ស្ត្រីដើមកំណើតអាស៊ីម្នាក់ អាយុ 65ឆ្នាំ ត្រូវបានបុរសជនជាតិស្បែកខ្មៅម្នាក់ទាត់ធាក់ចំពោះ និងចំក្បាល នៅលើដងផ្លូវដែលមានមនុស្សច្រើន ប៉ុន្តែពុំមានអ្នកណាម្នាក់ចូលជួយសោះឡើយ។
កម្លាំងពិសេសប្រឆាំងបទល្មើសស្អប់ខ្ពើម និងរើសអើងនៃការិយាល័យប៉ូលិសក្រុង New York កាលពីថ្ងៃទី 30មីនា បានឱ្យដឹងថា ស្ត្រីដើមកំណើតអាស៊ី វ័យ 65ឆ្នាំខាងលើ ត្រូវបានគេវាយប្រហារដោយមិនមានហេតុផលនៅវេលាម៉ោងប្រហែល 11 និង40នាទី ថ្ងៃទី 29មីនា ឆ្នាំ2021 នៅលើដងផ្លូវក្នុងតំបន់ Manhattan នៃទីក្រុង New York សហរដ្ឋអាមេរិក។
ប៉ូលិសក្រុង New York បន្ទាប់មកក៏បានបញ្ចេញវីដេអូបង្ហាញអំពីសកម្មភាពខាងលើ ក្នុងនោះគេឃើញបុរសស្បែកខ្មៅម្នាក់ មានមាឌធំ ខ្ពស់ បានធាក់ទៅលើពោះ បណ្ដាលឱ្យស្ត្រីដើមកំណើតអាស៊ីត្រូវដួលទៅលើដី។ ជនដៃដល់នេះក៏បន្តទាត់ទៅលើក្បាលស្ត្រីរងគ្រោះជាបន្តបន្ទាប់ និងបានជេរប្រមាថជនជាតិអាស៊ីទៀតផង។
នៅពេលកើតហេតុ មានមនុស្សយ៉ាងតិចចំនួន 3នាក់កំពុងនៅក្បែរនោះ ប៉ុន្តែពុំមានអ្នកណាចូលជួយឡើយ។ ជាងនេះ មានអ្នកខ្លះប្រញាប់បិទទ្វារ នៅពេលជនដៃដល់បានចាកចេញ បើទោះស្ត្រីរងគ្រោះនៅដេកដួលលើដី។
ស្ត្រីរងគ្រោះ បន្ទាប់មកក៏ «ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ NYU Langone» នេះបើតាមការិយាល័យប៉ូលិសក្រុង New York។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមរកជនដៃដល់។
ក្រុមហ៊ុន Brodsky ដែលជាអ្នកគ្រប់គ្រងអគារកើតហេតុខាងលើ បានប្រកាសថ្កោលទោសចំពោះអំពើហិង្សា ការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមជនជាតិអាស៊ី។ ក្រុមហ៊ុនក៏បានផ្អាកការងារចំពោះបុគ្គលិកមួយចំនួនដែលបានឃើញហេតុការណ៍ប៉ុន្តែមិនបានចូលជួយស្ត្រីរងគ្រោះ។
ហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី 29មីនានេះ គឺជាករណីវាយប្រហារថ្មីបំផុតសំដៅលើជនជាតិអាស៊ីនៅសហរដ្ឋអាមេរិក។ លទ្ធផលនៃការស្រាវជ្រាវទៅលើទិន្នន័យរបស់ការិយាល័យប៉ូលិសក្រុង New York បានបង្ហាញថា បទល្មើសស្អប់ខ្ពើម និងប្រឆាំងចំពោះជនជាតិដើមកំណើតអាស៊ី បានកើនឡើងច្រើននៅក្នុងទីក្រុងចំនួន 16 របស់សហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ 2020។
មជ្ឈមណ្ឌលស្រាវជ្រាវអំពីការស្អប់ខ្ពើម និងជ្រុលនិយម ប្រចាំសាកលវិទ្យាល័យរដ្ឋ California ក៏បានបញ្ចេញរបាយការណ៍ឱ្យដឹងថា បទល្មើសប្រឆាំងជនជាតិអាមេរិកាំងដើមកំណើតអាស៊ីនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ 150% កាលពីឆ្នាំមុន៕
ប្រភព៖ NBC
ប្រែសម្រួល៖ បុត្រា