Skip to content

រឿង​ប្រកាន់ពូជសាសន៍​ទៀតហើយ? ហាង​ទំនិញ​របស់​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​អាមេរិក ត្រូវគេ​វាយបំផ្លាញ

បុរស​ម្នាក់​កាន់​បំពង់​ទីប​ដែក សម្រុកចូល​ហាង​ទំនើប​របស់​ជនជាតិ​អាមេរិកាំង​ដើមកំណើត​កូរ៉េខាងត្បូង​មួយកន្លែង​នៅក្នុង​រដ្ឋ Carolina ខាងជើង ទាំង​កម្រោល និង​បាន​វាយបំផ្លាញ​បណ្ដើរ ជេរ​បណ្ដើរ។

ការវាយប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី30 ខែមីនា នៅឯ​ហាង​ទំនើប Plaza Sundries ក្នុង​ទីក្រុង Charlotte។ ជនដៃដល់​បាន​ទាញ​ធ្នើរ​ទំនិញ​ឱ្យ​រលំ មុននឹង​វាយបំផ្លាញ​ទូទឹកកក​ដោយ​បំពង់​ទីប​ដែក។ ភាគី​ខាង​ម្ចាស់​ហាង Plaza Sundries សង្ស័យថា អតិថិជន​ម្នាក់​ដែល​ត្រូវបាន​ហាម​ចូល​ហាង​នេះ ជួល​ជនដៃដល់​ឱ្យមក​វាយបំផ្លាញ។

Mark Sung ដែលជា​សមាជិក​ម្នាក់រ​បស់​គ្រួសារ​ម្ចាស់​ហាង បាន​និយាយថា «ជននេះ​វាយបំផ្លាញ​បណ្ដើរ ជេរ​ប្រមាថកាតទាន​ដោយ​ពាក្យ​អសុរោះ​ទាក់ទង​នឹង​បញ្ហា​ពូជសាសន៍ ព្រមទាំង​បាន​គំរាមកំហែង​ពួកយើង​ទៀតផង។ ក្រោយមក អតិថិជន​ម្នាក់​ដែល​យើង​បាន​ហាម​មិនឱ្យ​ចូល​ហាង ក៏បាន​បង្ហាញខ្លួន និង​បាន​ស្រែក​លើកទឹកចិត្ត​ដល់​ជនដៃដល់​ថា ‘នេះ​ជា​អ្វីដែល​ពួក​ឯង​ត្រូវ​ទទួល។ ត្រលប់​ទៅ​ប្រទេស​ពួក​ឯង​វិញ​ទៅ’»។

ការ​វាយបំផ្លាញ​នេះ បាន​បង្ក​ការខាតបង់​ជាង 9,000ដុល្លារ។ ជនសង្ស័យ​ឈ្មោះ Xavier Rashee Woody-Silas​ អាយុ​24​ឆ្នាំ ​បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន រួមមាន ប្លន់​ទ្រព្យសម្បត្តិ​ដោយ​អាវុធ គំរាមកំហែង និង​បង្ក​អស្ថិរភាព​សាធារណៈ។

Mark Sung ឱ្យដឹងថា គ្រួសារ​របស់លោក ធ្លាប់​ក្លាយជា​គោលដៅ​នៃ​ការ​បៀតបៀន​ជាច្រើនលើក​មកហើយ ដោយសារតែ​ជា​ជនជាតិ​អាមេរិក ដើមកំណើត​អាស៊ី។ ការវាយប្រហារ​នេះ​ក៏​ធ្វើឱ្យ​ក្រុមគ្រួសារ​របស់ Mark Sung មានការ​ភ័យខ្លាច​ផងដែរ។

Mark Sung បន្តថា៖ «ពួកយើង​ងាយ​រងគ្រោះ​ខ្លាំងណាស់ ព្រោះតែ​យើង​ជា​ជនជាតិភាគតិច។ ខ្ញុំ​តែងតែ​ត្រូវ​ប្រឈម​នឹង​អំពើ​ប្រកាន់ពូជសាសន៍​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះហើយ វា​មិនមែនជា​រឿង​ថ្មី​នោះទេ»។

ជនសង្ស័យឈ្មោះ Xavier Rashee Woody-Silas អាយុ24ឆ្នាំ

ទឹកប្រាក់​ចំនួន​ជាង 30,000ដុល្លារ ត្រូវបាន​បរិច្ចាគ​តាមរយៈ​គេហទំព័រ GoFundMe ដើម្បី​ជួយ​ដល់​គ្រួសារ​របស់ Mark Sung។ មនុស្ស​មួយចំនួន​ក៏បាន​សំដែង​ការគាំទ្រ​ផ្ទាល់ ក្នុងនោះ​មានដូចជា ស្ត្រី​ម្នាក់​បាន​នាំយក​កាំភ្លើង​មកឱ្យ​គ្រួសារ​រងគ្រោះ​ដើម្បី​ទុក​ការពារ​ខ្លួន អ្នក​ដឹកជញ្ជូន​ទំនិញ​បាន​ជូន​នំ​ភី​ហ្សា5ឈុត​ដល់​គ្រួសារ​នេះ និង​វេជ្ជបណ្ឌិត​ម្នាក់​បាន​នាំយក​ប្រាក់​មួយចំនួន​មកជួយ​ចេញថ្លៃ​ជួសជុល​ហាង។ល។

ថ្មីៗនេះ នៅ​សហរដ្ឋអាមេរិក គេ​ឃើញ​អំពើ​វាយប្រហារ​ដោយសារ​ការប្រកាន់​ពូជសាសន៍ កើនឡើង​យ៉ាងច្រើន​មិនគួរ​ឱ្យ​ជឿ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​លទ្ធិ​ស្អប់​ខ្ពើ​ប និង​ជ្រុលនិយម ប្រចាំ​សាកលវិទ្យាល័យ​រដ្ឋ California បានប្រកាស​ទិន្នន័យ​ឱ្យដឹងថា អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក​បាន​កើន 150% ក្នុង​ឆ្នាំ2020៕

ប្រភព៖ NY Post
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *