ថ្ងៃទី 29មីនានេះ កប៉ាល់ Ever Given បានចាកចេញផុតពីទីតាំងជាប់គាំង និងចាប់ផ្ដើមផ្លាស់ទី ក្រោយរយៈពេលជិតមួយសប្ដាហ៍នៃការជាប់គាំងនៅក្នុងព្រែកជីក Suez ដែលបានបណ្ដាលឱ្យកប៉ាល់ដឹកទំនិញរាប់រយត្រូវស្ទះផ្លូវ។
រូបភាពមួយចំនួនដែលត្រូវបានបង្ហោះនៅលើបណ្ដាលគេហទំព័រតាមដានសកម្មភាពលើផ្ទៃសមុទ្រ Vesselfinder និង Myshiptracking បានបង្ហាញថា កន្ទុយរបស់កប៉ាល់ Ever Given បានចាកផុតពីភ្លឺខាងលិចរបស់ព្រែក Suez។ សារព័ត៌មាន AFP របស់បារាំងក៏បានបញ្ជាក់អំពីដំណឹងនេះ។
ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះមួយនៃក្រុមហ៊ុន Shoei Kisen ដែលជាម្ចាស់កប៉ាល់ កាលពីព្រឹកថ្ងៃទី 29មីនានេះ បានឱ្យដឹងថា កប៉ាល់អូសចំនួន 11គ្រឿង បានទាញ Ever Given ចេញពីទីតាំងជាប់គាំងជាបណ្ដើរៗហើយ ប៉ុន្តែ កប៉ាល់នេះមិនទាន់ដំណើរការដូចធម្មតាបាននៅឡើយ។ ចំណែកក្រុមមន្ត្រីគ្រប់គ្រងព្រែក ភាគីអាហ្ស៊ីប និយាយថា កប៉ាល់ Ever Given បានផ្លាស់ទីមកត្រង់ទិសដៅបាន 80% ហើយ ខណៈដែលសារព័ត៌មានអង់គ្លេស Reuters ក៏បានអះអាងស្រដៀងនេះដែរ។
ជោគជ័យខាងលើនេះ បានកើតឡើងបន្ទាប់ពីក្រុមសង្គ្រោះ បានស្ដារយកដីប្រមាណ 27,000ម៉ែត្រគូប និងជម្រៅ 18ម៉ែត្រ ចេញពីបាតព្រែកដែលនៅជុំវិញកប៉ាល់ ដើម្បីជាផ្លូវសម្រាប់ការផ្លាស់ទីរបស់កប៉ាល់ដែលកំពុងជាប់គាំង។ ក្បាលរបស់កប៉ាល់បានខូចខាតមួយផ្នែក ប៉ុន្តែ រចនាសម្ព័ន្ធទាំងមូលរបស់វា នៅតែមានស្ថានភាពល្អ។
សូមរំលឹកថា កប៉ាល់ដឹកកុងតឺន័រ Ever Given ដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលមានជាង 200,000តោន និងដោតទង់ជាតិរបស់ប៉ាណាម៉ា បានបុកបញ្ឆិតជញ្ជាំងព្រែកជីក Suez កាលពីព្រឹកថ្ងៃទី 24មីនា នៅពេលធ្វើដំណើរពីសមុទ្រក្រហម ទៅកាន់មជ្ឈឹមបូព៌ា ដោយសារតែត្រូវព្យុះបក់បោក។
ជាលទ្ធផល Ever Given ដែលជាកប៉ាល់ធំជាងគេមួយក្នុងពិភពលោក ជាមួយនឹងប្រវែង 400ម៉ែត្រ បានជាប់គាំងទទឹងព្រែកជីកដែលត្រូវបានគេចាត់ទុកថា ជាផ្លូវទឹកសំខាន់បំផុតក្នុងពិភពលោក តភ្ជាប់រវាងសមុទ្រក្រហម និងមជ្ឈមបូព៌ា៕
ប្រភព៖ CNN, BI
ប្រែសម្រួល៖ បុត្រា