Skip to content

សហរដ្ឋអាមេរិកនឹងបង្កភាពងាយស្រួលច្រើនជាងមុន ដល់មន្ត្រីរបស់ខ្លួន ក្នុងការប្រស្រ័យទាក់ទងនឹងមន្ត្រីកោះតៃវ៉ាន់

រដ្ឋាភិបាល​របស់លោក Joe Biden ត្រៀម​ចេញ​សេចក្ដីប្រកាស​លុបចោល​ឧបសគ្គ​នានា និង​បង្ក​ភាពងាយស្រួល​ដល់​ក្រុមមន្ត្រី​ការបរទេស​អាមេរិក ក្នុងការ​ប្រស្រ័យ​ទាក់ទង និង​ជួបប្រជុំ​ជាមួយ​ក្រុមមន្ត្រី​កោះ​តៃវ៉ាន់។

ក្នុងអំឡុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នៅ​សេត​វិមាន ប្រធានាធិបតី Donald Trump បានធ្វើការ​សម្រេចចិត្ត​លើ​បញ្ហា​មួយចំនួន​ទាក់ទិន​នឹង​ការកាត់បន្ថយ​ការ​រឹតត្បិត​លើ​ទំនាក់ទំនង​រវាង​អាមេរិក និង​តៃវ៉ាន់។ ក្រុមអ្នកវិភាគ​កំពុង​រង់ចាំ​លោក Biden ធ្វើការ​សម្រេចចិត្ត​បញ្ច្រាស​នឹង​ដំណើរការ​របស់លោក Trump នៅពេល​បាន​ឡើងកាន់​អំណាច។

មេដឹក​នាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen (ស្ដាំ) និង​លោក​ Alex Azar ជំនួយ​ការ​ផ្នែក​សុខាភិបាល​របស់​លោក​ Trump ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទីក្រុង​តៃប៉ិ​កាល​ពី​ខែ​សីហា​ 2020

ក៏ប៉ុន្តែ ការពិនិត្យ​ឡើងវិញ​បាន​បង្ហាញថា ការផ្លាស់ប្ដូរ​នៅក្នុង​សម័យ​របស់លោក Trump ទាក់ទង​នឹង​គោលនយោបាយ​ខាងលើ​នឹងត្រូវ​រក្សាទុក​ដូចដើម។ សារព័ត៌មាន Financial Times ដកស្រង់​ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា ការសម្រេចចិត្ត​ថ្មី​នឹង​លើកទឹកចិត្ត​ឱ្យ​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក ជួប​ប្រស្រ័យ​ទាក់ទង​ជាមួយនឹង​ក្រុមមន្ត្រី​តៃវ៉ាន់ ជំនួស​ឱ្យ​ការហាមឃាត់ ឬ​រឹតត្បិត។

មាត្រា​ច្បាប់​ស្ដីអំពី​ការកាត់បន្ថយ​ទំនាក់ទំនង​រវាង​ក្រុមមន្ត្រី​អាមេរិក ជាមួយនឹង​ក្រុមមន្ត្រី​តៃវ៉ាន់ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1979 បន្ទាប់ពី​សហរដ្ឋអាមេរិក​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ប៉ុន្តែ មកដល់​ខែមករា ឆ្នាំ2021 រដ្ឋមន្ត្រីការបរទេស​អាមេរិក កាលណោះ​គឺ​លោក Mike Pompeo បាន​ដក​ការ​រឹតត្បិត​មួយចំនួន​ចេញពី​មាត្រា​នេះ។

លោក Antony Blinken រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ថ្លែង​ថា លោក​ចង់​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​មន្ត្រី​កោះ​តៃវ៉ាន់

កាលពី​ថ្ងៃទី 28មីនា នៅក្នុង​ឥរិយាបថ​ដោយ​ខុស​ប្រក្រតី​មួយ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស ផៅ​ឡូ (Palau) លោក John Hennessey-Niland បានធ្វើ​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ ក្នុងនាម​ជា​អ្នករួមដំណើរ​ជាមួយ​ប្រធានាធិបតី​របស់ ផៅ​ឡូ (ផៅ​ឡូ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន 15ដែល​គាំទ្រ​តៃវ៉ាន់ និង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​នេះ)។ ភ្លាមនោះ ប្រទេស​ចិន​ក៏បាន​ប្រតិកម្ម ដោយបាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន 10គ្រឿង​ទៅកាន់​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​តៃវ៉ាន់៕

ប្រភព​៖ Finnacial Times
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *