ប្រទេសវៀតណាម ថ្ងៃនេះ (1មេសា 2021) ចាប់ផ្ដើមឡើងដឹកនាំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រធានបន្តវេនក្នុងរយៈពេល 4ខែ ជាមួយនឹងការសន្យាថា នឹងធ្វើជា «ដៃគូសហការដើម្បីសន្តិភាពយូរអង្វែង» និងស្វែងរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមនានានៃជម្លោះរវាងបណ្ដាប្រទេសក្នុងពិភពលោក។
ស្រាបពេលដែលវៀតណាមឡើងធ្វើជាប្រធានបន្តវេននៃក្រុមប្រឹក្សាសន្តិសុខ (UNSC/United Nations Security Council) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសមួយនាថ្ងៃនេះថា៖ «ការសន្យារបស់វៀតណាម នោះគឺ ការស្វែងរកដំណោះស្រាយជាទីពេញចិត្ត និងយូរអង្វែងសម្រាប់ជម្លោះនានា ការជំរុញកិច្ចសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធី»។
នេះគឺជាឆ្នាំទីពីរហើយដែលវៀតណាមមានវត្តមាននៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយក៏ជាលើកទីពីរដែលវៀតណាមបានក្លាយជាប្រធាននៃស្ថាប័នមួយនេះ។ ក្នុងឋានៈជាប្រធាន វៀតណាមនឹងត្រូវប្រារព្ធ ដឹកនាំ និងគ្រប់គ្រងកិច្ចប្រជុំប្រមាណ 30លើករបស់ក្រុមប្រឹក្សាសន្តិសុខ តំណាងក្រុមប្រឹក្សាសន្តិសុខ ជាមួយនឹងបណ្ដាប្រទេសជាសមាជិក រួមនឹងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងស្ថាប័នសារព័ត៌មាន។
ក្នុងចំណោមនោះ ប្រធានបន្តវេនរបស់ UNSC នឹងដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួនបី នៅក្នុងអាណត្តិរបស់ខ្លួន ជាមួយនឹងការផ្ដោតទៅលើការពិភាក្សាបើកចំហជាន់ខ្ពស់ដែលនឹងធ្វើឡើងនៅថ្ងៃទី 19មេសា ឆ្នាំ2021 ជាមួយនឹងប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ ដើម្បីជំរុញជំនឿទុកចិត្ត និងកិច្ចសន្ទនាដើម្បីរកដំណោះស្រាយសម្រាប់ទប់ស្កាត់ ក៏ដូចជាដោះស្រាយជម្លោះនានា»។
«យើងពិតជាមានជំនឿចិត្តយ៉ាងមុតមាំថា វៀតណាមនឹងទទួលបានជោគជ័យក្នុងតួនាទីជាប្រធាន UNSC នៅក្នុងអាណត្តិខែមេសា/2021 ជាមួយនឹងការរួមចំណែក និងលទ្ធផលថ្មីដែលនឹងទទួលបាន» លោក Pham Binh Minh អះអាងដូច្នេះ។
សូមរំលឹក UNSC ដែលជាស្ថាប័នសំខាន់មួយក្នុងចំណោមស្ថាប័នសំខាន់ចំនួន 6 របស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីរក្សាសន្តិភាព និងសន្តិសុខរបស់ពិភពលោក។ UNSC មានសមាជិកចំនួន 15 ក្នុងនោះមាន 5ប្រទេសជាសមាជិកអចិន្ត្រៃយ៍ និង 10ប្រទេសជាសមាជិកដែលត្រូវបានបោះឆ្នោតជាអាណត្តិកាលពីរឆ្នាំ។
យោងតាមការកំណត់ ប្រទេសដែលនឹងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ UNSC គឺត្រូវតែទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ចាប់ពី 70% (ស្មើនឹងសន្លឹកឆ្នោតប្រមាណ ពី 128-129សំឡេង) ឡើងទៅ ពីបណ្ដាសមាជិកក្នុងអង្គការសហប្រជាជាតិ ដោយមិនរាប់សន្លឹកឆ្នោតមិនបានការ ឬប្រទេសដែលបានបាត់បង់សិទ្ធិបោះឆ្នោត។
វៀតណាមធ្លាប់ជាសមាជិកមិនអចិន្ត្រយ៍របស់ UNSC ក្នុងអាណត្តិឆ្នាំ 2008-2009 និងធ្វើជាប្រធាន ក.ស.ស ក្នុងខែកក្កដា/2008 និងខែតុលា/2009។ ថ្ងៃទី 7មិថុនា/2019 វៀតណាមត្រូវបានបោះឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍របស់ UNSC ជាលើកទីពីរ សម្រាប់អាណត្តិឆ្នាំ 2020-2021 ដោយទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន 192/193សំឡេង។
តំណែងប្រធាននៃ UNSC ត្រូវបានផ្ទេរពីប្រទេសមួយទៅប្រទេសមួយ រវាងប្រទេសជាសមាជិកចំនួន 15 ទៅតាមលេខរៀងនៃតួអក្សរ ហើយប្រទេសនីមួយៗកាន់កាប់តំណែងកំពូលនេះបានពីរលើកក្នុងមួយអាណត្តិ៕
ប្រភព៖ VE
ប្រែសម្រួល៖ បុត្រា