Skip to content

បាតុកម្ម​ប្រឆាំង​ការរើសអើង​លើ​​ជន​ជាតិ​​អាមេរិកាំង​ដើមកំណើត​អាស៊ី កំពុង​ផ្ទុះឡើង​នៅ​សហរដ្ឋអាមេរិក

ពលរដ្ឋ​នៅក្នុង​ទីក្រុង​ចំនួន 60 នៅ​សហរដ្ឋអាមេរិក រួមមាន​ទាំង San Francisco, Los Angeles, Chicago, Detroit និង Portland បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អំពើហិង្សា​លើ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី កាលពី​ថ្ងៃទី 27មីនា​កន្លងទៅ។

មនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីប្រជុំជន Queens នៃ​ទីក្រុង New York ដើម្បី​គាំទ្រ​ដល់​ការអំពាវនាវ​ឱ្យមាន​បាតុកម្ម​ទូទាំង​សហរដ្ឋអាមេរិក។ «យើង​បាន​ឆ្លងកាត់​មហា​រោគរាតត្បាត​ពេញ​មួយឆ្នាំ និង​អំពើហិង្សា​លើ​ពលរដ្ឋ​ដើមកំណើត​អាស៊ី ចេះតែ​កើនឡើង» Judi Chang តំណាង​របស់​សម្ព័ន្ធ​ប្រឆាំង​សង្គ្រាម និង​ប្រឆាំង​ការរើសអើង​ពូជសាសន៍ ANSWER ដែលជា​អ្នកដឹកនាំ​បាតុកម្ម បាន​និយាយ​ដូច្នេះ។

Chang យល់ថា ការរើសអើង​លើ​ពលរដ្ឋ​ដើមកំណើត​អាស៊ី​កំពុង​កើនឡើង​គឺ​ដោយសារ​មូលហេតុ​នយោបាយ​ដែល​ចាត់ទុក​ចិន​ជាការ​គំរាមកំហែង។ «ពលរដ្ឋ​ដើមកំណើត​អាស៊ី​ដែល​ខ្ញុំ​បាន​ជួប សុទ្ធតែ​ធ្លាប់ជា​អ្នករងគ្រោះ​នៃ​អំពើហិង្សា ឬ​ការរំខាន» Chang បន្ថែម​ដូច្នេះ​នាទី​ក្រុង New York។ «យើង​ត្រូវគេ​បរិហារកេរ្តិ៍ និង​ត្រូវគេ​ស្រែកជេរ។ យើង​ត្រូវគេ​សម្លក់សម្លឹង គ្រប់គ្នា​ដើរគេច​ចេញ​ពេល​យើង​មកដល់»។

ករណី​បាញ់ប្រហារ​កាលពី​ថ្ងៃទី 16មីនា នៅ Atlanta ដែល​បានសម្លាប់​មនុស្ស​ចំនួន 8នាក់ ក្នុងនោះ​មាន 6នាក់​ជា​ស្ត្រី​ដើមកំណើត​អាស៊ី កាន់តែ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ទាក់ទិន​នឹង​អំពើ​ស្អប់ខ្ពើម​នៅក្នុង​អំឡុង​វិបត្តិ​សុខភាព។ បាតុករ​មួយចំនួន​នៅ Atlanta បាន​លើក​បដា​ដែលមាន​សរសេរថា៖ «និយាយថា​ទេ​ចំពោះ​ការរើសអើង​ពូជសាសន៍​លើ​ជនជាតិ​អាស៊ី!» ឬ «ឈប់​ពណ៌នា​ប្រទេស​ចិន និង​ពលរដ្ឋ​ដើមកំណើត​ចិន​តាមរបៀប​អាក្រក់!»។

«ខ្ញុំ​មិនមែនជា​វីរុស ខ្ញុំ​មិនមែនជា​សត្រូវ ខ្ញុំ​គឺជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ចិន ហើយ​ខ្ញុំ​ស្រលាញ់​ប្រជាជន​យើង» បាតុករ​ម្នាក់​បាន​លើក​បដា​បែបនេះ​នៅពេល​ចូលរួម​ធ្វើបាតុកម្ម​ជាមួយនឹង​មនុស្ស​ប្រហែល 100នាក់​ផ្សេងទៀត​នៅ​ទីប្រជុំជន​ចិន​នា​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន។

ចំណែក Irving Lee ដែលជា​បាតុករ​ម្នាក់​នៅ​តំបន់ Queens បាន​ហៅ «អំពើហិង្សា​ប្រឆាំងនឹង​ជនជាតិ​អាស៊ី» ថា​ជា «អនុផល​ដែល​កើតចេញពី​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក»។

នៅពេល Covid-19 បានចាប់ផ្ដើម​រាលដាល​នៅ​សហរដ្ឋអាមេរិក​កាលពីដើមឆ្នាំ 2020 អ្នកនយោបាយ​មួយចំនួន រួមទាំង​ប្រធានាធិបតី Donald Trump ផល​ដែរ កាលណោះ​បាន​ហៅ Covid-19 ថា​ជា «វីរុស Wuhan» ឬ «វីរុស​ចិន»។ «ខ្ញុំ​បានឃើញ​មនុស្ស​ជាច្រើន​រង​ផលប៉ះពាល់​ដោយសារ​ប្រការ​នោះ» Irving Lee ថ្លែង​ដូច្នេះ និង​បន្តថា «ពួកគេ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​តែមាន​អំពើហិង្សា​កំពុង​កើតឡើង»៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *