បាតុករភូមា (មីយ៉ានម៉ា) ចំនួន 4នាក់ទៀតបានបាត់បង់ជីវិតកាលពីថ្ងៃទី 26មីនា នាំឱ្យតួលេខអ្នកស្លាប់ដោយសារការបង្ក្រាបពីរបបយោធា ក្រោយរដ្ឋប្រហារ កើនឡើងដល់ជាង 320នាក់។
បាតុកម្មជាច្រើនកន្លែងបានកើតឡើងនៅពាសពេញប្រទេសមីយ៉ានម៉ា កាលពីថ្ងៃទី 26មីនា រួមមានទាំងតំបន់ Mandalay, Sagaing, Karen និង Chin ផងដែរ។ សាក្សីបានឱ្យដឹងថា កងកម្លាំងសន្តិសុខបានបាញ់ប្រហារទៅលើហ្វូងមនុស្សដែលកាន់ទង់ពណ៌ខ្មៅនៅភាគខាងត្បូងទីក្រុង Myeik។
«មនុស្សពីរនាក់ត្រូវបានបាញ់ចំក្បាល។ យើងមិនបាននាំយកសាកសពរបស់ជនរងគ្រោះទីបី ព្រោះតែកងកម្លាំងប្រដាប់អាវុធប្រមូលផ្ដុំគ្នានៅទីនោះ» សាក្សីម្នាក់បាននិយាយដូច្នេះ។ សាក្សីម្នាក់ទៀតប្រាប់ថា គាត់បានឃើញសាកសពទីបួន ខណៈសារព័ត៌មាន Myanmar Now ក៏បានរាយការណ៍ថា មនុស្សចំនួន 4នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Myeik។
យោងតាមតួលេខពីសមាគមសង្គ្រោះអ្នកទោសនយោបាយ (AAPP) គិតត្រឹមយប់ថ្ងៃទី 25មីនា បាតុករយ៉ាងតិចចំនួន 320នាក់បានស្លាប់ រាប់ចាប់ពីក្រោយព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ានម៉ា។
«គ្រប់គ្នាគួររៀនសូត្រពីសោកនាដកម្មនៃការស្លាប់ដ៏អាក្រក់មុននោះ។ គ្រប់គ្នាអាចប្រឈមនឹងហានិភ័យត្រូវបាញ់តម្រង់ក្បាល ឬខ្នង» របបសឹកភូមាបានព្រមានដូច្នេះកាលពីម្សិលមិញ។
ពលរដ្ឋមីយ៉ានម៉ា បាននាំគ្នាចេញធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីកងទ័ពបានធ្វើរដ្ឋប្រហារ និងបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់បក្សកាន់អំណាច កាលពីដើមខែកុម្ភៈ ឆ្នាំ2021៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា