Skip to content

តៃវ៉ាន់​ផ្អាក​រាល់​ការហោះហើរ​របស់​យន្តហោះ​យោធា ក្រោយ​ករណី​ធ្លាក់​យន្ត​ហោះ​ចម្បាំង​

តៃវ៉ាន់​ផ្អាក​រាល់​សកម្មភាព​ហ្វឹកហាត់ និង​ការហោះហើរ​របស់​ទ័ពអាកាស បន្ទាប់ពី​មាន​គ្រោះថ្នាក់​យន្តហោះ​ចម្បាំង F-5E បណ្ដាលឱ្យ​អ្នកបើកបរ​យ៉ាងតិច​មួយ​នាក់​បាន​បាត់​បង់ជីវិត។

«កងទ័ព​ការពារ​ដែនអាកាស​បាន​ផ្អាក​រាល់​សកម្មភាព​ហោះហើរ-ហ្វឹកហាត់​ចំពោះ​យន្តហោះ​យោធា ដើម្បី​វាយតម្លៃ​លើ​សុវត្ថិភាព ប៉ុន្តែ ភារកិច្ច​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ប្រយុទ្ធ​នៅតែ​រក្សា​ដូចដើម។ អង្គភាព​ការពារជាតិ​កំពុង​ស្វែងរក​អ្នកបើកបរ​ដែល​បាន​បាត់​ខ្លួន​ក្នុងអំឡុងពេល 72ម៉ោង» មេបញ្ជាការ​កងទ័ព​ការពារ​ដែនអាកាស​តៃវ៉ាន់ ឧ​ត្ត​ម​សេនីយ៍ Huang Chih-wei បានឱ្យដឹង​កាលពី​ម្សិលមិញ។

សេចក្ដីសម្រេច​ខាងលើ​ត្រូវបាន​ដាក់ចេញ ក្រោយពី​ករណី​យន្តហោះ​ចម្បាំង F-5E ចំនួន​ពីរ​គ្រឿង បាន​ធ្លាក់ចូល​សមុទ្រ​ក្នុងពេល​កំពុង​ហោះហើរ​ហ្វឹកហាត់។ «ការស្រាវជ្រាវ​បឋម​បាន​បង្ហាញថា នេះ​អាចជា​ករណី​ប៉ះទង្គិច​គ្នា​នៅលើ​អាកាស ដោយ​មិន​ទទួលរង​ឥទ្ធិពល​ពី​កត្តា​បច្ចេកទេស និង​អាកាសធាតុ» នេះ​បើតាម​ឧ​ត្ត​ម​សេនីយ៍ Huang។

កៅអី​រំដោះ​ជីវិត​របស់​​យន្តហោះ​ F-5E

យន្តហោះ​ចម្បាំង F-5E ពីរ​គ្រឿង បាន​ធ្លាក់​នៅលើ​លម្ហ​សមុទ្រ​ភាគ​ខាងកើត​នៃ​ស្រុក Pingtung ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់ ក្រោយពី​បាន​ប៉ះគ្នា។ អ្នកបើកបរ​ម្នាក់ អាយុ 28ឆ្នាំ ត្រូវបាន​រកឃើញ​ក្នុងស្ថានភាព​ដែល​អាច​នៅមាន​ជីវិត ប៉ុន្តែ ការប្រឹងប្រែង​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​បានទទួល​បរាជ័យ និង​ត្រូវបាន​គេ​បញ្ជាក់ថា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ។

ចំណែក​អ្នកបើកបរ​ម្នាក់ទៀត​ដែលមាន​អាយុ 26ឆ្នាំ មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក្រុមមន្ត្រី​តៃវ៉ាន់ បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង និង​នាវា​ល្បាត​ចំនួន 6គ្រឿង​ដើម្បី​ស្វែងរក​អ្នកបើកបរ​យន្តហោះ​ដែល​កំពុង​បាត់​ខ្លួន។

F-5 គឺជា​យន្តហោះ​ចម្បាំង​ធន់​ស្រាល ត្រូវបាន​អភិវឌ្ឍ​ដោយ​សហរដ្ឋអាមេរិក​តាំងពី​ទសវត្សរ៍ 1972 ខណៈដែល​កំណែ F-5E Tiger II បាន​ហោះហើរ​ដំបូង​ក្នុងអំឡុង​ទសវត្សរ៍ 1972។ តៃវ៉ាន់​បានទទួល F-5E ដំបូង​ចាប់ពី​ឆ្នាំ 1975 ហើយ​បច្ចុប្បន្ន F-5E និង​កំណែ​ល្បាត​ប្រយុទ្ធ RF-5E ចំនួន 25គ្រឿង​កំពុង​ត្រូវបាន​ប្រើប្រាស់ ចំណែក 90-100គ្រឿង​ទៀត កំពុងស្ថិត​ក្នុងស្ថានភាព​រក្សាទុក​ក្នុង​ឃ្លាំង។

កាលពី​ខែតុលា 2020 យន្តហោះ​ចម្បាំង F-5E មួយគ្រឿង​របស់​តៃវ៉ាន់ ក៏បាន​ដាំ​ក្បាល​ចូល​សមុទ្រ ក្រោយពី​មាន​បញ្ហា​ម៉ាស៊ីន បណ្ដាលឱ្យ​អ្នកបើកបរ​ត្រូវ​បាត់បង់​ជីវិត។ ខែធ្នូ ឆ្នាំ​ដដែល អ្នកបើកបរ F-16 មួយគ្រឿង​របស់​តៃវ៉ាន់ បាន​ស្លាប់ ​ព្រោះ​​តែ​​យន្តហោះ​នេះ​បាន​ធ្លាក់​នៅពេល​កំពុងធ្វើដំណើ​រ​ទៅ​ចូលរួម​សកម្មភាព​ហ្វឹកហាត់​នាពេល​យប់។

ឧ​ត្ត​ម​សេនីយ៍ Shen Yi-ming មេបញ្ជាការ​កងទ័ព​តៃវ៉ាន់ រួម​នឹង​មន្ត្រី​យោធា 7នាក់​ផ្សេងទៀត ក៏បាន​បាត់បង់​ជីវិត​កាលពី​ខែមករា 2020 បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ដែល​ដឹក​ពួកគេ បាន​បុក​នឹង​ភ្នំ ក្នុង​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម​ទាហាន​នៅ​តំបន់ភ្នំ ក្បែរ​ខាង​​ទីក្រុង​តៃប៉ិ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *