ចាប់ពីខែកក្កដា ឆ្នាំ 2021 ភ្ញៀវទេសចរណ៍នឹងអាចធ្វើដំណើរតាមជើងហោះហើរត្រង់ទៅកាន់កោះ Phuket ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក បើសិនពួកគេបានចាក់វ៉ាក់សាំងបង្ការ Covid-19 រួចហើយ។
ប្រការនេះបានបញ្ជាក់ថា ក្រុមមន្ត្រីថៃកំពុងតែប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីបើកទ្វារវិស័យទេសចរណ៍ឡើងវិញនាពេលឆាប់ៗនេះ បន្ទាប់ពីត្រូវបិទទ្វារអស់មួយរយៈពេលយ៉ាងយូរដោយសារតែ Covid-19។
យោងតាមសារព័ត៌មានជប៉ុន Nikkei អង្គភាពតាមដានសេដ្ឋកិច្ចប្រទេសថៃ ជាក្រុមប្រឹក្សាសេដ្ឋកិច្ចពិសេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានលើកឡើងសេចក្ដីសម្រេចនេះកាលពីថ្ងៃទី 26មីនា។ គណៈរដ្ឋមន្ត្រីថៃ តាមផែនការនឹងធ្វើការអនុម័តគម្រោងនេះនៅក្នុងថ្ងៃទី 30មីនាខាងមុខ។
ចាប់ពីខែកក្កដា ឆ្នាំ2021 ភ្ញៀវទេសចរណ៍នឹងអាចធ្វើដំណើរតាមជើងហោះហើរត្រង់ទៅកាន់កោះ Phuket ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែអ្នកទេសចរណ៍នឹងត្រូវតែមានលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំងបង្ការ Covid-19 រួចរាល់។
យ៉ាងនេះក្ដី ក្រុមមន្ត្រីថៃក៏កំពុងពិចារណារកវិធីសាស្ត្រផ្សេងពីនេះ។ ទេសចរមិនត្រឹមតែត្រូវបង្ហាញភ័ស្ដុតាងថា ខ្លួនបានចាក់វ៉ាក់សាំង Covid-19 រួចហើយ តែក៏នៅការត្រូវធ្វើតេស្ត PCR នៅពេលបានមកដល់ភ្លាម។ ក្រៅពីនេះ ភ្ញៀវបរទេសក៏ត្រូវទាញយកកម្មវិធីទូរស័ព្ទដែលរដ្ឋាភិបាលថៃបានដាក់ឱ្យប្រើប្រាស់ដើម្បីបម្រើដល់ការតាមដានក្នុងករណីមានទាក់ទងនឹងការឆ្លង Covid-19។
អគ្គលេខាក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ចនិងសង្គម ដែលជាស្ថាប័នបង្កើតគោលនយោបាយសំខាន់ៗរបស់ប្រទេសថៃ លោក Danucha Pichayanan ថ្លែងថា៖ «បើសិនជាប្រទេសថៃ បើកទ្វារទទួលទេសចរបានឆាប់រហ័ស យើងនឹងអាចបង្កើនប្រាក់ចំណូលបានឆាប់រហ័ស»។
វិស័យដែលពាក់ព័ន្ធនឹងទេសចរណ៍ រួមចំណែករហូតដល់ 20% នៃ GDP សរុបរបស់ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍នេះ។
ដោយសារតែផលប៉ះពាល់ពី Covid-19 កំណើនសេដ្ឋកិច្ចថៃ ធ្លាក់ចុះ 6.1% ក្រោមសូន្យ ដែលមានភាពធ្ងន់ធ្ងរបំផុតរាប់ចាប់ពីវិបត្តិហិរញ្ញវត្ថុកាលពីចុងទសវត្សរ៍ 1990។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 របស់ថៃ បានស្នើឱ្យកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កពី 14 មកនៅត្រឹម 10ថ្ងៃវិញ ដោយចាប់ផ្ដើមពីថ្ងៃទី1 មេសា 2021។ ស្ថាប័ននេះកំពុងកំណត់គោលដៅបើកទ្វារសេដ្ឋកិច្ចទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ 2021៕
ប្រភព៖ Nikkei
ប្រែសម្រួល៖ បុត្រា