យ៉ាងហោចណាស់ មានមនុស្សចំនួន 510នាក់បានស្លាប់នៅក្នុងបាតុកកម្មប្រឆាំងរដ្ឋប្រហារយោធានៅភូមា (មីយ៉ានម៉ា) ក្នុងអំឡុងជិតពីរខែកន្លងទៅនេះ ខណៈដែលមនុស្សរាប់ម៉ឺននាក់នៅតែបន្តចេញធ្វើបាតុកម្ម។
សមាគមជួយសង្គ្រោះអ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា មនុស្សចំនួន 14នាក់បានស្លាប់នៅក្នុងបាតុកម្មកាលពីម្សិលមិញ (29មីនា) ក្នុងនោះមានយ៉ាងតិច 8នាក់ នៅជាយក្រុង Yangon ដែលជាទីក្រុងធំជាងគេនៅមីយ៉ានម៉ា។
យោងតាមសាក្សី និងវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គម កងកម្លាំងប៉ូលិសបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនលើកដើម្បីបំបែកលេណដ្ឋានធ្វើអំពីការុងដាក់ខ្យាច់របស់ក្រុមបាតុករ។ បច្ចុប្បន្ន មិនទាន់ដឹងថា នេះគឺជាអាវុធអ្វីនៅឡើយ ប៉ុន្តែ ក្រុមសហគមន៍នៅលើបណ្ដាញសង្គមមួយបានបង្ហោះរូបថតទាហានម្នាក់កាន់កាំភ្លើងបាញ់ផ្លោងគ្រាប់បែក។
AAPP បានចាត់ទុកថា ថ្ងៃទី 27មីនា គឺជាថ្ងៃបង្ហូរឈាមបំផុតរាប់ចាប់ពីមានបាតុកម្មកើតឡើង ដោយសារតែមានមនុស្សស្លាប់រហូតដល់ 141នាក់។ បើទោះជាត្រូវប្រឈមនឹងសេចក្ដីស្លាប់ ប៉ុន្តែក្រុមបាតុករនៅតែបន្តចេញធ្វើបាតុកម្មនៅថ្ងៃទី29មីនាដដែល។ បច្ចុប្បន្ន តួលេខជនស៊ីវិលដែលបានស្លាប់ក្នុងការបង្រាបបាតុកម្មនៅមីយ៉ានម៉ា ក្នុងរយៈពេលជិតពីរខែមកនេះ បានកើនឡើងដល់ 512នាក់។
ក្រៅពីត្រូវបង្រាបបាតុករដែលជាគូប្រជែងផ្នែកនយោបាយរបស់ខ្លួន កងទ័ពមីយ៉ានម៉ា បច្ចុប្បន្នក៏ត្រូវទប់ទល់នឹងកងកម្លាំងប្រដាប់អាវុធរបស់ក្រុមជនជាតិភាគតិចផងដែរ។ ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពមីយ៉ានម៉ា និងកងកម្លាំងប្រដាប់អាវុធនៃសម្ព័ន្ធជាតិការ៉ែន (Karen National Union / KNU) បានកើតឡើងនៅតាមបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសថៃ។ ការប៉ះទង្គិចគ្នានេះបានបណ្ដាលឱ្យមនុស្សប្រមាណ 3,000នាក់ រត់ភៀសខ្លួនចូលប្រទេសថៃ នៅពេលយន្តហោះទម្លាក់គ្រាប់បែកលើតំបន់របស់ក្រុម KNU បន្ទាប់ពីក្រុមនេះសម្រុកចូលទៅកាន់ប៉ុស្ដិ៍យោធាមួយ និងបានសម្លាប់មនុស្ស 10នាក់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា