Skip to content

យ៉ាងតិច 36នាក់​បាន​ស្លាប់ ដោយ​សារ​​រថភ្លើង​​ធ្លាក់​ចេញពី​ផ្លូវដែក​នៅ​តៃវ៉ាន់

រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ចេញពី​ផ្លូវដែក​នៅឯ​ផ្លូវ​រូង​ក្រោម​ដី​មួយកន្លែង នៅ​ភាគ​ខាងកើត​កោះ​តៃវ៉ាន់ បណ្ដាល​ឱ្យ​​មនុស្ស​​យ៉ាង​ហោច​ 36នាក់ ត្រូវ​បាត់បង់​ជីវិត និង 72នាក់​រងរបួស។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោង 9និង24នាទី ព្រឹក​ថ្ងៃទី 2មេសា​នេះ ក្នុងពេល​រថភ្លើង​ដឹក​អ្នកដំណើរ​ចាកចេញ​ពី​ទីក្រុង Taichung កំពុង​សំដៅ​ផ្លូវ​រូង​ក្រោម​ដី​ដែល​ស្ថិត​នៅក្បែរ​ស្រុក Hualien ភាគ​ខាងកើត​កោះ​តៃវ៉ាន់។ សមត្ថកិច្ច​តៃវ៉ាន់​ឱ្យដឹងថា អ្នកដំណើរ​យ៉ាងតិច 36នាក់ «លែងមាន​សញ្ញា​នៃ​ការរស់រាន» និង 72​នាក់​​ទៀត​ត្រូវ​រងរបួស។

រថភ្លើង​ដែល​ជួប​គ្រោះថ្នាក់​នេះ កំពុង​ដឹក​មនុស្ស​ប្រមាណ 350នាក់។ ក្រុមមន្ត្រី​តៃវ៉ាន់​ឱ្យដឹងថា នេះ​គឺជា​ហេតុ​ការណ៍​​គ្រោះថ្នាក់​ផ្លូវដែក​អាក្រក់​បំផុត​នៅ​តៃវ៉ាន់ ក្នុង​រង្វង់ 30កន្លងមកនេះ។

សារព័ត៌មាន CNA របស់​សិង្ហ​បុរី ឱ្យដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​អាច​បណ្ដាលមកពី​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ដែល​ចត​មិនបាន​ត្រឹមត្រូវ នាំឱ្យ​រអិល​ចូល​ទៅលើ​កាន់​ផ្លូវដែក។ រូបភាព​នៅ​កន្លែងកើតហេតុ​បង្ហាញថា សាកសព​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ត្រូវ​ក្រឡាប់​នៅក្បែរ​ផ្លូវដែក ចំណែក​ទូរ​ថ្លើង​មួយចំនួន​ត្រូវ​ធ្លាក់​ចេញពី​ផ្លូវ។

សមត្ថកិច្ច​តៃវ៉ាន់ បាន​បញ្ជូន​គ្រឿងចក្រ​ចំនួន 12គ្រឿង និង​ក្រុម​អ្នក​សង្គ្រោះ​ចំនួន 35នាក់ ទៅកាន់​កន្លែងកើត​ហេតុ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *