន្ថែមទៀត ដោយ​រាប់​ចាប់ពី​ថ្ងៃទី 5មេសា បន្ទាប់ពី​ករណី​ឆ្លង Covid-19 បាន​កើនឡើង​ជាថ្មី។ គិត​មកដល់​បច្ចុប្បន្ន ស្ថានភាព​Covid-19 នៅ​ប្រទេស​នេះ មាន​ភាព​ធ្ងន់ធ្ងរ​ជាងគេ​លំដាប់​ទី​ពីរ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់​ឥណ្ឌូនេស៊ី ដោយបាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​ជាង 795,000នាក់ ក្នុងនោះ​មាន 13,425នាក់​បាន​ស្លាប់៕

ប្រភព​៖ Guardian
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *