Skip to content

ជាង150នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ខាងកើត

តួលេខ​អ្នកស្លាប់​ដោយសារ​ទឹកជំនន់ និង​បាក់​ដី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ខាងកើត កាលពី​សប្ដាហ៍​មុន បាន​កើន​ឡើងដល់ 157នាក់ ខណៈដែល​មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

ស្ថាប័ន​គ្រប់គ្រង​គ្រោះធម្មជាតិ​ឥណ្ឌូនេស៊ី នា​ថ្ងៃនេះ​បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​មនុស្ស​ចំនួន 130នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ប្រជុំ​កោះ​នៅក្បែរ​ប្រទេស​ទី​ម័​រ​ខាងកើត ជា​ប្រទេស​ដែល​បាន​រកឃើញ​អ្នកស្លាប់​ចំនួន 27នាក់ ដោយសារ​ទឹកជំនន់ និង​បាក់​ដីកា​លពី​ចុង​សប្ដាហ៍​មុននេះ​ដែរ។ កងកម្លាំង​ជួយសង្គ្រោះ​នៅ​ឥណ្ឌូនេស៊ី កំពុងតែ​រត់ប្រណាំង​ជាមួយនឹង​ពេល​វ​វេលា នៅក្នុង​ការស្វែងរក​ជ​ន​រងគ្រោះ​ជាង 70នាក់ ដែល​កំពុង​បាត់​ខ្លួន។

ភ្លៀង​ធ្លាក់​ខ្លាំង​ដោយសារតែ​ព្យុះ Seroja បង្កឱ្យមាន​ទឹកជំនន់ និង​បាក់​ដី ចាប់ពី​ថ្ងៃទី 3មេសា បាន​បំផ្លិចបំផ្លាញ​តំបន់​ជាច្រើន​របស់​ឥណ្ឌូនេស៊ី នាំឱ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

មន្ត្រី​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា ផ្ទះ​ស​ម្បែ​ក​រាប់ពាន់​ខ្នង មន្ទីរពេទ្យ​ជាច្រើន​កន្លែង រួម​នឹង​សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ត្រូវ​រង​ការបំផ្លិចបំផ្លាញ ព្រោះតែ​ទឹកជំនន់ និង​ការបាក់​ដី។ អ្នកនាំពាក្យ​របស់​ស្ថាប័ន​គ្រប់គ្រង​គ្រោះធម្មជាតិ​ឥណ្ឌូ​ន​សេ​ស៊ី Raditya Djati បាន​បញ្ជាក់ថា ស្ថានភាព​អាកាសធាតុ​អាក្រក់​នឹង​នៅតែ​បន្ត​កើតមាន​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ត​ទៅមុខទៀត។

នៅឯ​ទី​ម័​រ​ខាងកើត​វិញ រដ្ឋធានី Dili ក៏​ទទួលរង​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ បង្ក​ការខូចខាត​ដល់​ផ្លូវថ្នល់ និង​លិច​ទាំង​វិមាន​ប្រធានាធិបតី​ផងដែរ។ ឧបនាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត Jose Reis បានឱ្យដឹងថា នេះ​គឺជា​គ្រោះ​ធម្មជាតិ​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាននៅ​តំបន់​នេះ​ក្នុងអំឡុង40ឆ្នាំកន្លងមក៕

ប្រភព៖ AFP/Reuters
ប្រៃសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *