Skip to content

(វីដេអូ)-វះកាត់​បេះដូង​ក្នុងពេល​មន្ទីរពេទ្យ​កំពុង​ឆាបឆេះ ក្រុម​វេជ្ជបណ្ឌិត​រុស្ស៊ី នៅតែ​ទទួលបាន​ជោគជ័យ

ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង Blagoveshchecnsk នៃ​ប្រទេស​រុស្ស៊ី បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​ព្យាបាល​បេះដូង​របស់​អ្នកជំងឺ​ម្នាក់ បើទោះជា​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្រៅ​បន្ទប់។

អង្គភាព​គ្រប់គ្រង​ស្ថាន​ករ​ណ៍​បន្ទាន់​ក្នុង​តំបន់​បានឱ្យដឹងថា មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង Blagoveshchensk ខេត្ត Amur នៃ​ប្រទេស​រុស្ស៊ី បាន​ជួបនឹង​គ្រោះ​អគ្គិភ័យ​កាលពី​ថ្ងៃទី 2មីនា បណ្ដាលឱ្យ​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ 60នាក់ ត្រូវ​ជម្លៀស​ខ្លួនភ្លាម។

ក៏ប៉ុន្តែ ក្នុង​គ្រា​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រឹងប្រែង​គ្រប់គ្រង​អណ្ដាតភ្លើង​នៅ​ខាងក្រៅ ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​គ្នា 8នាក់ នៅតែ​បន្ត​ការវះកាត់​ព្យាបាល​បេះដូង​នៅ​ខាងក្នុង។ «យើង​ត្រូវ​សង្គ្រោះ​អ្នកជំងឺ​នេះ ហើយ​យើង​បានធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន» Valentin Filatov ប្រធាន​ផ្នែក​វះកាត់​បេះដូង​ប្រចាំ​មន្ទីរពេទ្យ បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី។

អង្គភាព​ទទួលបន្ទុក​ស្ថានការណ៍​បន្ទាន់​នៅ​ខេត្ត Amur ឱ្យដឹងថា ក្នុងពេល​កម្លាំង​ពន្លត់​អគ្គិភ័យ​កំពុង​រារាំង​មិនឱ្យ​ផ្សែង​ចូល​ទៅដល់​បន្ទប់វះកាត់ បន្ទុប​នេះ​ក៏​ទទួលបាន​ចរន្តអគ្គិសនី​ដោយឡែក​នៅក្នុង​អំឡុង​ភ្លើង​កំពុង​ឆាប់ឆេះ។ បន្ទាប់ពី​បាន​វះកាត់​រួចរាល់ អ្នកជំងឺ​ពិសេស​នេះ​ក៏​ត្រូវបាន​ជម្លៀស​ទៅកាន់​មន្ទីរពេទ្យ​ផ្សេង​មួយទៀត។

បុគ្គលិក​សុខាភិបាល​ម្នាក់​ឈ្មោះ Antonina Smolina ឱ្យដឹងថា ក្រុម​វេជ្ជបណ្ឌិត​ដែល​បាន​ចូលរួម​ការវះកាត់​នេះ «មិនបាន​តក់ស្លុត​នោះទេ» នៅពេល​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ។ អគ្គិភ័យ​ដែល​ត្រូវបាន​គេ​ជឿថា កើតចេញពី​បញ្ហា​ទុសេ​ខ្សែភ្លើង​នេះ ក៏​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង និង​មិនបាន​បង្កឱ្យមាន​អ្នកស្លាប់ ឬ​រងរបួស​នោះដែរ។

អាជ្ញាធរ​រុស្ស៊ី​បាន​សន្យាថា នឹង​ផ្ដល់​រង្វាន់​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​កម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​បាន​ប្រឹងប្រែង​ដោយ​ភាពក្លាហាន​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ដោយ​ជោគជ័យ៕

ប្រភព៖ AFP, Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *