Skip to content

នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី Igor Matovic លាលែង​ពី​តំណែង​ជា​ផ្លូវការ​ ដោយ​សារ​បញ្ហា​Covid-19

កាលពី​ថ្ងៃទី 30មីនា​កន្លងទៅ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស្លូ​វ៉ា​គី លោក Igor Matovic បាន​លាលែង​ពី​តំណែង បើកផ្លូវ​ឱ្យមាន​ការបង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយពី​វិបត្តិ​នយោបាយ និង​សុខភាព​ដែល​បានអូសបន្លាយ​ពេល​ពេញ​មួយខែ។

ប្រធានាធិបតី​ស្លូ​វ៉ា​គី លោកស្រី Zuzana Caputova បានប្រគល់​ភារកិច្ច​ទៅឱ្យ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Eduard Heger ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី។ គណបក្ស​ចំនួន 4 ដែល​ស្ថិតក្នុង​សម្ព័ន្ធភាព​កាន់អំណាច បាន​យល់ព្រម​ចូលរួម​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី ជាមួយនឹង​លោក Heger ដើម្បី​បន្ត​ដឹកនាំ​ប្រទេស។

លោក Eduard Heger វ័យ 44ឆ្នាំ ជា​អតីត​អ្នកជំនួញ និង​ធ្លាប់ជា​ទីប្រឹក្សា​របស់​ក្រសួងការពារជាតិ​នៃ​ប្រទេស​ស្លូ​វ៉ា​គី។ លោក Eduard Heger ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កាលពី​ខែមីនា ឆ្នាំ2020 នៅពេល​បក្ស OĽaNO របស់លោក និង​នាយករដ្ឋមន្ត្រី Matovic ដណ្ដើមបាន​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត។ បច្ចុប្បន្ន លោក Heger ក៏​ជា​រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួងសុខាភិបាល​ផងដែរ។

លោក​ស្រី Zuzana Caputova

កន្លងមក ការសម្រេចចិត្ត​របស់​លោក Matovic ក្នុង​ការទិញ​វ៉ាក់សាំង SputnikV ពី​ប្រទេស​រុស្ស៊ី បាន​នាំឱ្យមាន​ការខ្វែងគំនិត​គ្នា​ផ្នែក​នយោបាយ ក្នុងនោះ​អតីតរដ្ឋមន្ត្រី​ការបរទេស លោក Ivan Korcok បាន​ហៅ​វ៉ាក់សាំង​នេះ​ថា​ជា «ឧបករណ៍​សង្គ្រាម​កូនកាត់»។ ប្រព័ន្ធ​សុខាភិបាល​របស់​ស្លូ​វ៉ា​គី បាន និង​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​រលក​ទី​បី​នៃ​វិបត្តិ​សុខភាព Covid-19 ហើយ​ប្រទេស​នេះ​ក៏​កំពុងមាន​អត្រា​នៃ​ការស្លាប់​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក ដោយសារ​វីរុស​នេះ បើ​គិត​តាម​ភាគរយ​នៃ​ចំនួន​ប្រជាជន។

លោក Eduard Heger

ចាប់តាំងពី​មាន​វិបត្តិ​មកដល់​បច្ចុប្បន្ន មាន​រដ្ឋមន្ត្រី​ចំនួន 6រូប​ហើយ បាន​ចាក​ចេញពី​គណៈរដ្ឋមន្ត្រី​ដែលមាន​សមាជិក​ចំនួន 16រូបនេះ។ ការលាលែង​ពី​តំណែង​នោះ​ក៏មាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ផងដែរ។

ការស្ទង់មតិ​កាលពី​ថ្ងៃទី 21 មីនា បាន​បង្ហាញថា ជាង 80% នៃ​ប្រជាជន​ស្លូ​វ៉ា​គី បាន​ឯកភាព​ថា លោកនាយក​រដ្ឋមន្ត្រី Igor Matovic គួរតែ​ចុះ​ចេញពី​តំណែង៕

ប្រភព៖ Euro News
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *