
ក្រុមយន្តហោះយោធារបស់ចិនដីគោក រួមមានយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងដ៏ច្រើនសន្ធឹកមិនធ្លាប់មាន បានហោះទៅក្បែរកោះតៃវ៉ាន់កាលពីម្សិលមិញ នាំឱ្យតំបន់ច្រកសមុទ្រតៃវ៉ាន់កាន់តែឡើងកំដៅខ្លាំង។
ក្រុមយន្តហោះយោធាចិនដែលបានហោះក្បែរតៃវ៉ាន់កាលពីថ្ងៃទី 26មីនា រួមមាន យន្តហោះចម្បាំងពហុមុខងារ J-16 ចំនួន 10គ្រឿង, យន្តហោះចម្បាំង J-10 ចំនួន 2គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6K ចំនួន 4គ្រឿង, យន្តហោះប្រមាញ់នាវាមុជទឹក Y-8 ចំនួន 2គ្រឿង, យន្តហោះព្រមានរហ័ស KJ-500 ចំនួន 1គ្រឿង និងយន្តហោះឈ្លបយកការណ៍ Y-8 ចំនួន 1គ្រឿង។ នេះបើតាមកងទ័ពកោះតៃវ៉ាន់ដែលបានប្រកាសឱ្យដឹងក្នុងថ្ងៃដដែល។
យន្តហោះទម្លាក់គ្រាប់បែក H-6K និងយន្តហោះប្រមាញ់នាវាមុជទឹក Y-8 ហោះហើរក្នុងតំបន់ក្បែរភាគខាងត្បូងកោះតៃវ៉ាន់ ខណៈយន្តហោះដទៃធ្វើសកម្មភាពនៅតំបន់សមុទ្រចន្លោះកោះតៃវ៉ាន់ និងប្រជុំកោះ Pratas/Dongsha។

កងកម្លាំងការពារដែនអាកាសតៃវ៉ាន់ ភ្លាមៗនោះក៏បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងចេញទៅទប់ទល់ និងបានបញ្ជូនការព្រមាន ព្រមទាំងដាក់អង្គភាពការពារដែនអាកាសឱ្យស្ថិតក្នុងស្ថានការណ៍ត្រៀមប្រយុទ្ធ រហូតដល់ក្រុមយន្តហោះយោធាចិនបានចាកចេញពីតំបន់។ ភាគីចិនមិនទាន់បានបញ្ចេញការអធិប្បាយអ្វីអំពីហេតុការណ៍នេះនៅឡើយ។
នេះគឺជាយុទ្ធនាការចូលទៅកៀកកោះតៃវ៉ាន់ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់យន្តហោះយោធាចិន នៅក្នុងគ្រាដែលតៃវ៉ាន់ផ្អាករាល់សកម្មភាពហោះហើររបស់ខ្លួន បន្ទាប់ពីមានករណីធ្លាក់យន្តហោះចម្បាំង F-15 ចំនួន 2គ្រឿង។
កងទ័ពតៃវ៉ាន់បានឱ្យដឹងថា ក្នុងមួយរយៈពេលកន្លងទៅនេះ ទីក្រុងប៉េកាំងតែងតែបញ្ជូនយន្តហោះយោធាមកកាន់តំបន់សមុទ្រចន្លោះកោះតៃវ៉ាន់ និងប្រជុំកោះ Pratas។
មុននោះ ក្នុងថ្ងៃដដែល ទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីងតោន បានចុះកិច្ចព្រមព្រៀងដំបូងនៅក្នុងសម័យលោក Biden ទាក់ទងនឹងកិច្ចសហប្រតិបត្តិការល្បាតលើផ្ទៃសមុទ្រ បន្ទាប់ពីប្រទេសចិនបានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យកងកម្លាំងល្បាតសមុទ្ររបស់ខ្លួន បាញ់ប្រហារនាវាបរទេសណាដែលស្ថិតនៅលើសមុទ្រដែលចិនអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។
ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ពួកគេដែលមិនអាចកាត់ផ្ដាច់បាន និងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។ ចិនក៏បានប្រកាសជារឿយៗថា នឹងប្រើកម្លាំងបាយដណ្ដើមយកតៃវ៉ាន់មកវិញ បើសិនជាចាំបាច់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា
