ករណីបាញ់រះចំនួន 7លើក កើតមាននៅក្នុងអំឡុងពេលតែមួយសប្ដាហ៍ បានបង្ហាញនូវទិដ្ឋភាពដែលព្រមានអំពីស្ថានភាពនៃអំពើហិង្សាប្រដាប់អាវុធនៅសហរដ្ឋអាមេរិក។
ករណីបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយនៅ Boulder ក្នុងរដ្ឋ Colorado កាលពីព្រលប់ថ្ងៃទី 22មីនា (ម៉ោងក្នុងស្រុក) បានកើតឡើងក្រោយមិនដល់មួយសប្ដាហ៍ បន្ទាប់ពីមនុស្ស 8នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់រះសំដៅទីតាំងស្ប៉ាមួយកន្លែងនៅ Atlanta។
យោងតាម CNN ករណីបាញ់រះខាងលើអាចនឹងជួយជំរុញឱ្យមានកិច្ចប្រជុំបន្ថែមអំពីច្បាប់គ្រប់គ្រងអាវុធនៅសហរដ្ឋអាមេរិក។ ហេតុការណ៍បាញ់រះនេះក៏ស្ថិតក្នុងចំណោមករណីបាញ់ប្រហារដោយកាំភ្លើងយ៉ាងតិចចំនួន 7 លើក ដែលបានកើតឡើងកាលពីសប្ដាហ៍មុននៅទូទាំងសហរដ្ឋអាមេរិក។ គ្រាន់តែនៅក្នុងថ្ងៃទី 20មីនា សហរដ្ឋអាមេរិកមានហេតុការណ៍បាញ់រះរហូតដល់ 3ករណី។
កាលពីថ្ងៃទី 16មីនា ខ្មាន់កាំភ្លើងជាជនជាតិស្បែកសម្នាក់ បានសម្រុកចូលក្នុងហាងស្ប៉ាមួយកន្លែងនៅ Atlanta និងបានបាញ់រះសម្លាប់មនុស្សចំនួន 8នាក់ ក្នុងនោះមានជនជាតិអាស៊ី 6នាក់។ ថ្ងៃទី 17មីនា នៅ Stockton រដ្ឋ California មនុស្សចំនួន 5នាក់ដែលកំពុងរៀបចំពិធីបួងសួងក៏ត្រូវបានបាញ់រះដោយជនបើកបររថយន្តម្នាក់ ប៉ុន្តែមិនបង្កឱ្យមានអ្នកស្លាប់នោះទេ។
ថ្ងៃទី 18មីនា ជនរងគ្រោះចំនួន 4នាក់នៅក្នុងករណីបាញ់រះមួយនៅទីក្រុង Portland រដ្ឋ Oregon ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ដោយសារត្រូវរបួសធ្ងន់ធ្ងរ។
ថ្ងៃទី 20មីនា មនុស្សចំនួន 5នាក់ត្រូវបានបាញ់ប្រហារក្នុងហេតុការណ៍ហិង្សាក្នុងក្លឹបរាត្រីមួយ នាទីក្រុង Houston ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។
ថ្ងៃទី 20មីនាដដែល នៅ Dallas ខ្នាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណ បានវាយប្រហារដោយកាំភ្លើង បណ្ដាលឱ្យមនុស្សចំនួន 7នាក់រងរបួស និងម្នាក់បានស្លាប់។
ក្នុងអំឡុងពេលខាងលើនោះដែរ ក៏មានមនុស្សម្នាក់បាត់បង់ជីវិត និង 5នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍បាញ់រះក្នុងពិធីជប់លៀងខុសច្បាប់មួយនៅ Philadelphia។
មកដល់ថ្ងៃទី 22មីនា ករណីបាញ់ប្រហារមួយទៀត បានកើតឡើងនៅក្នុងផ្សារទំនើប King Soopers បណ្ដាលឱ្យមនុស្សចំនួន 10នាក់ត្រូវបាត់បង់ជីវិត ក្នុងនោះក៏មានប៉ូលិសម្នាក់ផងដែរ។
តួលេខនៃអំពើបាញ់ប្រហារខាងលើ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសុវត្ថិភាពនៃអាយុជីវិតរបស់មនុស្សទូទៅ ព្រមទាំងកំពុងជំរុញឱ្យមានការពិភាក្សាបន្ថែមទៅលើច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះនៅសហរដ្ឋអាមេរិក ខណៈពលរដ្ឋនៅក្នុងរដ្ឋភាគច្រើននៃប្រទេសនេះ មានសិទ្ធិកាន់កាប់អាវុធ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក មនុស្សចំនួនជិត 40,000នាក់បានស្លាប់នៅក្នុងហេតុការណ៍ដែលពាក់ព័ន្ធនឹងកាំភ្លើង នៅក្នុងឆ្នាំ 2019។
កាលពីថ្ងៃទី 11មីនា សភាជាន់ទាបអាមេរិក បានអនុម័តលើសេចក្ដីព្រៀងច្បាប់មួយដើម្បីរិតបន្តឹងលើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងបំណងទប់ស្កាត់មិនឱ្យក្រុមមនុស្សដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ មិនអាចមានឱកាសកាន់កាប់អាវុធ។
មុននោះ នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក Biden បានប្រកាសថានឹងបង្កើតច្បាប់ហាមផលិតអាវុធ និងទិញអាវុធវាយប្រហារ ក៏ដូចជាអាវុធដែលបង្កការស្លាប់កម្រិតខ្ពស់ ទន្ទឹមនឹងការប្រមូលទិញអាវុធដែលកំពុងចរាចរណ៍នៅលើទីផ្សារ។
ក៏ប៉ុន្តែ យោងតាមការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ 2020 ដោយវិទ្យាស្ថាន Gallup បានបង្ហាញថា អត្រានៃអ្នកគាំទ្រដល់ការរិតបន្តឹងច្បាប់ប្រើប្រាស់អាវុធ កំពុងស្ថិតក្នុងកម្រិតទាបបំផុតនៅសហរដ្ឋអាមេរិក រាប់ចាប់ពីឆ្នាំ 2016៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា