
អ្នកជំងឺ Covid-19 យ៉ាងតិច 9នាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គិភ័យដែលបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយនៅជាយភាគខាងកើតនៃទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី 26មីនា។
អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា អ្នកជំងឺ Covid-19 ជាង 70នាក់ដែលកំពុងព្យាបាលនៅទីនេះ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសុខាភិបាលផ្សេងទៀត ក្នុងពេលអគ្គិភ័យខាងលើកំពុងកើតមាន។
រូបភាពដែលត្រូវផ្សាយផ្ទាល់នៅលើទូរទស្សន៍បានបង្ហាញថា ផ្សែងបាញ់ចេញពីមន្ទីរពេទ្យ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងធ្វើសកម្មភាពបាញ់ទឹក ក៏ដូចជាតាមរកអ្នកជំងឺ។ សាកសពមនុស្សយ៉ាងតិច 11នាក់ ត្រូវបានយកចេញពីអគារ។

មន្ត្រីនៅមូលដ្ឋានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះក្នុងហេតុការណ៍ មាន 2នាក់ប្រហែលជាបានស្លាប់ដោយសារ Covid-19 មុនពេលអគ្គិភ័យកើតឡើង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រង់ស្ថិតិជនរងគ្រោះ ក៏ដូចជាស្វែងរកមូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះ។
មជ្ឈមណ្ឌលហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌា កំពុងឆ្លងកាត់ដំណាក់កាលអាក្រក់បំផុតដោយសារ Covid-19។ អ្នកជំងឺ Covid-19 ថ្មីចំនួនជាង 5,500នាក់ ត្រូវបានរកឃើញកាលពីថ្ងៃទី 25មីនា ដែលនេះគឺជាតួលខខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ មន្ទីរពេទ្យនានានៅជុំវិញទីក្រុងនេះកំពុងញាប់ដៃញាប់ជើងព្យាបាលអ្នកជំងឺថ្មីដែលចេះតែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។
ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 26មីនា ឥណ្ឌារកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 62,291នាក់ នាំឱ្យតួលេខអ្នកវិជ្ជមានសរុបកើនដល់ 11,908,373នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 161,275នាក់, ជាសះស្បើយ 11,292,849នាក់ និងកំពុងព្យាបាលចំនួន 454,249នាក៕
ប្រភព៖ Aljazeera
ប្រែសម្រួល៖ បុត្រា
