Skip to content

មន្ត្រីប៉ូលិស​ដែល​បាន​សង្កត់ក Gorge Floyd រហូតដល់​ស្លាប់ ពេលនេះ​កំពុង​ត្រូវបាន​កាត់ទោស

សវនាការ​កាត់ទោស Derek Chauvin អតីតមន្ត្រី​ប៉ូលិស​ដែល​ត្រូវបាន​ចោទប្រកាន់​អំ​ពីបទ​មនុស្សឃាត​លើ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd នៅ​ទីក្រុង Minneapolis (សហរដ្ឋអាមេរិក) កាលពី​ឆ្នាំ 2020 ត្រូវបាន​បើក​កាលពី​ថ្ងៃទី 29មីនា 2021 នៅក្នុង​សាល​តុលាការ​ទីក្រុង ដោយ​មានការ​យាមល្បាត​យ៉ាង​តឹងរ៉ឹង។

នៅពេល​ថ្លែង​បើកសវនាការ រដ្ឋអាជ្ញា Jerry Blackwell ឱ្យដឹងថា អតីតមន្ត្រី​ប៉ូលិស​ឈ្មោះ Chauvin ត្រូវបាន​ចោទ​ពីបទ «ប្រើប្រាស់​កម្លាំង​ហួសហេតុ និង​មិន​សម​ហេតុផល» ទៅលើ​លោក George Floyd។

ការកាត់ទោស Chauvin តាម​ផែនការ​នឹង​អូស​បន្លាយពេល​ប្រហែល​មួយខែ។ ជនជាប់ចោទ​នេះ អាច​ត្រូវ​ជាប់ពន្ធនាគារ 40ឆ្នាំ បើសិន​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស​កម្រិត​ទី​ពីរ។ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ជនជាប់ចោទ​មិនទាន់​សារភាព​ទោស​នៅឡើយ ដោយ​អះអាងថា គ្រាន់តែ​ធ្វើទៅ​តាម​អ្វីដែល​បាន​ហ្វឹកហាត់​ប៉ុណ្ណោះ។

នៅមុន​ការបើក​សវនាការ សាច់ញាតិ និង​មេធាវី​របស់​គ្រួសារ​លោក Floyd បាននាំគ្នា​ធ្វើការ​ស្មឹង​ស្មាធិ៍​រយៈពេល 8នាទី និង46វិនាទី ដែល​ដូច​ទៅនឹង​រយៈពេល​ដែល​អតីត​ប៉ូលិស Chauvin បាន​យក​ជង្គង់​សង្កត់ក​របស់លោក Floyd រហូតដល់​ស្លាប់។

សូម​រំលឹកថា កាលពី​ខែឧសភា 2020 George Floyd អាយុ 46ឆ្នាំ ត្រូវបាន​មន្ត្រីប៉ូលិស​ម្នាក់​ឈ្មោះ Derek Chau បាន​យក​ជង្គង់​សង្កត់ក បណ្ដាលឱ្យ​ថប់ដង្ហើម​រហូតដល់​បាត់បង់​ជីវិត។ ការស្លាប់​របស់ Floyd នាំឱ្យមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅ​ពាសពេញ​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំងនឹង​ការប្រើប្រាស់​អំពើហិង្សា​រប​ស់​ប៉ូលិស និង​អំពើ​រើសអើង​ពូជសាសន៍​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​សហរ​ដ្ឋ​អាមេរិក។

បាតុកម្ម​ខាងលើ ក្រោយមក​ក៏បាន​រាលដាល​ដល់​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​ផងដែរ ពិសេស​គឺ​ចលនា «សិទ្ធិ​រស់រានមានជីវិត​របស់​ជនជាតិ​ស្បែក​ខ្មៅ» (Black Lives Matters)។ ប៉ូលិស Chauvin បន្ទាប់មក​ក៏ត្រូវ​បាន​បញ្ឈប់​ពី​តំណែង ហើយ​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត និង​មនុស្សឃាត​ដោយ​អ​ចេតនា៕

ប្រភព​៖ BBC
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *