Skip to content

ពលរដ្ឋ​មី​យ៉ាន​ម៉ា​រាប់ពាន់នាក់​បន្ត​ចេញ​ធ្វើបាតុកម្ម ក្រោយ «នៅ​ស្ងៀម» បាន​មួយថ្ងៃ

មនុស្ស​រាប់ពាន់នាក់​បាន​នាំគ្នា​ចេញ​ដង្ហែ​ក្បួន​ជា​បាតុកម្ម​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​នានា​នៃ​ប្រទេស​ភូមា​នា​ថ្ងៃនេះ បន្ទាប់ពី​បានធ្វើ «កូដកម្ម​ស្ងាត់ស្ងៀម» រយៈពេល​មួយថ្ងៃ ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា។

បាតុកម្ម​នា​ថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង Yangon និង Monywa រួម​នឹង​នៅ​ទីក្រុង​មួយចំនួនទៀត​នៃ​ប្រទេស​មី​យ៉ាន​ម៉ា។ នេះ​បើតាម​ក្រុម​សាក្សី និង​អត្ថបទ​បង្ហោះ​តាម​បណ្ដាញ​សង្គម។

«តើ​យើង​មាន​សាមគ្គីភាព​ដែរ ឬទេ? មាន! យើង​ត្រូវតែមាន​សាមគ្គីភាព» ក្រុមបាតុករ​នាំគ្នា​ស្រែក​ហ៊ោ​នៅ​ទីក្រុង Monywa និង​បានប្រកាសថា ការតស៊ូ​របស់​ពួកគេ «ត្រូវតែ​ឈ្នះ»។

នារី​ជា​បាតុករ​ម្នាក់ ឈ្មោះ Nant Khi Phyu Aye ឱ្យដឹងថា អ្នក​ដែល​ចូលរួម​ចលនា​បាតុកម្ម ភាគច្រើន​គឺជា​យុវវ័យ។ «ពួកគេ​ចង់​ចូលរួម​គ្រប់ពេល មិន​បោះបង់​មួយថ្ងៃ​ឡើយ»។

យោងតាម​សារព័ត៌មាន Hinthar Media ក្រុមប៉ូលិស​បាន​បង្ក្រាប​បាតុកម្ម​មួយ​នៅ Mawlamyine និង​បាន​ចាប់ខ្លួន​បាតុករ​ចំនួន 20នាក់។ មនុស្ស​យ៉ាងតិច​ពីរ​នាក់​បាន​រងរ​បួង ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​ទាក់ទិន​នឹង​ករណី​ស្លាប់ ឬ​របួស​នៅ​តំបន់ផ្សេងៗនៅឡើយ។

បាតុកម្ម​នៅ​ទីក្រុង Yangon ក្នុង​ថ្ងៃទី 25​ មីនា​

បាតុកម្ម​ខាងលើ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​ការធ្វើ «កូដកម្ម​ស្ងៀមស្ងាត់» កាលពី​ថ្ងៃទី 24មីនា នៅពេល​ពលរដ្ឋ​បាន​អំពាវនាវ​ឱ្យ​បិទទ្វារ​នៅក្នុង​ផ្ទះ នាំឱ្យ​តំបន់​ដែល​ធ្លាប់មាន​មនុស្ស​អ៊ូអរ ប្រែជា​ស្ងប់ស្ងាត់​ខុសធម្មតា។

ទំហំ​នៃ​បាតុកម្ម​នានា​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង បាន​ថយចុះ​នៅក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បន្ទាប់ពី​មាន​អំពើ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ពី​សំណាក់​របប​យោធា​មី​យ៉ាន​ម៉ា។ ក៏ប៉ុន្តែ ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​បន្ត​ចេញ​ធ្វើបាតុកម្ម ចាប់ពី​ថ្ងៃនេះ​តទៅ។

កងទ័ព​ភូមា បានធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី 1កុម្ភៈ និង​បាន​ចាប់ខ្លួន​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​នៃ​បក្ស​កាន់អំណាច​របស់លោក​ស្រី Aung San Suu Kyi ក្រោមលេស​ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ2020។ ទង្វើ​នេះ​បាន​នាំឱ្យមាន​បាតុកម្ម​កើត​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ មាន​មនុស្ស​យ៉ាងតិច 286នាក់​បាន​​ស្លាប់​​ដោយ​សារ​​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស។ នេះ​បើតាម​សមាគម​សង្គ្រោះ​អ្នកទោសនយោបាយ (AAPP)៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *