កាលពី 8ឆ្នាំមុន កិច្ចប្រជុំក្នុងប្រធានបទដ៏វែងអន្លាយមួយស្ដីពី “ខ្លឹមសារដែលពាក់ព័ន្ធ និងចំណុចពិចារណា នៃផែនការកែសម្រួលស្ថាប័ន និងការធ្វើការងាររបស់សភានៃរដ្ឋ” របស់សភាប្រជាជននៃប្រជាជាតិចិន ដែលជាកិច្ចប្រជុំសម័យទី12 បានក្លាយជាព័ត៌មាន និងទទួលបានការចាប់អារម្មណ៍ពីសាធារណជនយ៉ាងច្រើនលើសលប់ និងមិនគួរឱ្យជឿ។
ប្រាកដណាស់! មិនមែនមកពីខ្លឹមសាររបស់កិច្ចប្រជុំនោះទេ តែដោយសារតែអ្នកបកប្រែស្រីស្អាតម្នាក់ ដែលមានឈ្មោះថា ចាងជីង ហ្នឹងឯង ដែលមកដល់ថ្ងៃនេះ នាងបានវិលមកល្បីល្បាញជាថ្មីម្ដងទៀតហើយ…។
ចាងជីង ជាអ្នកស្រុកហាំងចូ ចាប់ផ្ដើមចេញពន្លឺលេចធ្លោឡើង ដោយសារការរៀនផ្នែកភាសាបរទេស នៅមហាវិទ្យាល័យ ក្នុងស្រុកកំណើត រហូតត្រូវបានជ្រើសរើស ឱ្យទៅសិក្សាបន្តនៅឯស្ថាប័នការសិក្សាដ៏ល្បីល្បាញមួយ ជាមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ ស្ថិតនៅក្នុងទីក្រុងប៉េកាំង ដែលតែងតែជ្រើសរើសចម្រាញ់យកតែនិស្សិតណា ដែលមានភាពលេចធ្លោជាពិសេសផ្នែកភាសា ចំនួន 200នាក់ ពីទូទាំងប្រទេស ឱ្យមកសិក្សាបន្ត ដើម្បីបំពេញតួនាទីលើផ្នែកការបរទេសរបស់រដ្ឋបាលចិន ហើយចាងជីង ក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ។
លក្ខណសម្បត្តិផ្ទាល់ខ្លួន របស់ចាងជីង អាចនិយាយបានថា មានភាពលេចធ្លោ មកតាំងពីសម័យជានិស្សិតស្រាប់ទៅហើយ និងក្លាយជាទីគោរពរាប់អានរបស់សិស្សជំនាន់ប្អូនជាច្រើន ហើយថែមទាំងធ្លាប់បានចូលរួមប្រកួតប្រជែងជំនាញផ្នែកភាសា រហូតទទួលបានរង្វាន់លំដាប់ថ្នាក់ជាតិរួចមកហើយជាច្រើនដង រួមទាំងការដណ្ដើមបានរង្វាន់ ការថ្លែងសុន្ទរកថា ជាភាសាអង់គ្លេស កាលពីសម័យនៅជានិស្សិតទៀតផង។
រហូតនៅពេលបានទទួលការដាក់បញ្ចូលឈ្មោះជាមន្ត្រីរបស់រដ្ឋបាលចិន ចាងជីង ក៏បានបង្ហាញនូវភាពលេចធ្លោ ក្នុងការបំពេញតួនាទី នៅក្នុងកិច្ចប្រជុំក្នុងកម្រិតអន្តរជាតិ រហូតលេចចេញជាព័ត៌មាន ទាំងលើប្រព័ន្ធផ្សព្វផ្សាយរបស់ចិនខ្លួនឯង និងក្នុងសារព័ត៌មានអន្តរជាតិទៀតផង។
រហូតមកដល់ថ្ងៃនេះ ឈ្មោះចាងជីង បានវិលត្រឡប់មកក្លាយជាព័ត៌មានល្បីល្បាញជាថ្មីម្ដងទៀត ជាមួយការបំពេញតួនាទី ជាអ្នកបកប្រែនៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មកំពូល រវាងចិន និងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ឃ្លីប ដែលចាងជីងបំពេញតួនាទី ដែលមានអ្នកទស្សនានៅក្នុងប្រទេសចិនដីគោករាប់សិបលានដង និងរឿងរ៉ាវ ជាមួយរូបភាពរបស់នាង ថែមទាំងត្រូវបានបង្ហាញឡើងនៅក្នុងប្រព្ធ័ន្ធផ្សព្វផ្សាយបរទេសជាច្រើនផងដែរ។
នៅក្នុងបទសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន ចាងជីង បានប្រាប់ថា នាងគ្រាន់តែជាជនជាតិចិនធម្មតាៗម្នាក់ ដែលចូលចិត្តអានវណ្ណកម្មរបស់ចិន និងតាំងចិត្តរៀនសូត្រតាមប្រក្រតីតែប៉ុណ្ណោះ។
អ្នកយកព័ត៌មាន បានសួរថា តើហេតុអីបានអ្នកនាង មើលទៅមានទឹកមុខ ហាក់ដូចជាមាំម៉ឺងម៉ាត់ ពេលបំពេញការងារ? ចាងជីងប្រាប់ថា ទឹកមុខដែលនាងធ្វើ គឺត្រូវការបង្ហាញភាពគួរឱ្យគោរពជឿជាក់ ដូច្នេះហើយទើបនាងមិនអាចញញឹមញញែម ឬសើចលេងអ្វីបានច្រើននោះទេ។
កំលោះៗជនជាតិចិនជាច្រើន សុទ្ធតែប្រាប់ថា ចាងជីង គឺជាស្ត្រីក្នុងក្ដីសុបិនរបស់ពួកគេយ៉ាងពិតប្រាកដ ចំណែកនារីៗជាច្រើននាក់វិញ ប្រាប់ថា នេះគឺជាកម្លាំងជំរុញចិត្តរបស់ពួកគេដូចគ្នា និងថែមទាំងមានអ្នកប្រាប់ថា រូបសម្ផស្សរបស់នាង មើលទៅហាក់ស្រដៀងនឹងតារាស៊ូភើរស្តាររបស់ចិនដីគោកម្នាក់ ឈ្មោះ ចៅវើយ មែនទែន៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ ទិទីតំតាតូ